ចាប់​នារី​ខ្មែរ​អូស​ចូល​ឡាន​ទៅ​បាត់ ផ្អើល​ពេល​ឮ​ថា «​ជួយ​ផង​!»

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​​ប្រភព​ព័ត៌មាន​ពី​​បន្ទាត់​ព្រំដែន​ទឹកដី​ថៃ​​ក្នុង​ខេត្ត​ស្រះ​កែវ​ឱ្យ​​ដឹង​ថា ​កាល​ម៉ោង​ជិត​០៣​រសៀល​ថ្ងៃ​ទី​០៣​​ឧសភា ២០១៦ ​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ បាន​បើករថយន្ត​មួយ​​គ្រឿង​មក​ចាប់​ស្ត្រី​ខ្មែរ​​ ជា​អាជីវករ​លក់​ភេសជ្ជៈ​ ពី​ម្តុំ​ផ្លូវ​សាលា
​ដែង​ក្រោយ​​ហាង​អឹ​ម​អឹ​ម ​ក្នុង​ផ្សារ​រុង​ក្លឿ​​យក​ទៅ​បាត់ ​ដែលហេតុការណ៍​នេះបង្កឱ្យ​​​ភ្ញាក់ផ្អើល​ បន្ទាប់​ពី​នាង​ដង្ហោយ​​ស្រែ​កថា​ ជួយ​ផង​!​ ។

ប្រភព​ឱ្យដឹងថា ​ស្ត្រី​រង​គ្រោះត្រូវគេ​ស្គាល់​​ឈ្មោះ​ជ័យ ​សុ​ផ​ន ​អាយុ​២៧​ឆ្នាំ​ ជា​អ្នកលក់​ភេសជ្ជៈ​​នៅ​ផ្សារ​រុង​ក្លឿ​ ​ស្រុក​អារ​ញ្ញា​ ខេត្ត​ស្រះ​កែវ​ ​មាន​ទីលំនៅ​ក្រុ​ងសិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។

​ប្រភពឱ្យ​ដឹង​ទៀត​​ថា​ ដំបូង​គេ​ឃើញ​​ជនសង្ស័យ​២​នាក់​ បើករថយន្ត​ម៉ាក​អ៊ី​ស្សុ​យ​ស្សុ​យ​ ព​ណ៌​ខៀវ​ មិន​ស្គាល់​ស្លាក​លេខ​មួយ​​គ្រឿង​មក​ឈប់​ចត​ក្បែរ​ស្ត្រី​រង​គ្រោះ​ ហើយ​និយាយ​ជជែក​លេង​ បន្ទាប់​មក​នាំ​គ្នា​ឡើង​​រថយន្ត​វិញ ​ហើយ​ហៅ​នាង​ឱ្យ​​យក​ទឹក១ដប​ទៅ
​ឱ្យ​​។ ​ឆ្លៀតឱកាស​នោះ​ ជនសង្ស័យ​​​បាន​ចាប់​អូស​ដៃ​នាងរង​គ្រោះ​​ឡើង​រថយន្ត​ដឹក​ចេញ​ទៅ​បាត់​ ។ ​​ដំបូង​គ្រប់​គ្នា​ស្មានថា​ នាង​និង​ក្រុម​ជនសង្ស័យ​ធ្វើ​លេងសើច​ទេ ទាល់តែ​មាន​សំឡេង​ស្ត្រី​រង​គ្រោះ​ស្រែ​កថា​ «ជួយ​ផង​ៗ» ​ទើប​មានការ​ភ្ញាក់ផ្អើល​ឈុ​ល ​តែ​ហួស​ពេល​ទៅ​ហើយ​ ព្រោះ​រថយន្ត​បាន​បើក​ចេញ​យ៉ាង​លឿន​ទៅ​បាត់​ ។

ក្រោយ​ហេតុ​ការណ៍​​កើតឡើង​ មាន​ប្រភព​ថា​ ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ​សាន់​ វិទូ​ អាយុ​២៧ឆ្នាំ​ បានរ​ត់រក​ការ​អ​ន្តរា​គម​ន៍​ទៅ​សមត្ថកិច្ច​ថៃ​ដើម្បី​ឱ្យ​ជួយ​ប្រពន្ធ​ខ្លួន​ ​។

យ៉ាងណា​ក៏​​ដោយ ​បើ​តាម​ប្រភព​របាយ​ការណ៍​​ពី​ថៃ ​យោង​សម្តី​អ្នក​ឃើញ​ហេតុ​ការ​ប្រាប់​ថា​ មុន​ហេតុ​ការ​ណ៍​​កើតឡើង​៥ ​ទៅ​៦​ថ្ងៃ​ជនសង្ស័យ​បាន​​ព្យាយាម​មក​លេង​ជាមួយ​ស្ត្រី​រង​គ្រោះ​ តែ​នាង​មិន​បាន​គិតដល់​រឿង​ផ្សេង ​គ្រាន់តែ​លក់ដូរ​ធម្មតា ​ព្រោះ​នាង​មាន​ប្តី​និង​កូ​ន១ អាយុ​៦​ឆ្នាំទៅ​ហើយ​ ។ ​​ករណី​ខាងលើ​ អ្នក​ឃើញ​ហេតុ​ការ​ណ៍​​យល់​ថា​ ទំនងជា​ជនសង្ស័យ​ខឹង​​ខំ​ញ៉ែ​ តែ​នាង​មិន​ព្រម​ស្រឡាញ់​ ទើប​ហៅ​បក្ស​ពួក​មក​ចាប់​ដាក់​រថយន្ត​យក​ទៅ​បាត់​ ។

ប្រភព​ប្រាប់​ថា​ ប្តី​ស្ត្រី​រង​គ្រោះ​មិន​បានឃើញ​​គេ​ចាប់​ប្រពន្ធ​ដាក់​រថយន្ត​យក​ទៅ​បាត់​នោះ​ទេ ​គេ​រវល់​ទៅ​ធ្វើ​ជា​កម្មករ​លើកដាក់​អី​វ៉ា​ន់​ឱ្យ​គេ​នៅ​កន្លែង​ផ្សេង​មួយទៀត​ ។ តែ​ក្រោយ​ពី​មាន​អ្នកដឹង​ហេតុ​ការ​ណ៍​ទូរស័ព្ទ​ប្រាប់​ថា​ មាន​គេ​ចាប់​ប្រពន្ធ​​ខ្លួន ក៏​ប្រញាប់​​ទៅ​ដល់​កន្លែង​កើតហេតុ​ដែរ​ តែ​ហួសពេល​បាត់​ទៅ​ហើយ​ ។

ប្រភព​ថា​ បុរស​ជា​ប្តី​បាន​អង្វរ​សមត្ថកិច្ច​ថៃ​ឱ្យ​​ជួយ​ស្កាត់រក​រថយន្ត​ជនសង្ស័យ​ ដើម្បី​ជួយ​ប្រពន្ធ​ខ្លួន ​ហើយ​អង្វរ​សុំ​កុំ​ឱ្យ​គេ​ធ្វើបាប​ប្រពន្ធ​ខ្លួន ​​។ ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ​ កោះសន្តិភាព​បាន​ទាក់​ទំនាក់ទំនង​ទៅ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ​ប្រចាំ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ តែ​មន្ត្រី​នៅ​ទីនោះ​ប្រាប់​ថា​ មិន​បានដឹង​ពី​បញ្ហា​ខាងលើ​ទេ​ ។