ប៉ោយ​ប៉ែ​ត​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​ប្រកួតប្រជែង​ទីផ្សារ​អាស៊ាន

ខេត្តបន្ទាយមានជ័យ ៖ បច្ចុប្បន្ន សក្ដានុពល​ពាណិជ្ជកម្ម និង​សកម្មភាព​នានា​នៅ​ក្នុង​តំបន់​ប៉ោយ​ប៉ែ​ត អាច​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់​សម្រាប់​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត ។

អភិបាលក្រុង​ប៉ោយ​ប៉ែ​ត លោក ង៉ោ ម៉េ​ង​ជ្រួ​ន បាន​មាន​ប្រសាសន៍​ថា​៖ « តំបន់​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម ឧស្សាហកម្ម​ពិសេស ហើយ​ពេល​នេះ​ចាប់ផ្ដើម​មាន​អ្នក​វិនិយោគ​ធំ​ៗ​ចាប់អារម្មណ៍​សិក្សា និង​វិនិយោគ ព្រមទាំង​មាន​អ្នក​វិនិយោគ​ធំ​ៗ​មួយ​ចំនួន​បាន​មក​វិនិយោគ ដោយសារ​តែ​តំបន់​នេះ​មាន​លក្ខណៈ​ភូមិសាស្ត្រ​អំណោយផល និង​លក្ខណៈ​វិទ្យាសាស្ត្រ ។ តំបន់​ប៉ោយ​ប៉ែ​ត ជា​តំបន់​ដែល​មាន​ជាយ​ដែន​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​តំបន់​នេះ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់ និង​ផ្លូវដែក ។ ដូច្នេះ​ហើយ​វា​បាន​ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន និង​ធ្វើ​ពាណិជ្ជកម្ម​រវាង​ថៃ និង​កម្ពុជា » ។

លោក​អភិបាលក្រុង​បន្ត​ថា ៖ « សព្វ​ថ្ងៃនេះ  ក្រុង​ប៉ោយ​ប៉ែ​ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​២  ដែល​បាន​ផ្ដល់​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេង​ៗ​ទៀត ។ តំបន់​សេដ្ឋកិច្ច​ទាំង​ពីរ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​តំបន់​សេដ្ឋកិច្ច Chhay Chhay Investment និង​តំបន់ឧស្សាហកម្ម​ពិសេស​សាន់​កូ ដែល​កំពុង​ដំណើរការ​សព្វថ្ងៃ​នេះ ។ តំបន់ឧស្សាហកម្ម​ពិសេស Chhay Chhay Investment មាន​រោងចក្រ​កំពុង​ដំណើរការ​ចំនួន​៤ និង​២​រោងចក្រ​ទៀត​កំពុង​ដំណើរការ​សាងសង់ ។

ដោយឡែក តំបន់ឧស្សាហកម្ម​ពិសេស​មួយទៀត​នោះ គឺ​មាន​រោងចក្រ​១ កំពុង​តែ​ដំណើរការ​ក្នុង​តំបន់ តែ​តំបន់​នេះ​មាន​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​និង​កំពុង​សិក្សា​ដើម្បី​វិនិយោគ ក្នុង​នោះ​ក្រុមហ៊ុន​តូ​យ៉ូ​តា ក៏​កំពុង​រៀបចំ​ដំណើរការ​សាងសង់​រោងចក្រ​ផង​ដែរ » ។

លោក​បន្ថែម​ទៀត​ថា ៖ « ក្នុង​ចំណោម​រោងចក្រ​ទាំង​៥ ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់ឧស្សាហកម្ម​ពិសេស​ទាំង​ពីរ​នេះ គឺ​បាន​ផ្ដល់​ការងារ​ជូន​កម្មករ​-​កម្មការិនី​ប្រមាណ​ជា​៧​ពាន់​នាក់  ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦-២០១៧​ខាង​មុខ​នេះ នៅ​ពេល​មាន​រោងចក្រ​ថ្មី​បើក​ដំណើរការ គឺ​អាច​នឹង​ត្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ប្រមាណ​ពី​៨០០​នាក់​ទៀត ។

ក្រៅពី​នោះ មាន​រោងចក្រ​មួយ​ដែល​នឹង​បើក​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​នេះ បាន​ដាក់​លិខិត​សំណើសុំ​អន្តរាគមន៍ ប្រកាស​រក​កម្មករ​-​កម្មការិនី​ប្រមាណ​៣​ពាន់​នាក់​ទៀត​ឱ្យ​ចូល​បម្រើ​ការងារ » ។

គួរ​បញ្ជាក់​ថា ឆ្លើយ​តប​នឹង​ការ​អភិវឌ្ឍ ក៏​ដូច​ជា​ទំនាក់ទំនង​ជាមួយ​ភាគី​ប្រទេស​ថៃ សព្វ​ថ្ងៃនេះ កម្ពុជា​-​ថៃ​បាន​និង​កំពុង​រៀបចំ​ដំណើរការ​សាងសង់​ស្ពាន​ថ្មី​មួយទៀត ដើម្បី​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ងាយស្រួល ៕