ចត​ចោល ព្រោះ​ខឹង​ប៉ូលិស​ឃាត់​រក​ឯកសារ​ចេញចូល

ខេត្តកោះកុង ៖ តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មេ​សា ២០១៦ ថា នៅ​វេលា​ម៉ោង​២៣​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣ មេ​សា ២០១៦ ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម បាន​បិទ​បា​រ៉ា​ស់​មិន​ព្រម​អនុញ្ញាតិ​ឱ្យ​រថយន្ត​អំ​ប៊ូឡ​ង់ របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះ​កុង ត្រឡប់​មក​កម្ពុជា​វិញ ខណៈ​ពេល​ដែល​រថយន្ត​ខាងលើ​នេះ​ដឹក​អ្នកជំងឺ​ត្រូវ​សង្គ្រោះ​បន្ទាន់​ចូល​ទៅ​មន្ទីរពេទ្យ​ថៃ ហើយ​ត្រឡប់​មក​វិញ ។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម បានឱ្យ​ដឹង​ថា ជា​ធម្មតា​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម មាន​កិច្ចព្រមព្រៀង​បញ្ចប់​ម៉ោង​រដ្ឋបាល​រវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ថៃ​) ត្រឹម​ម៉ោង​២២​និង​០០​នាទី​យប់ តែ​ចំពោះ​ករណី​រថយន្ត​ដឹក​អ្នកជំងឺ វា​ជា​ករណី​អាទិភាព​ពិសេស ពេល​កំពុង​ដឹក​អ្នកជំងឺ​ចេញ​ទៅ​ប្រទេស​ថៃ សមត្ថកិច្ច​មិន​បាន​ឃាត់​ទេ ។ តែ​ពេល​ត្រឡប់​មក​វិញ ត្រូវ​យក​ឯកសារ​មក​បង្ហាញ​សមត្ថកិច្ច​ឈរជើង​ផង ព្រោះ​ពេល​ត្រឡប់​មក​វិញ ក្នុង​រថយន្ត​អំ​ប៊ូឡ​ង់​ខាងលើ ពុំ​មាន​អ្នកជំងឺ​ទេ ។ ហេតុនេះ​សមត្ថកិច្ច​ក៏​ត្រូវ​ទាមទារ​ការ​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់​ដែរ ព្រោះ​កន្លង​មក​ទៅ​ស្រុក​ខ្មែរ​រថយន្ត​សង្គ្រោះ​ក៏​មាន​ដឹក​បទល្មើស​ដែរ ហើយ​រថយន្ត​ស៊ីទែន ក៏​មិន​ទៀង​​ថា ដឹក​តែ​ប្រេង ឬ​ទឹក​ដែរ ខ្លះ​យក​ទៅ​ដឹកឈើ​ប្រណី​តទៅ​វិញ ហេតុនេះ​សមត្ថកិច្ច​ច្រក​ទ្វារ​ទាមទារ​ពិនិត្យ​ឯកសារ​ពេល​ត្រឡប់​មក​វិញ​ឱ្យ​បាន​ច្បាស់លាស់​។

ប្រភព​ដដែល​បាន​និយាយ​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ឃាត់​រថយន្ត​ខាងលើ អ្នក​បើករថយន្ត​មិន​បាន​បង្ហាញ​ឯកសារ​ដល់​សមត្ថកិច្ច​ទេ ថែម​ទាំង​បើករថយន្ត​វាង​គេច​ពី​បា​រ៉ា​ស់​ច្រក​ទ្វារ​ចូល​តាម​ច្រក​កាស៊ីណូ​មក​ទីរួមខេត្ត​យ៉ាង​ប្រញាប់ប្រញាល់​ទៅ​វិញ មិន​ព្រម​ប្រឈម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ឡើយ ហេតុនេះ​ទើប​សមត្ថកិច្ច​បាន​តាម​ហៅ​រថយន្ត​ខាងលើ​ឱ្យ​ត្រឡប់​មក​វិញ ។ លោក​ទោ ម៉ឹង នាយ​កម​ន្ញ​ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ប្រាប់​កោះសន្តិភាព​ថា នៅ​លើ​ពិភពលោក​មិន​ដែល​សមត្ថកិច្ច​ណា​ឃាត់​ឡានពេទ្យ​ទេ ព្រោះ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​គ្រូពេទ្យ ឬ​រថយន្ត​ពេទ្យ​មាន​តែ​ការ​សង្គ្រោះ មិន​ថា មិត្ត ឬ​សត្រូវ​ទេ ដូច្នេះ​ការ​ឃាត់​រថយន្ត​ខាងលើ គឺជា​ការ​មិន​គោរព​សិទ្ធិ​អាទិភាព​របស់​រថយន្ត​ពេទ្យ ។

តែ​ទោះជា​យ៉ាងណា គិត​ត្រឹម​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៤ មេ​សា ២០១៦ ការ​សម្របសម្រួល​រវាង​ស្ថាប័ន​ទាំង​២ នៅ​មិន​ទាន់​ដោះស្រាយ​បាន​នៅឡើយ​ទេ ហើយ​រថយន្ត​អំ​ប៊ូឡ​ង់ ក៏​កំពុង​នៅ​ក្បែរ​បា​រ៉ា​ស​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​នៅឡើយ ។ ប៉ុន្តែ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម លោក​សុវណ្ណ ប៊ុ​ន​ធឿ​ន បញ្ជាក់​ចុង​ក្រោយ​ថា សមត្ថកិច្ច​ប៉ូលិស​បាន​យល់ព្រម​អនុញ្ញាតិ​ឱ្យ​រថយន្ត​ពេទ្យ​ខាងលើ​ចូល​មក​វិញ​ហើយ តែ​ខាង​ពេទ្យ​មិន​ព្រមទៅ​យក គឺ​នៅ​ចត​ឡាន​ចោល​ក្បែរ​ប៉ា​រាស់​ច្រក​ទ្វារ​តាំងពី​យប់​ថ្ងៃ​ទី​៣ មេ​សា ២០១៦ រហូត​មក​ដល់​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៤ មេ​សា ២០១៦ នេះ​មិនដឹង​ថា មូលហេតុ​អ្វី?