គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣​ឧសភា ​កើតឡើង​១៦​លើក​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣​ឧសភា ​កើតឡើង​១៦​លើក​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១៥​លើក ក្នុង​នោះ​យប់​៧​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់ (ស្រី​១​នាក់) រង​របួស​ធ្ងន់​១២​នាក់ (ស្រី​៣​នាក់) និង​របួសស្រាល​១០​នាក់ (ប្រុស)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៦​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត​សរុប ចំនួន​២៧​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​១៨​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៦​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង យាន​ផ្សេងៗ ចំនួន​២​គ្រឿង និង​អ្នក​ថ្មើរជើង​៣​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៩​លើក (ស្លាប់​៦​នាក់) ,​ស្រវឹង១​លើក ,មិន​ប្រកាន់​ស្តាំ​១​លើក , មិន​គោរព​សិទ្ធិ​១​លើក (ស្លាប់១​នាក់) , បត់​គ្រោះថ្នាក់​១​លើក និង​ប្រជែង​គ្រោះថ្នាក់​៣​លើក (ស្លាប់២​នាក់) ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៦​នាក់ (យប់​១២​នាក់)។​

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​១៣​លើក ផ្លូវ​ខេត្ត-ក្រុង ចំនួន​១​លើក និង​ផ្លូវលំ​ចំនួន ២​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​រួមមាន ម៉ូតូ​៧​លើក រថយន្ត​ធុន​តូច​៧​លើក និង​រថយន្ត​ធុន​ធំ​២​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​រួមមាន រាជធានី​ភ្នំពេញ ១​លើក ស្លាប់​២​នាក់ របួស​១​នាក់ ខេត្ត​តាកែវ​១​លើក ស្លាប់​២​នាក់ របួស​៣​នាក់ (ស្រី​១​នាក់) ខេត្ត​ព្រះវិហារ​២​លើក ស្លាប់​១​នាក់ របួស​២​នាក់ (ស្រី១​នាក់) ខេត្ត​ស្ទឹងត្រែង​២​លើក ស្លាប់​១​នាក់ (ស្រី​) របួស​៣​នាក់ ខេត្ត​ព្រៃវែង​១​លើក ស្លាប់​១​នាក់ ខេត្ត​កំពង់ចាម​១​លើក ស្លាប់​១​នាក់ និង​ខេត្ត​កោះកុង​២​លើក ស្លាប់​១​នាក់ របួស​២​នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៥.៧៦០​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន​២.៦១៩​គ្រឿង និង​ពិន័យ​សរុប​៣.១៤១​គ្រឿង៕