អគារ​ផ្តល់​ឈាម​តម្លៃ​ជិត​២​លាន​ដុល្លារ​ ​ជា​ជំនួយ​របស់​អាមេរិក ​នឹង​ដាក់​សម្ពោធ​ នៅ​ខែ​មិថុនា​

អគារ​ផ្តល់​ឈាម​តម្លៃ​ជិត​២​លាន​ដុល្លារ​ ​ជា​ជំនួយ​របស់​អាមេរិក ​នឹង​ដាក់​សម្ពោធ​ នៅ​ខែ​មិថុនា​



ភ្នំពេញ ​៖ ​អគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ស្ថិត​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ជា​ជំនួយ​របស់​អគ្គបញ្ជាការដ្ឋាន​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​(USPCOM)​ ដែល​មាន​តម្លៃ​ប្រ​មា​ណ​ជិត​២​លាន​ដុល្លារ​អាមេរិក​ គ្រោង​នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​នៅ​ថ្ងៃទី​១៤​ ខែមិថុនា ​ឆ្នាំ​២០១៦​ ខាងមុខ​នេះ​ហើយ​។​
​ ​
បើ​តាម​លោក​វេជ្ជបណ្ឌិត​ ហុក​ គឹម​ចេង ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​មានប្រសាសន៍​កា​ល​ពី​រសៀល​ថ្ងៃទី​៤ ខែ​ឧសភា​ថា ​អគារ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ថ្មី​នេះ​ សាងសង់​ក្នុង​រយៈពេល​១​ឆ្នាំ​ហើ​យ​គ្រោង​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៤ ​ខែមិថុនា​ ឆ្នាំ​២០១៦​ខាងមុខនេះ​។​

លោក​បាន​បន្ត​ថា ​អគារ​នេះ​ជា​អំណោយ​របស់​អគ្គបញ្ជាការដ្ឋាន​កងទ័ព​សហរដ្ឋ​អាមេរិក​តំបន់​ប៉ា​ស៊ី​ហ្វិក​ (USPCOM)​ ដោយ​ចំណាយ​ការសាងសង់​ប្រមាណ​១,៨​លាន​ដុល្លា​អាមេរិក​ ដោយមាន​បន្ទប់​ស​ម្រាប់​បូម​ឈាម​ចំនួន​១៥​គ្រែ​មាន​កន្លែង​ពិគ្រោះ​យោបល់​សម្រាប់​អ្នក​ទៅ​បរិច្ចាគ​ឈាម បន្ទប់​បុគ្គលិក​និង​មាន​បន្ទប់ពិសោធន៍​ចំនួន​២​ទៅ​៣​ផង​ដែរ​។​
​ ​
លោក​វេជ្ជបណ្ឌិត ​ហុក ​គឹម​ចេង​ បាន​បន្ថែម​ថា ​«​ការ​មាន​អគារ​ផ្តល់​ឈាម​នេះ​ពិតជា​សំខាន់​ណាស់​ព្រោះ​វា​បាន​ឆ្លើយតប​ទៅ​នឹង​ការ​រីកចម្រើន​របស់​វិស័យ​សុខាភិបាល​ក្នុង​ការ​ផ្តល់​ឈាម​ឲ្យ​បាន​ទាន់​ពេ​ល​វេលា​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ ដោយសារ​អគារ​នេះ​វា​មាន​អ្វីៗ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​បច្ចេក​ទេ​ស​សម្ភារៈ​បរិក្ខារ​ទំនើបៗ​។ ​ជាង​នេះ​ទៀត ​អគារ​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្មើមុខស្មើមាត់​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ផង​ដែរ​»​។

​លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​រូប​នោះ​បាន​រំពឹង​ថា ​ជាង​១០​ឆ្នាំ​ទៅ​មុខ​ទៀត​អគារ​ផ្តល់​ឈាម​នេះ​នឹង​នៅ​តែ​អាច​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ឈាម​ទៅតាម​តម្រូវការ​តាម​ក្បួនខ្នាត​។ ​ប៉ុន្តែ​លោក​ស្នើសុំ​ថា​ ការអនុវត្ត​ការងារ​បាន​ជោគជ័យ​បាន​លុះត្រាតែ​មានការ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្រ​សួង​សុខាភិបាល​ក្នុង​ការ​ធានា​បាន​នូវ​និរន្តរភាព ធនធានមនុស្ស​បរិក្ខារ ​និង​ថវិកា​ ពិសេស​មានការ​ចូ​ល​រួម​ពី​ប្រជាពលរដ្ឋ​យើង​ ដែល​ជា​អ្នកស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម​ទើប​មជ្ឈមណ្ឌល​ជាតិ​អនុវត្ត​ប្រ​កប​ដោយ​ជោគជ័យ​។​

​គួរ​បញ្ជាក់​ថា ​អគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ស្ថិត​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ជាទី​តាំង​ថ្មី ​ដែល​អគារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​៕