ទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «សិទ្ធទទួលព័ត៌មានជាសិទ្ធិរបស់អ្នក»

ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា និងដៃគូសហការជាច្រើនស្ថាប័នទៀត បានរៀបចំ ទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ បានរៀបចំធ្វើក្រោមប្រធានបទ «សិទ្ធិទទួលព័ត៌មានជាសិទ្ធិរបស់អ្នក» នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់។ ទិវាសេរីភាពសារព័ត៌មាន ដែលរៀបចំធ្វើនៅថ្ងៃនេះ ក៏មានការចូលរួមពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមនឹងអ្នកសារព័ត៌មានជាច្រើនរូប ទៀតចូលរួមផងដែរ។ នៅឆ្នាំ២០១៦នេះ ទិវាសេរីភាពសារព័ត៌មាន ត្រូវបានធ្វើឡើងដើម្បីផ្តល់ជាវេទិកាពិភាក្សា រវាងអ្នកតំណាងស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មានអង្គការ សង្គមស៊ីវិល ដើម្បីពិភាក្សាគ្នាពីបញ្ហាប្រឈម ដែលកំពុងតែជួបប្រទះ និងបញ្ហានានាពាក់ព័ន្ធជាមួយសិទ្ធទទួលបានព័ត៌មាន និងសេរីភាពនៃការ បញ្ចេញមតិ។ ក្រៅពីនោះក៏ជាវេទិការមួយចែករំលែកនូវការយល់ឃើញ និងទស្សនៈវិស័យរបស់ពួកគេទាក់ទងនឹងស្ថានភាព នៃសេរីភាពក្នុងការបញ្ចេញមតិ សេរីភាព សារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន ក៏ដូចជាដើម្បីផ្តល់អនុសាសន៍ដើម្បីកែប្រែស្ថានភាពឲ្យកាន់តែប្រសើរ។ កម្មវិធីនៅក្នុងថ្ងៃនេះ ចែកចេញជាពីរវគ្គ៖ វគ្គទីមួយ វាគ្មិនដែលជាអ្នកច្បាប់ និងអ្នកសារព័ត៌មានពីប្រទេសកម្ពុជា និងប្រទេសថៃ នឹងពិភាក្សាពីច្បាប់ស្តី ពីសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា និងក្នុងតំបន់។ នៅវគ្គទីពីរ នឹងមានការពិភាក្សាអំពីដំណើរការ និងបញ្ហាប្រឈមស្តីពីសេរីភាពបញ្ចេញមតិ និងសេរីភាព សារព័ត៌មាននៅប្រទេសកម្ពុជាជាដើម៕