តំណាងរាស្ត្រ​CNRP សម្រេច​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​

រូបពីហ្វេសប៊ុកឯកឧត្តម កឹម សុខា​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ព្រឹក​នេះ តំណាងរាស្ត្រ​៣​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​មិន​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ​។ ការសម្រេចចិត្ត មិន​ចូលទៅ​កាន់​តុលាការ​នេះ ដោយ​ពួកគាត់ សំអាង​លើ​អភ័យឯកសិទ្ធិ​របស់រ​បស់​ខ្លួន ក្នុងនាម​ជា​តំណាងរាស្ត្រ​។

​ក្រុម​សមាជិកសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តី​ថ្លែង​ការ​មួយ ជុំវិញ​ដីកា​កោះហៅ របស់​អង្គការ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយបាន​សម្រេច​រួមគ្នា​មិន​ឲ្យ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមទាំង​តំណាងរាស្ត្រ​២​រូប​ទៀត គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់ ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ តាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា នោះទេ​។ 

​សមាជិកសភា​នៃ​បក្ស​ជំទាស់ មិន​ត្រឹមតែ​បដិសេធ​ការចូល​ទៅកាន់​តុលាការ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចាត់ទុក​ដីកា​កោះហៅ​របស់​ព្រះរាជអាជ្ញា ថា​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​មកលើ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ ដែលមាន​ចែក​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀតផង​។

​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា​៖«​តំណាងរាស្ត្រ មាន​អភ័យឯកសិទ្ធិសភា​។ តំណាងរាស្ត្រ​រូប​ណាក៏ដោយ មិនអាច​ត្រូវបាន​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន ដោយហេតុ​ពី​បាន​សំដែង​យោបល់ ឬ​បញ្ចេញមតិ ក្នុងការ​បំពេញ​មុខងា​រ​របស់ខ្លួន​សោះឡើយ​។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ​ការឃុំខ្លួន សមាជិក​ណាមួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើទៅកើត លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែឧសភា ឯកឧត្តម កឹម សុខា ត្រូវបាន​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង កោះហៅ ឲ្យ​ចូល​បំភ្លឺ ពី​រឿងក្តី​ពាក់ព័ន្ធ​នឹង «​អំពើ​បរិហារកេរ្តិ៍​» ដែល​កញ្ញា ធី សុវណ្ណ​ថា បាន​ប្តឹង​កន្លងមក​។ ចំណែកឯ តំណាងរាស្ត្រ​២​រូប​ទៀត គឺ​លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា ត្រូវបាន​លោក សៀង សុខ ព្រះរាជអាជ្ញារង កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ពី​ដំណើររឿង​ពាក់ព័ន្ធ​នឹង «​អំពើ​ពេស្យាចារ​»៕​