រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវ​រិល​រង​ការរិះគន់​ពី​បុគ្គលិក​ថា​ចែក​លុយ​គ្មាន​យុត្តិធម៌ និង​តម្លាភាព​

ប្រភពព័ត៌មាន​ពី​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​រាយការណ៍​នៅក្នុង​សប្តាហ៍​នេះ​ថា កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ អគ្គនាយក​រដ្ឋបាល និង​កិច្ចការ​ទូទៅ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បានចេញ​សេចក្ដីជូនដំណឹង​ដល់ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ថ្នាក់កណ្ដាល ចំណុះ​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​ទាំងអស់ មក​បើកប្រាក់​ឧបត្ថម្ភ​នៅ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦​ខាងមុខនេះ ដែល​ការប្រកាស​នេះ​បាន​ញ៉ាំង​ឲ្យ​មន្ត្រី​រា​ការ និង​បុគ្គលិក​នៅក្នុង​ស្ថាប័នរដ្ឋ​មួយ​នេះ​សម្តែង​ការព្រួយបារម្ភ​គ្រប់ៗ​គ្នា និង​រិះគន់​យ៉ាងខ្លាំង​។​

​ការប្រកាស​ផ្ដល់ប្រាក់​ឧបត្ថម្ភ​នេះ ត្រូវបាន​បុគ្គលិក​ភាគច្រើន អះអាងថា​គ្មានអ្វី ក្រៅពី​លុយ​បានមកពី​ការដោះដូរ ទីតាំង​អគារ​រដ្ឋលេខាធិការដ្ឋាន​នោះទេ ហើយ​ពួកគាត់​ឮថា​បុគ្គលិក​ម្នាក់ៗ ទំនង​បាន​៣០០ ទៅ​៤០០​ដុល្លារ​តែប៉ុណ្ណោះ​។ មន្ត្រីរាជការ​បម្រើការ​ងារ​នៅក្នុង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​រិះគន់ថា​រាប់សិប​ឆ្នាំ​ហើយ​ដែល​ទីតាំង​ស្ថាប័ន​របស់​រដ្ឋ​ដែលមាន​ទីតាំងនៅ​កណ្តាល​ក្រុង​មានតម្លៃ​ខ្ពស់​ត្រូវបាន​ថ្នាក់ដឹកនាំ​ស្ថាប័ន និង​អ្នកមានអំណាច​ពាក់ព័ន្ធ​ផ្សេងទៀត​ឃុបឃិត​លក់​ឲ្យ​ឈ្មួញ​យកប្រាក់​ចែកគ្នា​ក្រោមរូបភាព​ដោះដូរ​ផ្សេងៗ ខណៈ​មន្ត្រីរាជការ និង​បុគ្គលិក​ក្រោម​ឱវាទ​បាន​ប្រាក់​ឧបត្ថម​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា កាលពី​៤ ទៅ​៥​ឆ្នាំមុន ទីតាំង​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ត្រូវបាន​គេ​លើក​គម្រោង​ដោះដូរ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ម្ដង​ហើយ តែ​កាលណោះ​តម្លៃ​នៃ​ការដោះដូរ ជាង​៣​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ថ្នាក់លើ​គ្រោង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក​ម្នាក់ៗ​ពី​បី​ទៅ​បួន​រយ​ដុល្លារ​ដែល​បុគ្គលិក​ភាគច្រើន មិន​សុខចិត្ត​ក៏​សរសេរ​លិខិត​ប្ដឹងទៅ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ឲ្យ​ផ្អាក និង​ធ្វើការ​វាយតម្លៃ​ឡើងវិញ​ដែល​ទំនងជា​ខ្លាច​មានការ​តវ៉ា​ខ្លាំង​ពី​មន្ត្រីរាជការ​។

​ចំពោះ​តម្លៃ​នៃ​ការដោះដូរ​បច្ចុប្បន្ន​ត្រូវបាន​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅក្នុង​ស្ថាប័នរដ្ឋ​ខាងលើ​បង្ហើប​ថា​មាន​ជាង​៦​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​នឹងធ្វើ​ការសាងសង់​អគារ នៅ​លើដី​រដ្ឋ​ក្នុង​បរិវេណ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឲ្យ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ពួកគាត់​នឹង​តាមដាន​បញ្ហា​ខាងលើនេះ​បន្តទៀត ហើយ​បើ​គ្មាន​ភាពយុត្តិធម៌ និង​តម្លាភាព ពួកគាត់​នឹងធ្វើ​ការតវ៉ា​ឲ្យ​ដល់ទី​បញ្ចប់ ដោយ​មិន​បណ្តែតបណ្តោយ​ឲ្យ​អ្នកមានអំណាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ហើយ​ទុក​ឲ្យ​មន្ត្រីក្រោមឱវាទ​រងគ្រោះ និង​បង្ក​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ​៕

AIRPORT PHNOM PENH