ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សង្ស័យ​ផលិត​អាវុធ​គីមី​របស់​ខ្លួន​ផ្ទាល់

អង្គការ​អន្តរជាតិ​ហាមឃាត់​អាវុធ​គីមី OIAC អះអាង​កាលពី​ថ្ងៃ​ទី​៣ ឧសភា ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ផលិត​អាវុធ​គីមី​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់ ។

យោង​តាម​លោក AHMET UZUMCU អគ្គនាយក​របស់ OIAC ថា ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​បច្ចេកវិទ្យា និង​ចំណេះដឹង​ក្នុង​ការ​ផលិត​អាវុធ​គីមី ។ បណ្តា​មនុស្ស​របស់​ក្រុម​នេះ​ត្រូវធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ផលិត​អាវុធ​គីមី​របស់​ពួក​គេ​ផ្ទាល់ ។ មានការ​សង្ស័យ​ខ្លាំង​ដែល​ពួក​យុទ្ធ​ជន​ជី​ហា​ដ​អាច​ប្រើ​រួច​ហើយ​នូវ​អាវុធ​គីមី​នេះ ។ ពួក​អ្នកស៊ើប​អង្កេត​របស់ OIAC ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ និយាយ​ពី​ការ​ប្រើ​អាវុធ​គីមី​នៅ​លើ​ទីលាន​ប្រតិបត្តិការ​របស់​ក្រុមរដ្ឋ​អ៊ិ​ស្លា​ម ។ កាលពី​ថ្ងៃ​ទី​៩ មីនា កន្លង​មកនេះ មានការ​វាយប្រហារ​ដោយ​អាវុធ​គីមី​មួយ​លើ​ទីក្រុង TAZA ភាគ​ខាងជើង​អីុ​រ៉ា​ក់​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ធ្វើ​ប្រឆាំង​ពួក​ឃើ​ត​សម្លាប់​កុមារ​៣​នាក់ ហើយ​មនុស្ស​១.៥០០​នាក់​រង​របួស ។

ពួក​ឃើ​ត​រាយការណ៍​ពី​យុទ្ធ​ជន​ពួក​គេ​ច្រើន​នាក់​មាន​អាកា​រៈ​ក្អួត និង​រលាក​ស្បែក​ក្នុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​ពួក​ជី​ហា​ដ ។ ពេល​នេះ​ពួក​គេ​បាន​ស្នើ​សុំ​ម៉ាស់​ការពារ​ឧស្ម័ន​ពី​សហរដ្ឋ​អា​មេ​រិ​ក ។

កាលពី​ខែកុម្ភៈ​កន្លង​មកនេះ នាយក CIA លោក JOHN BRENNAN ធ្លាប់​អះអាង​រួច​ហើយ​ប្រាប់​ទូរទស្សន៍ CBS NEWS ថា ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​សមត្ថភាព​ផលិត​អាវុធ​គីមី ៕