សាហាវ! ខឹងដេញ​ ទាញកាំបិតកាប់​

រាជធានី​ភ្នំពេញ ​៖ បុរស​​អ្នកលក់​ផ្លែ​ធុ​រេ​ន​ម្នាក់ត្រូវ​​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​​ចោម​ចៅ រួម​និង​​សន្តិ​សុខ​​ផ្សារ​​ជម្ពូ​វ័ន​ចាប់ខ្លួន ​នាំ​ទៅ​សាកសួរ​នៅ​​ប៉ុស្ដិ៍ ​ត្រូវ​​ចោទប្រកាន់​ថា បុរស​នោះ​តាម​រករឿង​ក្រុម​​សន្តិសុខ​​ កាលពី​ពេល​២​ថ្ងៃមុន ។ មិនតែប៉ុណ្ណោះ​ នៅ​ចុង​ក្រោយ​នេះ បាន​ទាញ​​កាំបិត​សម្រាប់​ពុះ​ផ្លែ​ធុ​រេ​ន​ដេញ​ចាក់​ក្រុម​​សន្តិសុខ ដែល​រៀបចំ​សណ្ដាប់ធ្នាប់នៅ​តាម​ដងផ្លូវ​មុខ​ផ្សារ ​បង្កឱ្យ​​​កកស្ទះ​ចរាចរណ៍​ទៀត​ផង ​។

ប៉ុន្តែ​ទោះបី​ជា​បែប​​ណា បុរស​នោះ​បាន​បដិសេធ​​ថា​ ខ្លួន​មិន​បាន​ធ្វើ​ដូច្នេះ​​ឡើយ ខ្លួន​មាន​កាំបិត​មែន​ ប៉ុន្តែ​មិន​បាន​ទុក​ចាក់​សន្តិសុខ​នោះ​​ទេ គឺ​ដាក់​សម្រាប់​ទុក​ពុះ​ផ្លែ​ធុ​រេ​ន នៅ​ពេល​ដែល​ម៉ូយ​ទិញ​តែ​ប៉ុណ្ណោះ​ ។

ហេតុ​ការ​ណ៍​​នោះ​​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ​ឧសភា ​​២០១៦ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ បុរស​អ្នកលក់​ផ្លែ​ធុ​រេ​​នខាងលើ​​នោះ​ឈ្មោះផេង ម៉េ​ង អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ប្រភពពី​ក្រុម​សន្តិ​សុខ​ផ្សារ​ជម្ពូ​វ័ន​​​​និយាយ​ថា កាលពី​ថ្ងៃ​ទី​៣ ​ឧសភា បុរស​​អ្នកលក់​ផ្លែ​ធុ​រេ​​ន​​​នោះ​​​ជិះ​ម៉ូតូ​សណ្ដោង​រទេះ​ដឹក​ផ្លែ​ធុ​រេ​ន​ពេញ​​ដើរ​​លក់ ហើយ​​​ទៅ​ឈប់​លក់​នៅ​ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន ដោយ​​ឈប់​​នៅ​លើ​ផ្លូវ​ បង្កឱ្យ​​​កកស្ទះ​ចរាចរណ៍ ​។ ​ខណៈនោះ​កម្លាំង​សន្តិសុខ​ផ្សារ​បាន​ទៅ​ប្រាប់​ឱ្យ​គាត់​រក​កន្លែង​ទូលាយ ​ដើម្បី​ចត​មិនឱ្យ​​ឈប់​នៅ​ទីនោះ​ទេ ​ប៉ុន្តែ​គាត់​មិន​ស្ដាប់​ និង​បាន​រក​រឿង កម្លាំង​​សន្តិសុខ​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​មាន​នរណា​តបត​ជាមួយ​គាត់​នោះ​ទេ ហើយ​គាត់​ក៏​បាន​ចាកចេញ​ទៅ​បាត់ ។

ប្រភព​ដដែល​​បន្ត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​៤ ​ឧសភា បុរស​នោះ​បាន​ដឹក​ផ្លែ​ធុ​រេ​ន​ទៅ​ឈប់​លក់​នៅ​ទីនោះ​ទៀត ហើយដោយ​នៅ​ព្រឹក​នោះ មាន​ថ្នាក់ដឹកនាំ​ត្រូវ​ឆ្លងកាត់​​ផង គឺ​មិន​អាច​ឱ្យ​​គាត់​ឈប់​បែប​អនាធិបតេយ្យ​បាន​ឡើយ កម្លាំង​សន្តិសុខ​បាន​បង្ខំចិត្ត ឲ្យ​គាត់​ចាកចេញ​ មិនឱ្យ​​មានការ​កកស្ទះ​ចរាចរណ៍​បាន​ទេ​ ​ខណៈ​ពេល​កម្លាំង​សន្តិសុខ​ទៅ​ប្រាប់​ឱ្យ​​គាត់​​ចេញ គាត់​មិន​ព្រម​ ​ទើប​មានការ​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា​ខ្លះ​ៗ ហើយ​បុរស​​ខ្លាំង​រូប​នោះ ក៏​បាន​ទាញ​កាំបិត​ដេញ​ចាក់​ក្រុម​សន្តិសុខ បណ្ដាលឱ្យ​មានការ​ភ័យ​ខ្លាច​រត់​ជាន់​​ជើង​គ្នាតែម្តង ។ ​