កម្ពុជា មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន​៨.១៩៧​កន្លែង​ ជាមួយ​កម្មករ​និយោជិក​ជាង​១​លាន​នាក់​

កម្ពុជា មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន​៨.១៩៧​កន្លែង​ ជាមួយ​កម្មករ​និយោជិក​ជាង​១​លាន​នាក់​



ភ្នំពេញ ៖ យោង​តាម​លទ្ធផល​ នៃ​ការចុះបញ្ជី​សហគ្រាស គ្រឹះស្ថាន​ ស្របតាម​បទ​បញ្ញត្តិ ​នៃ​ច្បាប់​ស្ដីពី​ការងារ​បាន​ឲ្យ​ដឹង​ថា ​នៅ​កម្ពុជា មាន​សហគ្រាស​គ្រឹះស្ថាន​សរុប​ចំនួន​៨.១៩៧​គ្រឹះស្ថាន ​មាន​កម្មករ​និយោជិក​ប្រមាណ​ជាង​១​លាន​នាក់។

ដោយឡែក ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ​សំលៀកបំពាក់​ និង​ផលិត​ស្បែក​ជើង​មាន​រោងចក្រ​ចំនួន​១.០៨៨​ និង​កម្មករ​និយោជិក​ចំនួន​ប្រមាណ​៧១​ម៉ឺន​នាក់ ​ក្នុង​នោះ​ស្រី​ជាង​៥១​ម៉ឺន​នាក់​ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រមាណ​ជាង​១.០០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ។

លោក ​អ៊ិត ​សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​០១​ឧសភា​ថា​ ក្រៅពី​រក​ចំណូល​ប្រមាណ​ជាង​១.០០០​លាន​ដុល្លារ​ហើយ ​វា​ក៏​បាន​ជួយ​បង្កើត​មុខរបរ​ប្រយោល​បន្ថែម​ដូចជា ​ផ្ទះ​ជួល លក់ដូរ​ម្ហូបអាហារ ដឹក​ជញ្ជួន​ដល់​ប្រជា​ពលរដ្ឋ​ប្រមាណ​២​លាន​នាក់​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ចំពោះ​តម្លៃ​សរុប ​នៃ​ការនាំចេញ​ផលិតផល​ផ្នែក​កាត់ដេរ​សំលៀក​បំពាក់ ​និង​ផលិត​ស្បែក​ជើង​បាន​កើន​ឡើង​ខ្ពស់​ជា​រៀងរាល់​ឆ្នាំ​ ដែល​នៅ​ឆ្នាំ​២០១៥​កន្លងទៅ ​មាន​ចំនួន​ប្រមាណ​ជាង​៦.០០០​លាន​ដុល្លារ​អាមេរិក។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ក្រៅពី​ការងារ​នៅ​ក្នុង​ស្រុក ​នា​ឆ្នាំ​២០១៥​ មាន​ពលករ​ជាង​៦២​ម៉ឺន​នាក់ ​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ ដែល​បាន​នាំមក​នូវ​ប្រាក់ចំណូល​មក​ក្នុង​ប្រទេស​ជាង​១.០០០​លាន​ដុល្លារ​អាមេរិក​ផង​ដែរ ​ក្នុង​១​ឆ្នាំ​។​

លើស​ពី​នេះ​ទៀត ​រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ពី​១២៨​ដុល្លារ ដល់​១៤០​ដុល្លារ ដែល​ចំនួន​ទឹកប្រាក់​នេះ​ បើ​បូក​ជាមួយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​នោះ​បាន​ធ្វើ​ឲ្យ​ប្រាក់​ប្រចាំខែ​របស់​កម្មករ​អាច​កើន​ឡើង​ដល់​ទៅ​១៥៧​ ទៅ​១៦៨​ដុល្លារ ក្នុង​១​ខែ ​ហើយ​នឹង​ដំឡើង​ដល់​១៦០​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ​២០១៨​ខាងមុខ។

ប្រទេស​កម្ពុជា​ មាន​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​៧​លាន​នាក់​ ដែល​ជា​ប្រទេស​មួយ​មាន​កម្លាំង​ពលកម្ម​វ័យក្មេង​ច្រើន​។​

តាម​ស្ថិតិ​ជំរឿន​ប្រជាសាស្ត្រ​បាន​បង្ហាញ​ថា ​យុវជន​អាយុ​ពី​១៥ ​ដល់​២៤​ មាន​ចំនួន​២២,៥​ភាគ​រយ​។​ អាយុ​ពី​២៥ ​ដល់​៣៤​ឆ្នាំ មាន​១៧,៧​ភាគរយ​ អាយុ​ពី​៣៥ ​ដល់​៦៤​ឆ្នាំ មាន​២៥,៤​ភាគរយ​។​ចំនួន​នេះ​ បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​កម្ពុ​ជា មាន​អត្រា​យុវជន​ពេញ​កម្លាំង ​ចន្លោះ​ពី​អាយុ​១៥ ​ដល់​២៤​ឆ្នាំ ​ច្រើន​ជាង​គេ​ គឺ​ច្រើនជាងគេ​៣២​ភាគរយ​។​ នៅ​ឥណ្ឌូនេស៊ី​មាន​១៨​ភាគរយ ​ថៃ​១៣​ភាគរយ​ និង​វៀតណាម​មាន​១៩​ភាគរយ។

បើ​តាម​ការ​ព្យាករណ៍​កំណើន​ប្រជាពលរដ្ឋ​កម្ពុជា​ នឹង​មាន​សភាព​ថេរ​ គិត​ចាប់ពីពេលនេះ​រហូតដល់​ឆ្នាំ​២០៥០​។​ ដូចនេះ​ អាច​បញ្ជាក់​បាន​ថា​ កម្ពុជា​មិន​មាន​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ ឬ​ប្រឈម​ជាមួយ​កត្តា​សង្គម​ដែល​មាន​មនុស្ស​ចាស់​ច្រើន​ដូច​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​នោះ​ទេ​៕​
​ ​