ទ្រូម៉ាន់នី និង​ ចំរើន ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម

ទ្រូម៉ាន់នី​ដែល​ជា​ក្រុម​ហ៊ុន​វេរ​លុយ​ដ៏​ល្បី​ល្បាញ​មួយ​កំពុង​តែ​ពង្រីក​វិសាល​ភាព​និង​កិត្តិនាម​របស់​ខ្លួន​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ បាន​រៀបចំ​នូវ​កម្មវិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង ស្តី​ពី​សហ​ប្រតិបត្តិការ​អាជីវកម្ម​លើ​សេវា​កម្ម​បង់​វិក្កយបត្រ​ជា​មួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចំរើន។

 

ទ្រូម៉ាន់នី និង​ ចំរើន  ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម

 

នៅ​ក្នុង​កម្មវិធី​ចុះ​ហត្ថលេខា កាល​ថ្ងៃ​ទី​៣ ខែឧសភា លោក​ គង់ មាន នាយក​គ្រប់​គ្រង​ទូទៅ​ ក្រុមហ៊ុន​ទ្រូម៉ាន់នី​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​ «ក្រុមហ៊ុន​ ទ្រូម៉ាន់នី ​ខេមបូឌា​បាន​សហការ​ជា​ដៃគូ​ជាមួយ​ធនាគារ​ហ្វីលីព​ដែល​បាន​ទទួល​អាជ្ញា​ប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​លើ​សេវាកម្ម​ផ្ទេរ​ប្រាក់​ បង់​វិក្កយបត្រ​ បើក​ប្រាក់​បៀវត្សរ៍​បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ និង​ការ​ទូទាត់​សាច់​ប្រាក់​ទូទៅ ។ បច្ចុប្បន្ន​ក្រុម​ហ៊ុន​យើង​ខ្ញុំ​មាន​ភ្នាក់ងារ​ប្រមាណ​ជា 5 ពាន់​ភ្នាក់ងារ​ ទូ​ទាំង​២៥​ខេត្ត/ក្រុង​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​យើង​នៅ​តែ​បន្ត​ពង្រីក​ភ្នាក់ងារ​ឱ្យ​កាន់​តែ​ច្រើន​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ទ្រូម៉ាន់នី​ ក៏​ដូច​ជា​អតិថិជន​របស់​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​ ទ្រូម៉ាន់នី​ផង​ដែរ។

 

លោក​ គង់ ​មាន បាន​បន្ត​ទៀត​ថា៖ ថ្ងៃនេះ​ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​កិត្តិយស​ក្នុង​ការ​ក្លាយ​ជា​ដៃគូ​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ចំរើន ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដ៏​ល្បី​មួយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ចំរើន ទាំង​អស់ អាច​បង់​សង​ឥណទាន តាម​រយៈ​ភ្នាក់ងារ​របស់ ទ្រូម៉ាន់នី  ទូ​ទាំង​២៥​ខេត្ត/ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា»។

 

ទ្រូម៉ាន់នី និង​ ចំរើន  ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម

 

នៅ​ក្នុង​កម្មវិធី ចុះ​ហត្ថលេខា នោះ​ដែរ​ លោក ផេង ​រក្សា ប្រធាន​នាយក​ប្រតិបត្តិ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ចំរើន បាន​មាន​ប្រសាសន៍​ថា ចំរើន​បាន​ចាប់​បដិសន្ធិ​ឡើង​នា​ដើម​ឆ្នាំ២០០៦ ក្រោម​​​គំនិតផ្តួចផ្តើម​របស់​អង្គការ​បារាំង​អន្តរជាតិ Entrepreneurs du Mond​e​ ។ នៅ​ដើម​ឆ្នាំ​២០០៩ គ្រឹះស្ថាន​មួយ​នេះ​បាន​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន និង​ទទួល​បានការ​អនុញ្ញាត​ជា​ផ្លូវការ និង​ដោយ​ស្រប​ច្បាប់​ពីធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ផ្តល់​សេវា​មីក្រូ​ហិរញ្ញវត្ថុ។ បច្ចុប្បន្ន គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ចំរើន មាន​ការិយាល័យ​ចំនួន៣៤ ប្រតិបត្តិការ​ក្នុង​បណ្តា​ខេត្ត/រាជធានី​ចំនួន១៦ ដែល​បម្រើ​អតិថិជន​សកម្ម​ចំនួន​ប្រមាណ៣៩០០០ នាក់ ដោយ​មាន​ផលបត្រ័​ឥណទាន​សរុប​ប្រមាណ​ជាង​៩លាន​ដុល្លារ​អាមេរិក។

 

លោក ផេង រក្សា បាន​សង្កត់​ធ្ងន់​ថា៖ សម្រាប់​សេវាកម្ម​នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​សម្រប​សម្រួល​ទៅ​ដល់​ដៃគូ​ក្នុង​ការ​ទូទាត់​ឥណទាន​មក ចំរើន តាម​រយៈ​ភ្នាក់ងារ​ទ្រូម៉ាន់នី ប្រមាណ​៥០០០​កន្លែង នៅ​ទូទាំង​២៥​ខេត្ត-រាជធានី​ក្នុង ព្រះរាជាណាចក្រ កម្ពុជា​ជាមួយ​នឹង​តម្លៃ​ត្រឹម​តែ ១៦០០រៀល​ប៉ុណ្ណោះ​សម្រាប់​មួយ​ប្រតិបត្តិការ ដែល​នេះ​គឺជា​ការ​ផ្តល់​ជូន​ជម្រើស​ពិសេស​ថ្មី​មួយ​ទៀត​ដល់​ដៃគូ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចំរើន ដែល​ភាគ​ច្រើន​មាន​ការ​មមាញឹក​នឹង​អាជីវកម្ម ហើយ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​មក​បង់​ប្រាក់​ដោយ​ផ្ទាល់ ព្រោះ​មាន​លំនៅដ្ឋាន​នៅ​ឆ្ងាយ​ពី​ការិយាល័យ​ ចំរើន ឬ​មាន​ធុរៈ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​មិន​អាច​ធ្វើការ​បង់​ប្រាក់​បាន។

 

ជាមួយ​គ្នា​នេះ​ផង​ដែរ ខ្ញុំ​ជឿ​ជាក់ និង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា សេវា​បង់​វិក្កយបត្រ​នេះ​នឹង​ផ្តល់អត្ថប្រយោជន៍​​​ និង​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ដល់​ដៃគូ ក្នុង​ការ​ទូ​ទាត់ ឥណ​ទាន​មកចំរើន ជាមួយ​តម្លៃ​សេវា​សមរម្យ ដំណើរ​ការ​ងាយ​ស្រួល ចំណេញ​ពេល​វេលា ថវិកា សុវត្ថិភាព និង​បត់បែន​ជូន​ដៃគូ ដែល​ពួក​គាត់​អាច​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​ភ្នាក់ងារ​របស់ ទ្រូម៉ាន់នី​ទោះ​បី​ជា​ថ្ងៃឈប់​សម្រាក​ក៏ដោយ៕

 

ទ្រូម៉ាន់នី និង​ ចំរើន  ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម

 

អត្ថបទៈ ពាណិជ្ជកម្ម