រដ្ឋាភិបាល៖ EU​មិន​ដាក់​សំពាធ និង​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​រដ្ឋ​អធិបតេយ្យ​ទេ

សហភាពអ៊ឺរ៉ុប និងរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ឧសភានេះ ដើម្បីពិភាក្សាលើកកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ និងវិស័យវិនិយោគទុន។ ក្នុងកិច្ចប្រជុំនោះ សហភាពអ៊ឺរ៉ុប បានប្រាប់រដ្ឋាភិបាលកម្ពុជាខ្លួនមិនលូកដៃចូលក្នុងកិច្ចការអនុវត្តច្បាប់របស់កម្ពុជានោះទេ។

នេះគឺជាការបញ្ជាក់របស់លោកជិន ម៉ាលីន ក្រោយកិច្ចប្រជុំរវាងសហភាពអ៊ឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាក្នុងវិស័យយុត្តិធម៌។ អ្នកនាំពាក្យ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានឱ្យដឹងថា ប្រធានបទនៃការចាប់ខ្លួនតំណាងរាស្ត្រ សង្គមស៊ីវិល និងសកម្មជនគណបក្សនបោយបាយថ្មីៗនេះ មិនបានស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះទេ ប៉ុន្តែសហភាពអ៊ឺរ៉ុបបានបង្ហាញក្តីបារម្ភចំពោះការចាប់ខ្លួនដោយតុលាការកម្ពុជានាពេលនេះ។ ក្រៅពីនេះ សហភាពអ៊ឺរ៉ុបបានស្នើឱ្យកម្ពុជាត្រូវមានការអនុវត្តច្បាប់ដោយស្មើភាពគ្នា និងគ្មានការរើសអើង។ ក្រោយការលើកឡើង ក្រសួងយុត្តិធម៌ បានអះអាងថាចំណាត់ការនេះ គឺជាការអនុវត្តច្បាប់ក្នុងនាមជាប្រទេសនីតិរដ្ឋ និងមានអធិបតេយ្យភាព។

រដ្ឋាភិបាល៖ EU​មិន​ដាក់​សំពាធ និង​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​រដ្ឋ​អធិបតេយ្យ​ទេ

កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី ០៩ ពីថ្ងៃទី ០២-០៤ ខែ ឧសភា ឆ្នាំ ២០១៦ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមរំលឹកថា ហេតុដែលនាំឱ្យសហភាពអ៊ឺរ៉ុបលើកយកបញ្ហាក្តៅនេះជាមួយរដ្ឋាភិបាលកម្ពុជាគឺបន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន ហើយនឹងត្រូវតម្រង់ជួរគ្នាចូលឆ្លើយបំភ្លឺនៅចំពោះមុខតុលាការថែមទៀតផង។ ដោយមន្ត្រីសង្គមស៊ីវិល ចំនួន៤រូប និងមន្ត្រីជាន់ខ្ពស់គ.ជ.ប ដែលធ្លាប់ជាអ្នករិះគន់សង្គមកម្ពុជាមិនថ្នមសំដីនោះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងស៊ីសំណូក និងសមគំនិត ក្នុងអំពើពុករលួយប្រាក់២០៤ដុល្លារអាមេរិកក្នុងសំណុំរឿងអាស្រូវផ្លូវភេទរវាងស្រ្តីម្នាក់ និងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

បើទោះបីជាសហភាពមិនបានដាក់ សំពាធ ឬអន្តរាគមន៍ណាមួយចំពោះករណីចាប់ខ្លួននេះ ប៉ុន្តែការលើកឡើងសហភាពអ៊ឺរ៉ុបនៅមុខរដ្ឋាភិបាលកម្ពុជានេះ គឺពិតជាការបង្ហាញពីការយកចិត្តទុកដាក់នៃដំណើរការអនុវត្តច្បាប់នៅកម្ពុជាបច្ចុប្បន្ន៕

ប្រភពៈ RFI