ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​ម្នាក់ យកមក​សាកសួរ ធ្វើ​កិច្ចសន្យា អោយ​ឈប់​ប្រព្រឹត្ត​អំពើ​បែបនេះ​ទៀត

ភ្នំពេញ:
អាជ្ញាធរ​សាលាខណ្ឌ​សែន​សុខ ប្រទះឃើញ​សង្ឃ​ក្លែងក្លាយ​ម្នាក់ ហើយ​ឃាត់ខ្លួនយកមក​សាកសួរ​បន្ទាប់​ពី​សង្ឃ​អង្គ​នេះ​បាន​ដើរ​រៃអង្គាស​បច្ច័យ​ពី​ប្រជាពលរដ្ឋកាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ នៅចំណុច​ផ្លូវ​២០០២ ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​សង្ឃ​ក្លែងក្លាយ ដែល​ត្រូ​អាជ្ញាធរ​ឃាត់ខ្លួន​សួរនាំ​មានឈ្មោះ សាត់ រ៉ាត់ អាយុ​១៩​ឆ្នាំស្នាក់​នៅផ្ទះ​ញោម​ធ័​ម​(​អ្នក​រាប់អាន​) ម្ដុំ​ក្រោយ​វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យខណ្ឌមានជ័យ មាន​ស្រុកកំណើត​ភូមិ​ឫស្សី ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត​។​

​តាម​ប្រភពពី​អាជ្ញាធរ​សាលាខណ្ឌ​សែន​សុខ​បានអោយដឹងថាៈ មុនពេល​កើតហេតុកំលាំង​ល្បាត​របស់​សាលាខណ្ឌ​សែន​សុខ​បាន​ដើរល្បាត​នៅ​ចំណុច​ខាងលើក៏បាន​ប្រទះ​ព្រះសង្ឃ​ម្នាក់នេះ​កំពុងតែ​ដើរ​អង្គាស​បច្ច័យ​យកទៅ​កសាង​វត្តសាមគ្គី​រាម​អូរជ្រៅ ស្ថិត​ក្នុងភូមិ​អូរជ្រៅ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យពេលនោះ​កំលាំង​សាលាខណ្ឌ​មានការ​សង្ស័យ​ក៏បាន​នាំខ្លួនព្រះសង្ឃ​អង្គ​នោះមក​កាន់​សាលា​អនុគុណ​ខណ្ឌ​សែន​សុខ​ដែល​ស្ថិតក្នុង​វត្តសំរោង​អណ្ដែត ដើម្បី​ធ្វើការ​សួរនាំ​និង​រក​ព្រះ​ឆាយ​ល​ក្ខ័​តែ​គ្មាន​។​

 ក្រោយមក​ក៏បាន​ធ្វើការ​ទាក់ទង​តាម​ទូរ​សព្ទ័​ទៅ​ចៅអធិការ​វត្ត​នៅក្នុង​គោ​ក្រាម​តែព្រះចៅអធិការ​បាន​ឆ្លើយថា​មិនបាន​ស្គាល់​ព្រះសង្ឃ​អង្គ​នោះឡើយ ក្រោយមកគណៈកម្មការ​ធម្មការ​និង​សាសនា​នៃ​ខណ្ឌ​សែន​សុខ​បានធ្វើការ​ដោះ​ស្បង់ជីវរ​ចេញ​ហើយ​បានប្រគល់​អោយទៅ​កាន់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន ដើម្បី​ធ្វើ​កិច្ចសន្យាណែនាំ​អប់រំ អោយ​ឈប់​ប្រព្រឹត្ត​អំពើ​បែបនេះ​ទៀត​៕​