យុវជន៣០នាក់ ត្រូវបានកោះហៅ រីឯ AFC បញ្ជាក់ពីជំនួបរវាងកម្ពុជា និងចិនតៃវ៉ាន់

គ្រូបង្គោលជនជាតិជប៉ុន លោក Inoue Kazunori បានសម្រេចកោះហៅយុវជនចំនួន៣០នាក់ឲ្យចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ(U16) ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U-16 Championship 2016 ដែលនឹងត្រូវធ្វើនៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ហើយកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនេះ ជាថ្មីម្តងទៀត។

table2

គួរបញ្ជាក់ថា សម្រាប់ការប្រកួត AFF U-16 Championship 2015 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែរនោះ គឺមានប្រទេសចូលរួមចំនួន១១ ហើយត្រូវបានបែងចែកជា២ពូលគឺពូលAមានក្រុមម៉ាទេស៊ី វៀតណាម ឡាវ ទីម័រខាងកើត ប្រ៊ុយណេ និងថៃ ខណៈពូលBមានកម្ពុជា អូស្រ្តាលី សិង្ហបុរី ហ្វីលីពីន និងមីយ៉ាន់ម៉ា។ ចំណែក ការប្រកួត AFF U-16 Championship 2016 កម្ពុជា ឈរនៅពូលBជាមួយក្រុមមកពីប្រទេសថៃ ឡាវ ទីម័រ និងប្រទេសប្រុយណេ ។

tablesport

ដោយឡែក សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបង្ហាញពីទីតាំង និងពេលវេលា នៃការប្រកួតជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asain Cup UAE 2019 ទាំង២ជើងរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិចិនតៃវ៉ាន់ ជាផ្លូវការហើយ។

តាមការបង្ហាញរបស់ AFC នោះគឺក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅប្រកួតនៅក្រៅទឹកដីជាមួយក្រុមចិនតៃវ៉ាន់ នៅកីឡដ្ឋានជាតិ ក្នុងទីក្រុង Kaohsung វេលាម៉ោង៧ល្ងាច(ម៉ោង៦ល្ងាចនៅកម្ពុជា) នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។ រីឯការប្រកួតជើងទី២ ក្រុមចិនតៃវ៉ាន់ នឹងធ្វើដំណើរមកប្រកួតនៅលើទឹកដីកម្ពុជាវិញ គឺនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ វេលាម៉ោង ៦:៣០ នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៦៕