បក្ស​ប្រឆាំង​សម្រេច​មិន​ឲ្យ​តំណាងរាស្ត្រ​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​របស់​តុលាការ

គណបក្ស​សង្គ្រោះជាតិ​សម្រេច​មិន​ឲ្យ​តំណាងរាស្ត្រ​ខ្លួន​​៣​រូប ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​របស់​តុលាការ​ឡើយ ដោយ​ចាត់​ទុក​ដីកា​នេះ ជា​ការ​ប្រើ​អំណាច​រំលោភបំពាន​លើ​អភ័យឯកសិទ្ធិ​សភា​យ៉ាង​ធ្ងន់ធ្ងរ ដែល​ធានា​ការពារ​​ដោយ​រដ្ឋធម្មនុញ្ញ​មាត្រា៨០។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​បក្ស​នេះ នៅ​ថ្ងៃ​ទី​៤ ឧសភា បាន​ស្នើ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​ដែល​មាន​អភ័យឯកសិទ្ធិ​សភា ពី​ស្ថាប័ន​តុលាការ​គ្រប់​ជាន់​ថ្នាក់ និង​ស្នើ​​ឲ្យ​គោរព​រដ្ឋធម្មនុញ្ញ រួម​នឹង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។

មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​សភា ហើយ​មិន​ត្រូវ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន បាន​ឡើយ លុះ​ត្រា​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរលែង​តែ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។

កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុជាតិ កោះហៅ​សាកសួរ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ក្នុង​ដំណើរ​រឿង​បរិហារកេរ្តិ៍​តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា។

ចំណែក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​២​រូប​ទៀត គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា ក៏​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ពី​ដំណើររឿង​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។