ក្រសួងធម្មការ រៀបចំសិក្ខាសាលាស្ដីពី ការរៀបចំថវិកាតាមកម្មវិធីរបស់ខ្លួន ដើម្បីកែទម្រង់ឱ្យស៊ីជម្រៅ តាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ បានអញ្ជើញ ចូលរួមសិក្ខាសាលាស្ដីពី  ការរៀបចំថវិកាតាមកម្មវិធី របស់ក្រសួងធម្មការ និងសាសនា នៅសណ្ឋាគារភ្នំពេញ ដើម្បីធ្វើការពិភាក្សា លើផែនការថវិកាទាំងឡាយ តាមផ្នែកនីមួយៗ សម្រាប់អនុវត្តការងារ ក្នុងឆ្នាំ២០១៦-២០១៧។ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ការពិភាក្សានេះ ធ្វើឡើងដើម្បីធានាប្រសិទ្ធភាព តម្លាភាព គុណភាព និងកំណែទម្រង់ស៊ីជម្រៅ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ លោកបានបន្តទៀតថា ការរៀបចំសិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិនិកាយ នៃព្រះរាជាណាចក្រកម្ពុជា  ព្រមទាំងមន្ត្រីគ្រប់ជំនាញតាមមន្ទីររាជធានី-ខេត្ត សរុបប្រមាណជិត ៣០០នាក់៕