ស្ត្រី​ពាណិជ្ជករ​កម្ពុជា បានឈ្នះ​ពានរង្វាន់​អន្តរជាតិ​ដ៏​អស្ចារ្យ​ផ្តល់នូវ​ភាព​ភ្ញាក់ផ្អើល​ក្នុង​តំបន់​

"​នេះ​ជា​ថ្ងៃ​មោទនភាព​សម្រាប់​លោកស្រី នួន ស៊ីថា នេះ​ជា​ថ្ងៃ​មោទនភាព​សម្រាប់ Havas Riverorchid នេះ​ជា​ថ្ងៃ​មោទនភាព​សម្រាប់​ស្ត្រី និង​ជា​ថ្ងៃ​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​"​។ នោះ​ជា​ភាព​ភ្ញាក់ផ្អើល​មួយ​នៅក្នុង​ពិធី​ចែក​ពានរង្វាន់​ទ្វីបអាស៊ី Mumbrella Asia Awards ដែល ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែ​មុននេះ នៅពេលដែល​ស្ត្រី​វ័យក្មេង​កម្ពុជា​ម្នាក់ បាន​ចាប់​អាជីព​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុងតួនាទី​ជា​អ្នកទទួល​ភ្ញៀវ ឆ្លងកាត់​ការប្រកួត ប្រជែង​កម្រិត​អន្តរជាតិ រហូតដល់​ក្លាយជា​អ្នកដឹកនាំ​ផ្នែក​ផ្សព្វផ្សាយ​ដែល​ទទួលបាន​ពានរង្វាន់ ប្រចាំឆ្នាំ 2016 នេះ​។ បេក្ខជន​ដែលជា​ប់​ក្នុងការ​ជ្រើសរើស​ផ្សេងទៀត​សម្រាប់​ពានរង្វាន់​នេះ រួមមាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន LoweProfero  (​បណ្តាញ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ និង​មាន ប្រវត្តិ​យូរ​មកហើយ​ក្នុង​ពិភពលោក​) និង​នាយក TBWA សិង្ហ​បុរី និង APD សិង្ហ​បុរី​។​

​លោកស្រី​មាន​ស្រុកកំណើត​នៅ​ក្នុងភូមិ​ដាច់ស្រយាល​មួយ​នៃ​ស្រុក​ក្រគរ ដែល​គាត់​ត្រូវ​ដើរទៅ សាលារៀន​រាប់គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ​។ លោកស្រី នួន ស៊ីថា  បាន​ផ្លាស់​មក​រាជធានី​ភ្នំពេញ មុនពេល​គាត់​មាន​អាយុ 18 ឆ្នាំ​។ ដោយ​មិនមាន​សញ្ញាបត្រ​ជាន់ខ្ពស់ គាត់​បានធ្វើការ​នៅក្នុង ហាង​មួយ ដើម្បី​រកប្រាក់​បង់ថ្លៃ​សិក្សា​ភាសា​អង់គ្លេស​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក គាត់​បានដាក់ ពាក្យ​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Riverorchid (​បច្ចុប្បន្ន Havas Riverorchid) សម្រាប់​ការងារ​ជា​អ្នក​ទទួលភ្ញៀវ​។ នេះ​ជា​ឱកាស​មួយ​ដែល​បាន​ផ្លាស់​ប្តូរជីវិត របស់គាត់ និង Riverorchid ផងដែរ​។ ជាង​ដប់ឆ្នាំ​ក្រោយមក គាត់​បាន​ប្តូរ​តួនាទី​ជា​បន្តបន្ទាប់ ពី​អ្នក​ទទួលភ្ញៀវ ឡើង​មកជា​អ្នកគ្រប់គ្រង​ផ្នែក​ផ្សព្វផ្សាយ (Media Monitor) បន្ទាប់​មកជា អ្នកទិញ និង​រៀបចំ​គម្រោង (Junior Buyer and Junior Planner) និង​បច្ចុប្បន្ន​ជា​អ្នកដឹកនាំ​ផ្នែក ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈានមុខ​គេ​នៅ​កម្ពុជា ដោយមាន​ក្រុមការងារ 20 នាក់ សញ្ជាតិ​កម្ពុជា 17 នាក់ និង​បរទេស 3 នាក់ ដើម្បី​ធ្វើ​របាយការណ៍​ជូន​គាត់ និង​មាន​អតិថិជន​ធំៗ​ជាច្រើន​រួមទាំង ក្រុមហ៊ុន យូនីលីវើ និង​កូកាកូឡា ផងដែរ​។​

​នៅពេល​សួរ​គាត់​អំពី​រឿងព្រេង​និទាន​ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​ពិត​របស់គាត់ រហូត​បាន​ក្លាយជា អ្នកដឹកនាំ​ផ្នែក​ផ្សព្វផ្សាយ​ដែល​ទទួលបាន​ពានរង្វាន់​ប្រចាំឆ្នាំ លោកស្រី នួន ស៊ីថា បាន​ឲ្យ​ដឹង ថា "​នេះ​ជា​សុ​បិ​ន្ត​។ ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា នេះ​មិនមែនជា​ការពិត​ទេ​។ ប៉ុន្តែ នេះ​ជាការ​ពិត​។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​មោទនភាព​ណាស់​ក្នុងនាម​ជា​ស្ត្រី​ខ្មែរ​ដែល​អាច​នាំ​យកពាន​រង្វាន់​នេះ មក​ជូន​ប្រទេស​របស់ខ្ញុំ​។ ហើយ​ខ្ញុំ​មាន​សេចក្ដីត្រេកអរ​ណាស់​ដែល Havas Riverorchid បាន ផ្តល់ឱកាស​នេះ​ឲ្យ​ខ្ញុំ​។ ខ្ញុំ​បានចាប់ផ្តើម​ការងារ​ដោយ​គ្មាន​សញ្ញាបត្រ ហើយ​ក្រុមហ៊ុន​បានផ្ដល់ ការងារ​ឲ្យ​ខ្ញុំ​ជា​អ្នកទទួល​ភ្ញៀវ​។ ប៉ុន្តែ​ពួកគេ​តែងតែ​ប្រាប់​ខ្ញុំ​ថា​៖ '​បើ​អ្នក​ខិតខំ​ធ្វើការ បើ​អ្នក ស្មោះត្រង់ ហើយ​បើ​អ្នកផ្តល់​សេវា​អតិថិជន​បានល្អ អ្នក​អាច​រីកចម្រើន​នៅក្នុង​ក្រុមហ៊ុន​នេះ​'​។ ខ្ញុំ​មិនដែល​ស្រមៃ​ថា ខ្ញុំ​អាចឈាន​មកដល់​ចំណុច​នេះ​នោះទេ​"​។​

​លោក Pick Pimolsaengsuriya នាយក​ប្រតិបត្តិ Havas Riverorchid បាន​មានប្រសាសន៍ថា "​អ្វីដែល ស៊ីថា បានធ្វើ បង្ហាញ​ឲ្យ​ឃើញថា នរណា​ក៏​អាចធ្វើ​ការងារ​អ្វី​ក៏បាន បើ​អ្នក​ដាក់ចិត្ត​ធ្វើ ការងារ​នោះ​ឲ្យ​ពិតប្រាកដ ហើយ​អ្នក​មិន​ត្រឹមតែ​អាច​ក្លាយទៅជា​បុគ្គលិក​ល្អ​បំផុត​នៅ​កម្ពុជា ឬ ឥណ្ឌូចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​អាច​ក្លាយជា​បុគ្គលិក​ល្អ​បំផុត​នៅក្នុង​តំបន់​អាស៊ី​។ យើង​មាន មោទនភាព​ចំពោះ​គាត់ និង​គំនិត​ច្នៃប្រឌិត​របស់គាត់​ដែល​បាន​បន្ត​ចែកចាយ​ដល់​បុគ្គលិក ទាំងអស់​នៅក្នុង​ក្រុម​របស់គាត់​"​។​

​ទន្ទឹមនឹងនេះ លោក Levent Guenes នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Havas Creative Group​ប្រចាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​មានប្រសាសន៍ថា "​ខ្ញុំ​នៅ​ជាមួយ ស៊ីថា នៅពេលដែល ដំណឹង​បានប្រកាសថា គាត់​បានឈ្នះ​ពានរង្វាន់​នេះ​។ ពេលនោះ​ជា​ពេល​ដ៏​រីករាយ​បំផុត ក្នុង​មួយ​ឆាកជីវិត​ការងារ​របស់ខ្ញុំ​។ នៅពេលដែល​យើង​បាន​សហការ​ជា​ដៃគូ​ជាមួយ Riverorchid យើង​មានការ​រំភើប​ដោយសារ​គុណភាព និង​ភាព​ស៊ីជម្រៅ​នៃ​ការគ្រប់គ្រង របស់​ថ្នាក់​គ្រប់គ្រង​ជនជាតិខ្មែរ​ក្នុងស្រុក​ទៅតាម​ផ្នែក​នីមួយៗ​របស់​ពួកគេ​ដូចជា ស៊ីថា គឺជា​គំរូ​ស្រាប់​។ យើង​មាន​កិត្តិយស​ណាស់​ដែលមាន ស៊ីថា និង Havas Riverorchid ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ជា​សកល​របស់​យើង​ឥឡូវនេះ​"​។​

​កំណត់សម្គាល់​៖
Havas Riverorchid ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ 2015 ក្នុង​ភាពជា​ដៃគូ​រវាង Havas និង Riverorchid ។ Havas គឺជា​បណ្តាញ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែលមាន​ការរីកចម្រើន លឿន​បំផុត​ក្នុង​ពិភពលោក ដោយមាន​បុគ្គលិក​ជាង 18,000 នាក់​នៅ​ទូទាំង​ទ្វីប​ទាំង 5 ។ Riverorchid គឺជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ឥណ្ឌូចិន ដែលមាន ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម​។ បណ្តាញ​ក្រុមហ៊ុន Havas ដែល​ធ្វើ​ប្រតិបត្តិការ​តាមរយៈ Village model ឥឡូវនេះ មាន​ប្រតិបត្តិការ​នៅក្នុង​បណ្តា​ប្រទេស អាស៊ាន​ទាំង 9 ដែលមាន​ចំនួន​ច្រើនជាង​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​។​

(​អត្ថបទ​សង្គម​)