សម្តេច​តេ​ជោ ហ៊ុន សែន ៖ នៅ​កម្ពុជា​ការ​បញ្ចេញមតិ​ត្រូវ​បាន​បើកចំហ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា «​នៅ​កម្ពុជា ការ​បញ្ចេញមតិ​ត្រូវ​បាន​បើកចំហរ​ដោយ​ស្មើភាព ដោយ​គ្មាន​ការ​រើសអើង ការ​ប្រកាន់​បក្ខពួក ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​» ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ដោយ​បញ្ជាក់​ទៀត​ថា «​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​គឺ​ទូលំទូលាយ​មែនទែន នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​កាលពី​ម្សិលមិញ «​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សិទ្ធិ​របស់​អ្នក​» គឺ​បាន​បង្ហាញ​អោយ​ឃើញច្បាស់​ថា  រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ និង​លើក​ស្ទួយ​សិ​ទ្ឋិ​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​យ៉ាង​ទូលំទូលាយ ហើយ​ចាត់​ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅ​សាធារណជន  ប្រជាពលរដ្ឋ និង​ក្នុង​ការ​ពាំនាំ​និង​លាតត្រដាង​ព័ត៌មាន​ពិត និង​ទាន់​ហេតុការណ៍​ពី​គ្រប់​រូបភាព និង​គ្រប់​ជ្រុងជ្រោយ​នៃ​សង្គម​។​»

សម្តេច​បន្ត​ថា “​កម្ពុជា​” ត្រូវ​បាន​ចាត់ទុកជា​ប្រទេស​ដែល​មាន​ស្ថានភាព​សារព័ត៌មាន​ល្អ​ប្រសើរ​ជាងគេ​បំផុត នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​។ នេះ​ដោយសារ​ការ​ប្តេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​រួម​ជាមួយ​រាជរដ្ឋាភិបាល ដែល​តែងតែ​គាំទ្រ​លើកទឹកចិត្ត​ក្នុង​ការ​ស្តារ​អភិវឌ្ឍ​សមត្ថភាព  និង​លើកកម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​បញ្ចេញមតិ​នៅ​កម្ពុជា​តាម​រយៈ​ច្បាប់​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន ។ មក​ដល់​សព្វ​ថ្ងៃនេះ  យើង​មាន​បណ្តាញសារព័ត៌មាន​គ្រប់​រូបភាព​រាប់រយ​រួម​ទាំង​សារ​ព័ត​មាន​ពេញ​និយម Online ជា​ច្រើន ជា​ពិសេស​តាម Facebook ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដោយ​សេរី​បំផុត​នៅ​កម្ពុជា  ក្នុង​នោះ​គឺ​រួម​មាន​ទាំង​សារព័ត៌មាន​ដែល​មាន​និន្នាការ​ប្រឆាំង​ផង​ដែរ​។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​សរសេរ​ទៀត​ថា «​អ្នក​សារ​ព័ត​មាន ត្រូវ​តែ​បញ្ជាក់​ប្រភព​ព័ត៌មាន​អោយ​បាន​ច្បាស់លាស់​ពិតប្រាកដ​ត្រឹមត្រូវ ជា​ពិសេស  គឺ​ត្រូវ​ស្តាប់​អោយ​ច្បាស់​មុន​នឹង​ចេញផ្សាយ​អ្វី​ដែល​មិន​ពិត​។ បើ​ផ្សព្វផ្សាយ​អ្វីមួយ​ខុស​ពី​ការ​ពិត គឺ​ត្រូវ​ក្លាហាន​ហ៊ាន​សូមទោស​និង​កែរ​តម្រូវ​អោយទាន់​ពេលវេលា​ប្រកបដោយ​ក្រមសីលធម៌​និង​ការ​ទទួលខុសត្រូវ​ខ្ពស់​។ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អ្វី​ដែល​ល្អ​មាន​ប្រ​យោ​ជ​ន៌​ដល់​ប្រទេស​ជាតិ​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ក៏​ដូច ជា​ពាណិជ្ជករ​និង​វិនិយោគ​គិ​ន​ជាដើម​៕»