សហភាព​អឺរ៉ុប​ចង់​ឲ្យ​កម្ពុជា​ធានា​ការ​វិនិយោគ​ដែល​មិន​ប្លន់​ដី​រាស្ត្រ

ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប លើក​ទី​៩ នៅ​ថ្ងៃ​ទី​០៤ ឧសភា នៅ​ក្រសួង​ការបរទេស​កម្ពុជា ប្រធាន​ផ្នែក​អាស៊ី​ខាង​កើត នៃ​សហភាព​អឺរ៉ុប លោក ភីធឺ ប៊ឺស (Peter Berz) ថ្លែង​បញ្ជាក់​ថា សហភាព​អឺរ៉ុប ចង់​ឃើញ​ប្រទេស​ដែល​ប្រទេស​កម្ពុជា ដែល​នាំ​ទំនិញ​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​អឺរ៉ុប ធានា​បាន​ថា គ្មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ការ​ប្លន់​យក​ដីធ្លី ឬ​រឹបអូស​យក​ដី​ប្រជាពលរដ្ឋ នៅ​ពេល​ធ្វើ​ការ​វិនិយោគ។

ការ​ថ្លែង​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​នេះ សំដៅ​ទៅ​លើ​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ផលិត​ស្ករស នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា។

សហភាព​អឺរ៉ុប បញ្ជាក់​ថា ខ្លួន​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ស្ករស​នេះ ចេញ​ជា​សកម្មភាព​ជាក់ស្ដែង។

ភាគី​កម្ពុជា​វិញ បាន​ពន្យល់​ប្រាប់​សហភាព​អឺរ៉ុប ពី​ស្ថានភាព​វិវត្ត​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ស្ករស​នេះ។

អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ បាន​ផ្ដល់​អាជ្ញាសឹក​ដល់​រដ្ឋបាល​ថ្នាក់​ខេត្ត​ ដើម្បី​សម្របសម្រួល​ក្នុង​ដំណើរ​ការ​ស្វែង​រក​ដំណោះ​ស្រាយ បញ្ចប់​ជម្លោះ​ដីធ្លី​នេះ។

កិច្ច​ប្រជុំ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប
គណៈប្រតិភូ​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប លើក​ទី​៩ នា​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth

លោក​ក៏​បាន​លើក​ឡើង​ពី​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ ដែល​ដក​យក​ដីសម្បទាន​សេដ្ឋកិច្ច​មក​វិញ ហើយ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើង​វិញ ពី​លក្ខខណ្ឌ​នៃ​ការ​ផ្ដល់​ដី​សម្បទាន ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​ មិន​ទទួល​រង​គ្រោះ​ដោយសារ​គម្រោង​វិនិយោគ។ បន្ថែម​ពៅ​លើ​នេះ កម្ពុជា បង្ហាញ​ពី​យុទ្ធការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម មុន​នឹង​សម្រេច​ឲ្យ​មាន​វិនិយោគ។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម កម្ពុជា​បាន​ស្ករ​ស​ចេញ​ទៅ​សហភាព ចំនួន២៥,៨ តោន​គូប កាល​ពី​ឆ្នាំ​២០១៣ ហើយ​គ្រោង​នាំ​ចេញ​ចំនួន​២៤​តោន​គូប​ ក្នុង​ឆ្នាំ​២០២០។ ក៏​ប៉ុន្តែ ដំណើរ​ការ​នាំ​ចេញ​ត្រូវ​រអាក់រអួល ដោយសារ​ប្រជា​សហគមន៍​ដែល​នៅ​តំបន់​ចម្ការ​អំពៅ ផលិត​ស្ករស ចេញ​តវ៉ា​ត្អូញត្អែរ និង​ដាក់​ពាក្យ​បណ្ដឹង ​ពី​ការ​បាត់​បង់​ដីធ្លី ស្រែ​ចម្ការ ដោយសារ​ក្រុមហ៊ុន​វិនិយោគ​ច្បាម​យក ដោយ​មិន​ផ្ដល់​ដំណោះស្រាយ​សមរម្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។