គណៈ​គ្រូពេទ្យ​ជាតិ​ជំរុញ​ឲ្យ​គ្រូពេទ្យ​បន្ត​ពង្រឹងសមត្ថភាព និង​ក្រមសីលធម៌​

​សៀមរាប​៖ គ្រូពេទ្យ​ទាំងអស់ ត្រូវមាន​ជំនាញ​ឫ​សមត្ថភាព ដើម្បី​ព្យាបាល​អ្នកជំងឺ​។ តែ​ទន្ទឹមនឹងនោះ គ្រូពេទ្យ​ក៏​មិនអាច​ភ្លេច​ពី​ក្រមសីលធម៌​របស់ខ្លួន​ដែរ​។ ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា បាន​ជំរុញ​ឲ្យ​គ្រូពេទ្យ​ទាំងអស់ បន្ត​ពង្រឹងគុណភាព និង​សុវត្ថិភាព ប៉ុន្តែ​ចាំបាច់​ត្រូវមាន​សមត្ថភាព និង​ក្រមសីលធម៌​ផងដែរ​។​

​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា លោក​សាស្ត្រាចារ្យ ធា គ្រុយ បាន​កោតសរសើរ​ចំពោះ​ក្រុមគ្រូពេទ្យ​កម្ពុជា ដែល​បាន​បំពេញការងារ និង​ជួយ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​កម្ពុជា ឲ្យ​មាន​ភាព​រីកចម្រើន​។ លោក ធា គ្រុយ បន្តថា ការថែទាំ​អ្នកជំងឺ ទាមទារ​ឲ្យ​គ្រូពេទ្យ​មាន​សមត្ថភាព និង​សីលធម៌​ខ្ពស់​។​

​លោក ធា គ្រុយ បន្ត​លើកឡើងថា ការថែទាំ​អ្នកជំងឺ​មាន​ច្រើន​ទម្រង់ ដែល​ផ្គុំ​ឡើង​ដើម្បី​ឲ្យ​ការថែទាំ​ជំងឺ​ល្អប្រសើរ​ទៅបាន និង​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។ យ៉ាងណា​លោក​សាស្ត្រាចារ្យ​ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា បានបញ្ជាក់​ពី​កត្តា​ពីរ​សំខាន់ ដែល​ចាប់​បាច់​សម្រាប់​គ្រូពេទ្យ នោះ​គឺ​សមត្ថភាព និង​ក្រមសីលធម៌​។ «​គ្រូពេទ្យ​ម្នាក់ៗ ត្រូវតែមាន​ម្នាក់​មួយកញ្ចប់​នេះ​។ មិនអាច​មាន​មួយ ខ្វះ​មួយ​បានទេ គឺ​វា​ជា​កញ្ចប់​តែមួយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ធា គ្រុយ​។​

​ក្នុង​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៥ ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​៤ ឧសភា​នេះ លោក ធា គ្រុយ ថា​មានបំណង​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព និង​បច្ចេកទេស​គ្រូពេទ្យ​។ លោក​បន្ថែមថា ប្រធានបទ​ដែល​ពាក់ព័ន្ធ​ក្នុងការ​ពិភាក្សា​ក្នុង​សិក្ខាសាលា​នេះ គឺ​ការយល់ដឹង​ពី​ថ្នាំ​ផ្សះ ជាមួយ​ជំងឺ​បង្កដោយ​មេរោគ ដែលជា​ទូទៅ​វា​បាន​បង្កើតជា​បញ្ហា​។ លោក​ថា អ្នក​ដែល​ប្រហែស​ក្នុង​បញ្ហា​នេះ មាន​អ្នកជំងឺ គ្រូពេទ្យ និង​អ្នកលក់​ថ្នាំ​។ ប៉ុន្តែ​ក្នុងនោះ គ្រូពេទ្យ​ជា​កត្តា​កំណត់ និង​ទាមទារ​ឲ្យ​ច្បាស់លាស់​បំផុត ទាក់ទង​នឹង​ការប្រើប្រាស់​ថ្នាំ​ផ្សះ​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ធា គ្រុយ មុននឹង​លោក​ស្នើ​ឲ្យ​គ្រូពេទ្យ​ទាំងអស់ ចាប់អារម្មណ៍​នឹង​ការស្រាវជ្រាវ​បន្ថែម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​។​

​នេះ​ជា​លើក​ទី​៥​ហើយ ដែល​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានទទួល​រៀបចំ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​បន្ត​។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រួស សារ៉ាត់ បាន​និយាយថា ក្នុង​ទិវា​នេះ​មានការ​ពិភាក្សា​ជា​ទៀងទាត់ ហើយ​មួយ​លើកៗ​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​។ លោក ក្រួស សារ៉ាត់ បន្ថែមថា កិច្ចពិភាក្សា​បាន​ខិតខំ​ស្វែងរក​ការអភិវឌ្ឍ នៅក្នុង​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ ក្នុង​ការងារ​លើកកម្ពស់​សេវា​សុខាភិបាល​កម្ពុជា​។ លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា មិនមែន​គ្រូពេទ្យ​ខ្មែរ​អន់​ជាង​គ្រូពេទ្យ​បរទេស​ទេ តែមាន​ការងារ​មួយចំនួន ទាមទារ​ឲ្យ​ពិភាក្សា និង​សិក្សា​ស្វែងយល់ ដើម្បី​មានការ​រីកចម្រើន​។

​គួរ​បញ្ជាក់ថា កិច្ចពិភាក្សា​នឹង​បន្តធ្វើ​រយៈពេល​ពេញ​មួយថ្ងៃ ហើយ​បទ​បង្ហាញ​មាន​គ្រូពេទ្យ​មកពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​គ្រូពេទ្យ​កុមារ​អង្គរ​។ បទ​បង្ហាញ គឺ​សុទ្ធសឹង​ជា​បទពិសោធន៍​របស់​ក្រុមគ្រូពេទ្យ ទាក់ទង​នឹង​វេជ្ជសាស្ត្រ គុណភាព និង​ច្បាប់​គ្រូពេទ្យ​ផងដែរ​៕