សម្ដេច​តេជោ បង្គាប់​ឲ្យ​សមត្ថកិច្ច​ ចុះ​ពិនិត្យ​កន្លែង​លេងឆ្នោត​មួយ ​នៅ​ស្រុក​បាភ្នំ​

សម្ដេច​តេជោ បង្គាប់​ឲ្យ​សមត្ថកិច្ច​ ចុះ​ពិនិត្យ​កន្លែង​លេងឆ្នោត​មួយ ​នៅ​ស្រុក​បាភ្នំ​



ភ្នំពេញ ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច ចុះ​ត្រួត​ពិនិត្យ​មើល​កន្លែង​លេខ​កន្ទុយ​លេខ​ឆ្នោត​មួយ​កន្លែង​នៅ​ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ក្រោយពី​យុវជ​ន​ម្នាក់​បាន​រាយការណ៍​ថា បាន​ពង្វក់​ឪពុក​របស់​គេ​រហូតដល់​លក់ ស្រែចម្ការ​គ្មាន​សល់​។​

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​សម្ដេច​តេ​ជោ ហ៊ុន សែន មាន​យុវជន ម្នាក់​ឈ្មោះ «SN Csm Csm» បាន​​រាយការណ៍​អំពី​ករណី​បើក​លេង​កន្ទុយលេខ​នៅ​ភូមិ​របស់​គេ ដែល​បាន​បង្វក់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ ឲ្យ​អស់​លុយកាក់ ស្រែចម្ការ​។ យុវជន​រូប​នេះ បាន​អះ​អាង​ថា ឪពុក​របស់​គេ​ក៏បាន​អស់​លុយ អស់​ស្រែចម្ការ​ ដោយសារ​កន្ទុយលេខ​នេះ​ផង​ដែរ​។​

យុវជន​ម្នាក់​ឈ្មោះ SN Csm Csm បាន​សរសេរ​ថា «​សម្ដេច​ជា​ទី​គោរព​! ខ្ញុំ​សរសេរ ជា​លើក​ទី​៥ ផ្ញើ​ជូន​សម្ដេច​ពី​បញ្ហា​ល្បែង​ខុសច្បាប់​គឺ​កន្ទុយលេខ ដែល​មាន​ទីតាំង​ផ្ទះ​ ឈ្មោះ សេង រ៉ា នៅ​ភូមិ​គោក​សណ្ដែក ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង មូលហេតុ មេ​ប៉ុស្តិ៍ និង​អធិការ​ស្រុក ត្រូវ​បាន​មេ​ឆ្នោត​បង់លុយ​ជា​រៀង​រាល់​ខែ​។ ឪពុក​របស់ខ្ញុំ គាត់​ចាក់​ឆ្នោត​១​ពេល​អស់ ១០០០០០ រៀល ខ្ញុំបាទ​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ព្រោះ​គាត់​លក់​ស្រែ​អស់​១​បាត់​ហើយ ស្រែ​ក៏​អស់ លុយ​ក៏​អត់ ព្រោះតែ​ចាញ់ឆ្នោត​។ មានតែ សម្ដេច​ទេ ដែល​អាច​ជួយ​លោកឪពុក​ខ្ញុំ​បាន ពីព្រោះ​ខ្ញុំ​បាន​ប្ដឹង​សមត្ថកិច្ច​អស់ហើយ ប៉ុន្តែ​ពួកគាត់​មិន​ដោះស្រាយ​ឲ្យ​ទេ មូលហេតុ​គាត់​ស៊ីលុយ​គេ​»​។

ជា​ការ​ឆ្លើយតប​ ជាមួយ​យុវជន​ម្នាក់​ឈ្មោះ SN Csm Csm សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្គាប់ឲ្យ​សមត្ថកិច្ច​ចុះ​ពិនិត្យមើល និង​ដោះស្រាយ​។ សម្ដេច​បាន​សរសេរ​តប​ថា «​សូម​សមត្ថកិច្ច​ចុះ​ពិនិត្យ ដោះស្រាយ​ល្បែង​ស៊ីសង​»៕

សម្ដេច​តេជោ បង្គាប់​ឲ្យ​សមត្ថកិច្ច​ ចុះ​ពិនិត្យ​កន្លែង​លេងឆ្នោត​មួយ ​នៅ​ស្រុក​បាភ្នំ​
​ ​