ថ្ងៃ​ណាត់ជួប​រវាង​នាយក​រដ្ឋមន្ត្រី​និង​អ្នកកាសែត ត្រូវ​បាន​គ្រោង​រៀបចំ​នៅ​ក្នុង​អំឡុង​ខែសីហា​ខាង​មុខ

ថ្ងៃ​ណាត់ជួប​រវាង​នាយក​រដ្ឋមន្ត្រី​និង​អ្នកកាសែត ត្រូវ​បាន​គ្រោង​រៀបចំ​នៅ​ក្នុង​អំឡុង​ខែសីហា​ខាង​មុខ



រាជធានី​ភ្នំពេញ ៖ ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ក្រើនរំលឹក​ដល់​អ្នក​សារព័ត៌មាន​រួម​ទាំង​សង្គម​ស៊ី​វិល​ឱ្យ​គោរព​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះថា បច្ចុប្បន្ន​យើង​ចូល​ដល់​ដំណាក់កាល​អនុវត្ត​ច្បាប់ហើយ ។ ដូច្នេះ​មាន​ន័យ​ថា បើ​យើង​សរសេរ​ព័ត៌មាន ហើយ​មានការ​ចោទប្រកាន់​គឺ​គេ​ត្រូវ​អនុវត្ត​តាម​ច្បាប់ ។

ការ​ថ្លែង​ដូច្នេះ ក្នុង​ពេល​ដែល​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចូលរួម​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ដែល​បាន​ធ្វើ​ឡើង​កាល​ពី​​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា សហការ​រៀបចំ​ដោយ អង្គការ​ OHCHR ដេ​ប៉ា​ដឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គម​ន៍​វិទ្យា​សារ​គម​ន៍​កម្ពុជា នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្លិប​អ្នកកាសែត​កម្ពុជា មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា និង​សមាគម​កម្ពុជា​ការពារ​អ្នកកាសែត ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​ថា សេរីភាព​អ្នក​សារព័ត៌មាន​កម្ពុជា​កំពុង​ត្រូវ​បាន​លើកតម្កើង​ខ្ពស់ បើ​ធៀប​ទៅគឺ​ខុស​គ្នា​ពី​ឆ្នាំ​២០១៥ ពោល​គឺ​អ្វី​ៗ​ដែល​ខុស​ពី​ការ​ពិត គឺ​ត្រូវ​មាន​ប្រតិកម្ម​តប ព្រោះ​យើង​ជា​សង្គម​ប្រជាធិបតេយ្យ ការ​យល់​ឃើញ ការ​បញ្ចេញមតិ គឺ​ត្រូវ​ផ្អែក​លើ​មូលដ្ឋាន​ច្បាស់លាស់ ។

ទាក់ទង​ការ​ជួបជុំ​រវាង​សម្តេច​នាយក​រដ្ឋមន្ត្រី និង​អ្នក​សារព័ត៌មាន​ជា​រៀង​រាល់​ឆ្នាំ​នោះ លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ បាន​អះអាង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​សម្រេច​ទទួលយក​ថ្ងៃ​ដែល​សម្តេច​ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី សម្រាប់​ជួបជុំ​អ្នក​សារព័ត៌មាន ដើម្បី​ជជែក​គ្នា សួរសុខទុក្ខ សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​គ្នា​ជា​រៀង​រាល់​ឆ្នាំ ។ ដោយឡែក សម្រាប់​ឆ្នាំ​នេះ គឺ​បាន​ឯកភាព​យក​ថ្ងៃ ក្រោយ​ការ​ប្រទូសរ៉ាយ​គ្នា​ឆ្នាំ​១៩៩៧ បន្ទាប់​ពី​សម្តេច​បាន​ដឹកនាំ​ប្រទេស និង​បាន​ប្រកាស​ពី​គោលនយោបាយ មាន​គោល​នយោបាយ​បញ្ឈប់​ការ​កាប់​ព្រៃឈើ​ជាដើម ។ ដូច្នេះ ថ្ងៃ​ណាត់ជួប​អ្នកកាសែត​ឆ្នាំ​នេះ អាច​និយាយ​បាន​ថា ក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០១៦ ។

គួរ​បញ្ជាក់​ថា ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធានបទ សិទ្ធិ​ទទួល​ព័ត៌មាន ជា​សិទ្ធិ​របស់​អ្នក ។ ទិវា​នេះ បាន​ក្លាយទៅជា​ឱកាស​ដ៏​សំខាន់​មួយ ក្នុង​ការ​លើក​ស្ទួយ​សេរីភាព​សារព័ត៌មាន វាយតម្លៃ​នូវ​កម្រិត​សេរីភាព ការពារ​ស្ថាប័ន​សារព័ត៌មាន​ពី​ការ​វាយប្រហារ និង​ជា​ឱកាស​រំលឹក​ទៅ​ដល់​អ្នក​សារព័ត៌មាន ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​អាជីព​របស់​ខ្លួន ៕