លោក វ៉ា​ត់ ចំរើន ចាំ​អ៊ុត​បេក្ខភាព​ចំបាប់​នៅ​អូ​ឡាំ​ពិ​ក

រាជធានី​ភ្នំពេញ ៖ ថ្ងៃស្អែក កីឡាករ​កីឡាការិនី​ចំបាប់់​កម្ពុជា​២​រូប បាន​ទៅ​ដល់​ប្រទេស​តួ​ក​គី​ហើយ ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជម្រុះ​ដណ្ដើម​យក​បេក្ខភាព​ទៅ​កាន់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​​ដូច​គ្នា​នឹង​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​ទើប​ទទួល​បាន​ឱកាស ។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា​បាន​អះអាង​ថា លោក​កំពុង​រង់ចាំ​អ៊ុត​មើល​លទ្ធផល​របស់​បេក្ខភាព​ទាំង​ពីរ ដើម្បី​ឲ្យ​ច្បាស់​ថា តើ​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ បេក្ខភាព​នឹង​មាន​សមាជិក​ត្រូវ​ទៅ​ប៉ុន្មាន​នាក់ បូក​រួម​ទាំង​បេក្ខភាព​ក្នុង​សិទ្ធិ​អនុគ្រោះ​ផង​នោះ ។

កាលពី​យប់​ថ្ងៃ​ទី​៣ ឧសភា មុន​នេះ កីឡាករ កីឡាការិនី​២​រូប​គឺ​កញ្ញា ចូ​វ សុធា​រ៉ា និង​លោក ងួ​ន មក​រា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួ​ក​គី​ដើម្បី​ចូលរួម​ពិធី​ប្រកួត​ជម្រុះ​លើ​វិញ្ញាសា​ចំបាប់​សម្រាប់​ដណ្ដើម​កៅអី​ទៅ​កាន់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ដែល​នឹង​ធ្វើ​នៅ​ខែកញ្ញា ក្នុង​ឆ្នាំ​២០១៦​នេះ​។ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​-​កីឡាការិនី​មក​ពី​ប្រទេស​អាស៊ី អា​មេ​រិ​ក ឬអឺរ៉ុប តែ​មិន​ទាន់​ដឹង​ថា​ប្រទេស​ណាខ្លះ​នៅឡើយ ។ យ៉ាងណា​ក៏​ដោយ មានការ​រំពឹង​ភាគច្រើន​ថា​ចូ​វ សុធា​រ៉ា ឬ​ងួ​ន មក​រា នឹង​អាច​មាន​សង្ឃឹម​ខ្ពស់ ប្រសិនបើ​គូប្រកួត​ដែល​ពួក​គេ​ជួប​មិនមែន​ជា​កីឡាករ​-​កីឡាការិនី​លំដាប់ពិភពលោក ដែល​អាច​បំបាក់​ក្ដី​សង្ឃឹម​របស់​ពួក​គេ ។ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​កីឡាការិនី ចូ​វ សុធា​រ៉ា បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​ថា នាង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ជាមួយនឹង​ការ​ខំប្រឹង​ហ្វឹកហាត់​ដើម្បី​ត្រៀមខ្លួន ។

មិន​ខុស​គ្នា​ដែរ​កីឡាករ ងួ​ន មក​រា ក៏​បាន​បង្ហាញ​ពី​ការ​ខំប្រឹង​ហ្វឹកហាត់​ដូច​គ្នា​ផង​ដែរ ដើម្បី​ដណ្ដើម​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ។ យ៉ាងណា​ក៏​ដោយ​នៅ​មិន​ទាន់​ប្រាកដ​ថា ការ​ប្រឹងប្រែង​របស់​ពួក​គេ​ទទួល​បាន​លទ្ធផល​កម្រិត​ណា​នោះ​ទេ ដោយសារ​តែ​បេក្ខភាព​ដែល​ត្រូវ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ប្រទេស​តួ​ក​គី មិនមែន​ជា​កីឡាករ​-​កីឡាការិនី​ធម្មតា ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​អះអាង​ថា សម្រាប់​អូ​ឡាំ​ពិ​ក​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​បេក្ខភាព​ចំនួន​៥​នាក់​ដោយ​ស្វ័យប្រវត្តិ​រួច​ហើយ សម្រាប់​ឱកាស​ចេញ​ប្រកួត ដោយ​លោក​កំពុង​ចាំ​អ៊ុត​លទ្ធផល​ពី​ការ​ប្រកួត​ចំបាប់​របស់​ចូ​វ សុធា​រ៉ា និង ងួ​ន មក​រា មួយ​តង់​ទៀត ដើម្បី​ប្រាកដ​ថា កម្ពុជា​បាន​បន្ថែម​បេក្ខភាព​ឬ​ក៏​អត់ ។ លោក​ថា បេក្ខភាព​ដែល​បាន​ទទួល​សិទ្ធិ​ចេញ​ទៅ​ប្រកួត​ទាំងនោះ​រួម​មាន បេក្ខភាព​មក​ពី​កីឡាហែលទឹក​២​រូប មក​ពី​កីឡា​រត់ប្រណាំង​២​រូប និង​១​រូប​ទៀត​គឺ ស៊ន សៀវ​ម៉ី ដែល​ទើប​ដណ្ដើម​បាន​បេក្ខភាព​ដោយ​ពេញ​សិទ្ធិ ។ លោក​ថា បេក្ខភាព​៤​រូប​ទៀត​បាន​ទៅ​អូ​ឡាំ​ពិ​ករាល់​៤​ឆ្នាំ​ម្ដង គឺ​ដោយសារ​តែ​សិទ្ធិ​អនុ​គ្រោះ​ប៉ុណ្ណោះ ដែល​នេះ​គឺ​លក្ខខណ្ឌ​របស់​អូ​ឡាំ​ពិ​ក​ចំពោះ​ប្រទេស​ជា​សមាជិក​ដែល​ទាមទារ​ឲ្យ​មាន​វិញ្ញាសា​កីឡា​ចំនួន​២​ចូលរួម​ដោយ​ស្វ័យប្រវត្តិ ដែល​កម្ពុជា​បាន​ជ្រើស​យក​កីឡាហែលទឹក និង​រត់ប្រណាំង ។

លោក​ថា លោក​កំពុង​ចាំ​អ៊ុត​ពី​លទ្ធផល​របស់​ចូ​វ សុធា​រ៉ា និង​ងួ​ន មក​រា ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​កម្ពុជា​នឹង​កើន​បេក្ខភាព ឬ​នៅ​រក្សា​តែ​៥​នាក់​សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក នៅ​ប្រេ​ស៊ី​ល​ខាង​មុខ ។ លោក​និយាយ​ថា​៖ «​ទៅ​អូ​ឡាំ​ពិ​ក​ហ្នឹង​យើង​បាន​ទាំង​៥​នាក់​ហើយ​សម្រាប់​៣​វិញ្ញាសា​ដែល​កម្ពុជា​ទទួល​បាន ដោយ​រាប់​ទាំង​សិទ្ធិ​អនុគ្រោះ​ផង ប៉ុន្តែ​បើ​២​នាក់​ដែល​ទៅ​ប្រកួត​ជម្រុះ​ចំបាប់​នៅ​តួ​ក​គី​ហ្នឹង បើ​ជោគជ័យ​យើង​ចំណេញ​មួយ​វិញ្ញាសា​ទៀត​សម្រាប់​អូ​ឡាំ​ពិ​ក​ក្នុង​ខែសីហា​ហ្នឹង​!»​។ លោក​ថា បេក្ខភាព​ចូ​វ សុធា​រ៉ា និង​ងួ​ន មក​រា សុទ្ធតែ​ជា​បេក្ខភាព​នាំមុខ​គេ​ផ្នែក​ចំបាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​បើ​អ្នក​ទាំង​ពីរ​មិន​អាច​ទទួល​បាន​ផ្លែផ្កា​ណាមួយ គឺ​មាន​ន័យ​ថា​វិញ្ញាសា​ចំបាប់​របស់​កម្ពុជា​មិន​អាច​ទៅ​រួច​នោះ​ឡើយ ។ យ៉ាងណាមិញ លោក​រំពឹង​ថា បើ​សំណាង​កម្ពុជា​នឹង​បាន​ចំណេញ​កីឡាករ ឬ​កីឡាការិនី​ពី​ការ​ប្រកួត​ជម្រុះ​នេះ ដ្បិត​បើ​បេក្ខភាព​កម្ពុជា​ប្រកួត​បាន​ល្អ ខាង​អូ​ឡាំ​ពិ​ក​ក៏​អាច​នឹង​ផ្ដល់​សិទ្ធិ​អនុគ្រោះ​ឲ្យ​ចូល​ប្រកួត​ផង​ដែរ ប្រសិនបើ​ចូ​វ សុធា​រ៉ា និង​ងួ​ន មក​រា មិន​ទទួល​បាន​កៅអី​ទៅ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ ។

ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ប្រទេស​តួ​ក​គី​នេះ ចូ​វ សុធា​រ៉ា នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៣​គីឡូ​ក្រាម និង​ងួ​ន មក​រា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧៤​គីឡូក្រាម ហើយ​អ្នក​ទាំង​ពីរ​គឺជា​ជើង​ខ្លាំង​ដែល​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​ច្រើន​លើក​រួច​មក​ហើយ ៕