​បើមិនឆេះផ្ទះ ក៏ឆេះព្រៃដែរ អ្នកណា​ទទួលខុសត្រូវ?

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ រួម​ទាំង​​អាជ្ញាធរ​មាន​សមត្ថកិច្ច​រាប់​សិប​​នាក់ នាំគ្នា​ផ្អើល​​​ទៅ​វាយ​​ពន្លត់​អណ្តាត​ភ្លើង​ដែល​កំពុង​ឆេះ​ជញ្ជ្រាំង​​​​ក្នុង​ស្រែ ហើយ​បន្តជិតឆេះ​រាល​​ទៅ​រក​ផ្ទះ​អ្នកស្រុក​​ដែល​នៅ​ជិត​ៗ​នោះ​ផងដែរ ​ដែលហេតុការណ៍នេះ ​កាលពី​វេលា​ម៉ោង០​៣​រសៀលថ្ងៃ​ទី​៣​ ឧសភា ស្ថិតនៅ​ក្នុងភូមិ​ធ្លក ឃុំ​ស្ពឺ​(​ខ​) ស្រុក​បាភ្នំ ខេត្តព្រៃវែង ​។

បើ​តាម​ការ​អះអាង​​ពី​ពលរដ្ឋឱ្យ​ដឹង​ថា ​ចំពោះ​មូល​ហេតុ​ គឺ​ពុំ​មាន​អ្នក​ណា​ម្នាក់​បានដឹង​នោះ​​ទេ ប៉ុន្តែ​តាម​រយៈ​ការ​ពិនិត្យ​មើល​កន្លែង​កើតហេតុ ត្រូវគេ​សន្និដ្ឋាន​​ថា អណ្តាតភ្លើង​ឆេះ​ចេញពី​ព្រៃ​ស្មាច់​​ដែល​នៅ​កណ្តាល​វាលស្រែ រួច​ក៏​ឆេះ​ឆ្លង​មក​ជញ្ជ្រាំង​ក្នុង​ស្រែ​ដែល​នៅ​ជុំវិញ​នោះ ហើយ​ក៏​បន្ត​ឆេះ​រាល​រហូត​ជិត​ដល់​ផ្ទះ​អ្នកស្រុក ទើប​មាន​គេ​ឃើញ​និង​ផ្អើល​ឆោឡោ​ស្រែកហៅ​គ្នា​រត់ ទៅ​ជួយ​ពន្លត់​ភ្លើង​តែ​ម្តង​ ។

លោកទេព ភា​រុណ អភិបាលស្រុក​បាភ្នំ​បានឱ្យ​ដឹង​ថា ទាំង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​បាន​សហការ​គ្នា ចុះ​ទៅ​វាយ​ពន្លត់​អណ្តាតភ្លើង​អស់​រយៈពេលជាង​កន្លះ​ម៉ោង ទើប​ពន្លត់ភ្លើង​បានជា​ស្ថាពរ ប៉ុន្តែ​ភ្លើង​បាន​ឆាបឆេះ​ព្រៃ​ស្មាច់​អស់​ចំនួនជាង​១​ហិ​កតា និង​ឆេះ​ជញ្ជ្រាំង​​ក្នុង​ស្រែ​ជុំវិញ​ព្រៃ​ស្មាច់​នោះ អស់​ជិត​១០​ហិ​កតា​ ។

លោក​អភិបាលស្រុក​បានបញ្ជាក់​ថា នេះ​ចាត់​ទុក​ថា​ ជា​សំណាងល្អ​ណាស់ ដែល​មាន​អ្នកស្រុក​ឃើញ​ទាន់ ហើយ​នាំ​គ្នាទៅ​ជួយ​ពន្លត់​​បាន បើសិនជា​ពេល​ឆេះ​នោះ​គ្មាន​អ្នក​បានឃើញ​ទេ​នោះ មិនដឹង​ថា​ នឹង​ត្រូវ​ឆេះ​ផ្ទះ​អ្នកស្រុក​អស់​ប៉ុន្មាន​ខ្នង​នោះ​ទេ ។ ដូច្នេះ​លោក​​សំណូមពរ​ឱ្យ​​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ សូមមេត្តា​​មានការ​ប្រុង​ប្រ​យ័ត្ន​ឱ្យ​​បាន​​ខ្ពស់ ព្រោះ​ពេល​នេះ​អាកាសធាតុ​ក្តៅ​ខ្លាំង និងងាយ​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​កើតឡើង​ណាស់ ​។