ក្រសួងមហាផ្ទៃ ណែនាំ​វិធានការ​គ្រប់គ្រង និង​បែងចែក​ប្រាក់ចំណូល​ពី​ការ​ពិន័យ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​

ក្រសួងមហាផ្ទៃ ណែនាំ​វិធានការ​គ្រប់គ្រង និង​បែងចែក​ប្រាក់ចំណូល​ពី​ការ​ពិន័យ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​



ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្ដីណែនាំ ស្ដីពី​វិធានការ​គ្រប់គ្រង និង​ការ​បែងចែក​ប្រាក់ចំណូល ពី​ការ​ពិន័យ អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក។

យោង​តាម​សេចក្ដីណែនាំ សម្ដេច​ក្រឡាហោម ស ខេង ចុះ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ធានា​ឲ្យ​ការគ្រប់គ្រង និង​ការបែងចែក​ប្រាក់ចំណូល​ពី​ការ​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​និង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​គណនេយ្យ​ភាព​ ស្របតាម​នីតិវិធី​ហិរញ្ញវត្ថុ និង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​បែងចែក​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ប្រកបដោយ​សមធម៌ ​ផ្អែក តាម​គុណសម្បត្តិ​ការងារ​ស្រប​នឹង​ស្មារតី​ប្រកាស​អន្តរ​ក្រសួង​លេខ ១១៨៧០ ប្រក ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ដីពី​ការគ្រប់គ្រង​ប្រាក់ចំណូល ដែល​បាន​ពី​ការ​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

ដូច្នេះ ដើម្បី​ធានា​ឲ្យ​ការគ្រប់គ្រង និង​ការបែងចែក​ប្រាក់ចំណូល សម្ដេច​ក្រឡាហោម ស ខេង បាន​ចេញ​សេចក្ដីណែនាំ ស្ដីពី​ការគ្រប់គ្រង​បែងចែក​ប្រាក់ចំណូល និង​ការ​ប្រើប្រាស់​ប្រាក់​រង្វាន់​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​គ្រប់​គ្រង និង​បែងចែក តាម​ស្មារតី​ប្រកាស​អន្តរក្រសួង​លេខ ១១៨៧០​ ប្រក ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០១៥ ដូចតទៅ ​៖

១- អធិការដ្ឋាន​នគរបាល​ខណ្ឌ ក្រុង ស្រុក ត្រូវ​រក្សាទុក​ប្រាក់ចំណូល​ប្រចាំថ្ងៃ​១០០​ភាគរយ ក្នុង​គណនី​អង្គភាព ហើយ​ត្រូវ​បង្វែរ​ប្រាក់ចំណូល​ប្រចាំខែ ចូល​គណនី​របស់ ស្នងការ​នគរបាល​រាជធានី ខេត្ត និង​ផ្ញើ​របាយការណ៍​ដោយ ភ្ជាប់​មក​ជា​មួយ​ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រាក់ចំណូល មក​ស្នងការ​នគរបាល​រាជធានី ខេត្ត ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣ នៃ​ខែ​បន្ទាប់។

២-ស្នងការ​នគរបាល​រាជធានី ខេត្ត ត្រូវ​បូកសរុប​ប្រាក់ចំណូល​ប្រចាំខែ​១០០​ភាគរយ និង​ត្រូវ​បង្វែរ​ប្រាក់ចំណូល​១៦​ភាគរយ ចូល​គណនី​របស់​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ផ្ញើ​របាយការណ៍ ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៦ នៃ​ខែ​បន្ទាប់​។

ប្រាក់ចំណូល​៩​ភាគរយ សម្រាប់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​, ដោយ​ប្រើប្រាស់​ក្នុង​ការងារ ពង្រឹង​យន្តការ​របស់​អង្គភាព និង​ឧបត្ថម្ភ​មន្ត្រី​ ដោយ​ឈរ លើ​គោលការណ៍​សមធម៌ និង​ផ្អែក​តាម​គុណសម្បត្តិ​ការងារ។

ម្យ៉ាងទៀត ត្រូវ​បង្វែរ​ប្រាក់ចំណូល​៧៥​ភាគរយ ចូល​គណនី​របស់​អធិការដ្ឋាន នគរបាល ក្រុង ស្រុក ខណ្ឌ ដើម្បី​បែងចែក​បន្ត​៥​ភាគរយ ជូន​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ សម្រាប់​ពង្រឹង​យន្តការ​របស់​អង្គភាព និង​ឧបត្ថម្ភ​មន្ត្រី​ ដោយ​ឈរ​លើ គោលការណ៍​សមធម៌ និង​ផ្អែក​តាម​គុណសម្បត្តិ​ការងារ។

ចំណែក​៧០​ភាគរយ សម្រាប់​ជូន​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​បំពេញភារកិច្ច​នៅនឹងកន្លែង និង​មន្ត្រី​ផ្សេងៗ​ទៀត ដែល​ចូលរួម សហការ​ត្រួតពិនិត្យ​គោលដៅ។​

៣- នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ត្រូវ​បូកសរុប​ប្រាក់ ចំណូល​ប្រចាំខែ​១៦​ភាគរយ និង​បែងចែក​ប្រាក់ចំណូល​១០​ភាគរយ សម្រាប់​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ សាធារណៈ និង​បង្វែរ​ប្រាក់ចំណូល​៦​ភាគរយ​ទៀត ចូល​គណនី​របស់​រជ្ជទេយ្យ​ករ​ចំណូល អម​ក្រសួងមហាផ្ទៃ និង​ផ្ញើ​របាយការណ៍​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ ដោយមាន​ការ​ឯកភាព​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​មក​អគ្គនាយកដ្ឋាន ភស្តុតាង និង​ហិរញ្ញវត្ថុ​ឲ្យ​បាន​មុន​ថ្ងៃ ទី ១០ នៃ​ថ្ងៃ​បន្ទាប់ (​ក្នុង​នោះ​ចំណូល​ចំនួន​៦​ភាគរយ មាន​ប្រាក់ចំណូល​៤​ភាគរយ បង់​ចូល​ថវិកាជាតិ ប្រាក់ចំណូល​១​ភាគរយ ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ប្រាក់ចំណូល​១​ភាគរយ​ជូន​អគ្គ​នា​យក​ដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​)៕

ក្រសួងមហាផ្ទៃ ណែនាំ​វិធានការ​គ្រប់គ្រង និង​បែងចែក​ប្រាក់ចំណូល​ពី​ការ​ពិន័យ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​