បុត្រីច្បងរបស់អតីតព្រះមហាក្សត្រលាឈប់ពីសមាជិកព្រឹទ្ធសភា

បុត្រីច្បងរបស់សម្តេចឪ បានលាឈប់ពីមុខងារជាសមាជិកព្រឹទ្ធសភា ប៉ុន្តែមិនដឹងពីមូលហេតុអ្វីនោះទេ។

យោងតាមរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី៤ខែឧសភាគឺគណៈកម្មាធិការនេះ ប្រជុំពិនិត្យលើសំណើសុំជ្រើសតាំងសមាជិកព្រឹទ្ធសភាថ្មីដាក់ជំនួសសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសុំលាលែង។

VOD មិនអាចទាក់ទង លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបាននៅឡើយ។

បច្ចុប្បន្នសមាជិកព្រឹទ្ធសភាសរុបមានចំនួន៦១រូប ក្នុងនោះ៤៦រូបមកពីគណបក្សប្រជាជនកម្ពុជា ១១រូបមកពី គណបក្ស សម រង្សីុ ២រូបតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀតជ្រើសតាំងដោយរដ្ឋសភា។

សម្តេចព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី គឺសមាជិកព្រឹទ្ធសភាសម្រាប់អាណត្តិទី៣ពីឆ្នាំ២០១២ដល់២០១៨ ដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ សម្តេចព្រះព្រះរៀមក៏ធ្លាប់ជាសមាជិកព្រឹទ្ធសភាចំនួន២អណត្តិមកហើយ។

សម្តេចព្រះរៀម មានចំណេះជំនាញខាងរបាំបុរាណនិងធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងវប្បធម៌ពីឆ្នាំ១៩៩៨ដល់២០០៤។

បច្ចុប្បនេះ ព្រះអង្គម្ចាស់ គឺជាសមាជិកកិត្តិយសនៃក្រុមប្រឹក្សាអន្តរជាតិរបាំនៅអង្គការយូណេស្កូ៕

បុត្រីច្បងរបស់អតីតព្រះមហាក្សត្រលាឈប់ពីសមាជិកព្រឹទ្ធសភាសម្តេចព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី (រូបភាពពី AP)

ប្រភពៈ VOD