សភា​តួ​ក​គី ប្រវាយប្រតប់​គ្នា​ពេញ​សភា ខណៈ​ជជែក​ពី​ការដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ

សមាជិកសភា​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​តួ​ក​គី នៅ​ថ្ងៃទី០២ ខែមេសា​កន្លងទៅ បាន​ប្រវាយប្រតប់ គ្នា​ពេញ​សភា ខណៈពេល​ខណៈ​ក​ម្មា​ធិ​ការ​របស់​សភា កំពុងតែ​ជជែក និង​អនុម័ត​ទទួលយក​សំណើ នៃ ការកែប្រែ​រដ្ឋធម្មនុញ្ញ​ទាក់ទង​នឹង​ការដក​អភ័យ ឯកសិទ្ធិ​របស់​សមាជិក​សភា។ ការផ្ទុះ​ហិង្សា​នេះ បាន​បង្ក ឲ្យ​សមាជិកសភា​មួយចំនួន​រងរបួស​ផងដែរ។

កណ្តាប់ដៃ ការ​លោត​ផ្លោះ​តុ  រួមជាមួយ​នឹង​ការ​គប់​ដប​ទឹក​សុទ្ធ​ជាច្រើន បាន​បង្ក​ឲ្យ​សភា​តួ​ក​គី​ទាំងមូល ត្រូវ​បាត់បង់​សណ្តាប់ធ្នាប់ ក្រោយពី​គណៈកម្មាធិការ​នៃ​សភា​តួ​ក​គី បានអនុម័ត​ទទួលយក​សំណើ​ដ៏​ចម្រូងចម្រាស​របស់​បក្ស​កាន់អំណាច​ក្នុង​ការដក​អភ័យ​សិទ្ធិ​សមាជិកសភា​ដើម្បី​អាច​កាត់ទោស​បាន។

បើតាម​សំណើ​របស់​បក្ស​កាន់អំណាច​តួ​ក​គី ប្រការ​នៃ​មាត្រា៨៣នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែងថា «អ្នកតំណាងរាស្ត្រ​ដែល​ត្រូវបាន​រង​នូវ​ការ​ចោទថា​បាន​ប្រព្រឹត្ត​បទល្មើស​មុន ឬ​ក្រោយ​នៃ​ការបោះឆ្នោត មិន ត្រូវបាន​ឃុំខ្លួន សាកសួរ​ចម្លើយ ឬ​ជំនុំជម្រះ​បានឡើយ លុះត្រា​មានការ​សម្រេច​ពីស​ភា»  នឹងមិន​ត្រូវ បាន​អនុវត្ត​ចំពោះ​សំណុំរឿង​ដែល​ទាក់ទង​នឹង​បណ្តឹង​ដែល​ចោទ​សមាជិកសភា​បច្ចុប្បន្ន​នោះ។

ជុំវិញ​សំណើ​នេះដែរ ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdoğan បាន​ពន្យល់​នៅមុន​ពេល​ដាក់​ទៅកាន់​សភា ថា នៅពេល​បញ្ហា​នៃ​ការដក​អភ័យ​សិទ្ធិ​ត្រូវបាន​ជជែក​នោះ គេ​នឹង​យល់ថា អភ័យ ឯកសិទ្ធិ គួរតែ​ត្រូវបាន​ដក ហើយ​វា​ក៏​មិនមែនជា​បញ្ហាសំខាន់​ដែរ។ លោក បន្ថែមថា វា ក៏មាន​ន័យ​ដែរ ថា​អ្នកណា​ក៏ដោយ​ដែលមាន​បណ្តឹង​ប្រឆាំង​ខ្លួន និ​តី​វិធី​នៃ​បណ្តឹង​នោះ នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលាការ ភ្លាម​តែម្តង។ លោក​សង្កត់ធ្ងន់ថា «ប្រសិនបើ​អ្នកប្រព្រឹត្ត​បទល្មើស នោះ​អ្នក​នឹងត្រូវ​ចាត់ការ​ដោយ តុលាការ» ។ លោក ចង់​សំដៅថា មិនថាឡើយ​អ្នកជា​សមាជិកសភា ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស អ្នកនឹង ត្រូវ​កាត់ទោស​ដោយ​តុលាការ។

តាមពិតទៅ សំណើ​នៃ​ការដក​អភ័យឯកសិទ្ធិសភា​នេះ ធ្វើឡើង​ក្រោយ​ពេលដែល​លោក​ប្រធានាធិបតី តួ​ក​គី Tayyip Erdoğan បាន​ចោទប្រកាន់​សមាជិកសភា​មួយចំនួន​របស់​បក្សប្រឆាំង​ថា​នៅ​ពីក្រោយ​ខ្នង នៃ​ក្រុម​ឃើ​ដ ដែល​កំពុង​វាយ​បង្ក​សកម្មភាព​ភេរវកម្ម និង​ប្រឆាំង​រដ្ឋាភិបាល​តួ​ក​គី។ នេះ​មានន័យថា ប្រសិនបើ​សំណើ​នោះ ត្រូវបាន​សភា​អនុម័ត​ជា​ផ្លូវការ តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងនោះ នឹងត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ពន្ធនាគារ​ផងដែរ។

យ៉ាងណាក៏ដោយ សំណើ​នោះ នឹងត្រូវ​យកទៅ​ជជែក និង​ការពារ​នៅ​សភា​ទាំងមូល​ថ្ងៃទី១៦ខែឧសភា​ខាងមុខ៕