ពលរដ្ឋ​ចំណាក​ស្រុក​ជាង​៥០០​គ្រួសារ​ស្នើសុំ​ដី​សម្បទាន​សង្គម​កិច្ច​ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី

តំណាង​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ជាង ៥០០​គ្រួសារ​អះអាង​ថា នឹង​នាំ​គ្នា​ទៅ​សង់​រោង​ស្នាក់នៅ​បណ្ដោះអាសន្ន​ជា​ថ្មី​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង ឋិត​ក្នុង​ភូមិ​រវ៉ាក់ ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ឆ្វៀល​ដី​សម្បទាន​នោះ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កង​កម្លាំង និង​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ១០០​នាក់ ដែល​មក​សង់​រោង​ស្នាក់នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ឋិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧៨​អា ចន្លោះ​ព្រំប្រទល់​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ឧសភា កន្លង​ទៅ។

ចាប់​ពី​ឆ្នាំ​២០១២ រហូត​មក ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ប្រមាណ ៥០០​គ្រួសារ បាន​ព្យាយាម​មក​សង់​រោង​ស្នាក់នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ប្រមាណ ៥​លើក ក៏ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​រុះរើ​រោង​ប្រក់​សំពត់​កៅស៊ូ​ទាំង​នោះ និង​បណ្ដេញ​អ្នក​ភូមិ​ឲ្យ​ចាក​ចេញ ដោយ​សំអាង​ថា ដី​នោះ​រដ្ឋ​បាន​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​រួច​ហើយ។

តំណាង​ប្រជាពលរដ្ឋ លោកស្រី រ៉ិត វណ្ណី ឲ្យ​ដឹង​ថា ជាង ៤​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​ភូមិ​បាន​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ ឲ្យ​ជួយ​ដោះស្រាយ​ការ​បណ្ដេញ​ចេញ​នេះ ហើយ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ផ្តល់​ដី​សម្បទាន​នៅ​តំបន់​នោះ​សម្រាប់​ដី​លំនៅឋាន និង​ដី​កសិកម្ម។ រីឯ​ស្ថាប័ន​រដ្ឋសភា ក្រសួង​មហាផ្ទៃ ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ធ្វើ​លិខិត​អន្តរាគមន៍​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ក៏ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ អ្នក​ភូមិ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​បែប​ណា​នៅ​ឡើយ។ លោកស្រី​បន្ត​ថា អ្នក​ភូមិ​នឹង​នាំ​គ្នា​កាន់​តែ​ច្រើន​ទៅ​សង់​រោង​ស្នាក់នៅ​ទីនោះ​ជា​ថ្មី បើ​ទោះ​បី​ជា​ត្រូវ​បណ្ដេញ​ចេញ​យ៉ាង​ណា​ក្តី៖ «ថ្ងៃ​អាទិត្យ ថ្ងៃ​ច័ន្ទ គេ​កម្ចាយ​ដេក​បាន​មួយ​យប់​បាន​រោង​ច្រើន​ដែរ ប៉ុន្តែ​ម្សិលមិញ​គេ​ចាប់។ បង​ប្អូន​យើង​ម្សិលមិញ​បាន​តែ​ជាង ១០០​នាក់​ទេ គេ​ព័ន្ធ​ពួក​យើង​ក្នុង​លិខិត​ស្នើសុំ​ជាង ៥០០​គ្រួសារ។ ឥឡូវ​ឡើង​មក​បាន​ជាង ៣០០​គ្រួសារ​ហើយ ប្រហែល​ថ្ងៃ​ស្អែក​ចូល​មួយ​សា​ទៀត​លែង​ចេញ​ហើយ»

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​សម្រេច​ដាក់​កង​កម្លាំង​យាម​ជា​ប្រចាំ​នៅ​តំបន់​ដែល​អ្នក​ភូមិ​ចូល​ទៅ​តាំង​ទី​លំនៅ ដើម្បី​ការពារ​ដី​រដ្ឋ​បាន​ចេញ​អាជ្ញាប័ណ្ណ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។

ទាក់ទិន​ការ​ចូល​ទៅ​តាំង​ទី​លំនៅ​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់​ថា អ្នក​ភូមិ​ចូល​ទៅ​ធ្វើ​រោង​ស្នាក់នៅ​លើ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ដោយ​ខុស​ច្បាប់។ ហេតុ​នេះ អាជ្ញាធរ​ខេត្ត​មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ធ្វើ​បែប​នេះ​បាន​ឡើយ៖ «ដី​ហ្នឹង​ដី​របស់​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ហ្វៀល ក្នុង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី គេ​បាន​ចុះ​បញ្ជី​ដី​រួច​ហើយ។ គាត់​មក​ចាប់​អ៊ីចឹង​ខុស​ហើយ ប៉ុន្តែ​យើង​បាន​ពន្យល់​គាត់​ឲ្យ​គាត់​ចាក​ចេញ​អស់​ហើយ»

ចំណែក​ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក តូច យន់ បញ្ជាក់​ដែរ​ថា សមត្ថកិច្ច​បាន​ស៊ើប​អង្កេត និង​សាកសួរ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ចូល​មក​តាំង​ទីលំនៅ​ថ្មី អះអាង​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​ចំណាយ​ប្រាក់​មួយ​គ្រួសារ ១០០​ដុល្លារ​ទៅ​ឲ្យ​មេ​ខ្យល់​ដែល​សន្យា​រត់​ការ​សុំ​ដី​តំបន់​នោះ​សម្រាប់​ចែក​ចាយ​ជា​ដី​សម្បទាន​សង្គមកិច្ច។ លោក​កត់​សម្គាល់​ដែរ​ថា កន្លង​ទៅ​នេះ ក្រុម​សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​មេ​ខ្យល់​ដើរ​បញ្ចុះ​បញ្ចូល​ឲ្យ​អ្នក​ភូមិ​មក​ចាប់​ដី ហើយ​បង់​ប្រាក់​ទៅ​ឲ្យ​ពួក​គេ ដែល​ជា​ទង្វើ​បោកប្រាស់​ប្រជាពលរដ្ឋ៖ «ប្រជាពលរដ្ឋ​គាត់​ចាញ់​ការ​ញុះញង់​របស់​មេខ្លោង​បោកប្រាស់។ គាត់​យក​លុយ​ពី​គាត់​ម្នាក់ ១០០​ដុល្លារ ហើយ​ធានា​ថា​ទាមទារ​ដី​ហ្នឹង​ដើម្បី​ក្លាយ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់។ ធាតុ​ពិត​មិន​អ៊ីចឹង​ទេ ហើយ​មុខ​សញ្ញា​ចាស់​ហ្នឹង​ធ្លាប់​ធ្វើ​ការ​អុកឡុក​យូរ​ហើយ»

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ដែល​គ្មាន​ដី​រស់នៅ​ពិត​ប្រាកដ ឲ្យ​វិល​ទៅ​ស្រុក​កំណើត ហើយ​ស្នើសុំ​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ដែល​គេ​រស់នៅ ដោយ​បញ្ជាក់​ពី​អត្តសញ្ញាណ និង​ការ​គ្មាន​ដី​រស់នៅ​ប្រកប​របរ​កសិកម្ម ដើម្បី​អាជ្ញាធរ​ខេត្ត​ធ្វើ​របាយការណ៍​ជូន​រាជ​រដ្ឋាភិបាល​ពិនិត្យ​សម្រេច។

នាយក​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា ថ្លែង​ថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មាន​តំបន់​ដី​សម្បទាន​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្វះ​ដី​ពិត​ប្រាកដ ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​តាម​លិខិត​បទដ្ឋាន និង​សេចក្តី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ការ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច។ លោក​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​តាម​គោលការណ៍ ដោយសារ​ទីតាំង​ដែល​អ្នក​ភូមិ​តាំង​ទី​លំនៅ​មិន​ជាប់​ពាក់ព័ន្ធ​ដី​ដែល​រដ្ឋ​បាន​ចាត់​ចែង​រួច។ ហេតុ​នេះ ប្រសិន​ប្រជាពលរដ្ឋ​ពិត​ជា​គ្មាន​ដី សុំ​ឲ្យ​បំពេញ​បែបបទ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ចៀសវាង​ដើរ​ចាប់​ដី​អនាធិបតេយ្យ៖ «លិខិត​របស់​ថ្នាក់​ដឹក​នាំ​ខាង​លើ​ឲ្យ​ខេត្ត​ពិនិត្យ និង​ដោះស្រាយ​ជូន។ បើ​ពិនិត្យ​ឃើញ​ត្រឹមត្រូវ អាច​ដោះស្រាយ​បាន ខេត្ត​អ្នក​ដោះស្រាយ​ជូន។ ដល់​ពិនិត្យ​ទៅ​ឃើញ​មិន​ត្រឹមត្រូវ ទីតាំង​នោះ​ជា​ដី​រដ្ឋ​សន្យា​ជាមួយ​ក្រុមហ៊ុន ហើយ​ដូច​យើង​ជួល​ផ្ទះ​ឲ្យ​គេ​ហើយ យើង​ឲ្យ​កូន​ចៅ​ទៅ​អុកឡុក​គេ អា​ហ្នឹង​ជា​ការ​មិន​សមរម្យ​សម្រាប់​អ្នក​វិនិយោគ»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​ក៏​បាន​ផ្តល់​ព័ត៌មាន និង​សុំ​ការ​អន្តរាគមន៍​ពី​សមាគម​លោក ជួយ​ការពារ​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ ក៏ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដោយ​អនុលោម​តាម​ផ្លូវ​ច្បាប់​កំណត់ ជាពិសេស​ការ​ប្រើ​សិទ្ធិ​របស់​ពលរដ្ឋ ចៀសវាង​រំលោភ​ទៅ​សិទ្ធិ និង​ច្បាប់​បាន​កំណត់។ លើស​ពី​នេះ​ទៀត លោក​ស្នើសុំ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ប្រាស្រ័យ​បាន​ទូលំទូលាយ ដើម្បី​ស្វែង​យល់​ពី​បំណង​ប្រាថ្នា និង​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ទូទៅ​ដែល​កំពុង​ជួប​បញ្ហា​លំបាក៖ «ជា​ការ​លើក​ទឹក​ចិត្ត យើង​ខ្ញុំ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​បាន​ដី​នៅ​តំបន់​នោះ​ដើម្បី​សង់​លំនៅឋាន បាន​ដី​បង្កបង្កើនផល គាត់​ត្រូវ​តែ​គោរព​តាម​អនុក្រឹត្យ​លេខ​១៩ ស្ដីពី​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច។ គាត់​ត្រូវ​តែ​ហ៊ាន​ចូល​ជួប​គណៈ​អភិបាល​ខេត្ត​មណ្ឌលគិរី ដើម្បី​ជជែក​គ្នា​ឲ្យ​បាន​ច្បាស់​ពី​គោល​បំណង​ចង់​បាន​របស់​ពួក​គាត់ ទៅ​លើ​អ្វី​ដែល​គាត់​បាន​ធ្វើ​បច្ចុប្បន្ន​ហ្នឹង។ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​គ្រប់​រូប មិន​ថា​គាត់​មក​ពីណា​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​ពលរដ្ឋ​ចំណាក​ស្រុក​មួយ​រូប​ទៀត គឺ​លោក វ៉ាន់ សារួន ឲ្យ​ដឹង​ថា ពួក​គេ​មិន​បាន​ទទួល​ប្រាក់​អ្វី​ពី​ពលរដ្ឋ​ចំណាក​ស្រុក​នោះ​ឡើយ។ អ្នក​ភូមិ​ដែល​មក​តាំង​លំនៅឋាន​នៅ​តំបន់​នោះ គឺ​ពលរដ្ឋ​ចំណាក​ស្រុក​ពី​ខេត្ត​កំពង់ចាម កំពង់ធំ ក្រចេះ ស្វាយរៀង និង​ព្រៃវែង សុទ្ធសឹងតែ​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​ធ្វើ​កសិកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។