ស្ពាន​ព្រែកតាសក​ស្រុត​ចំ​កណ្ដាល, ​អ្នក​ដំណើរ​ឆ្លង​កាត់​មាន​ការ​ភ័យ​ខ្លាច

ស្ពាន​ព្រែកតាសក​ស្រុត​ចំ​កណ្ដាល, ​អ្នក​ដំណើរ​ឆ្លង​កាត់​មាន​ការ​ភ័យ​ខ្លាច



កណ្ដាល​ ៖ ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១៤(​អ្នក​លឿង ​ក្អមសំណរ​)​​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​លើកដែក​ គេ​បាន​​ស្ថាបនា​ស្ពាន​ជាច្រើន​​​ ព្រោះ​ក្នុង​ភូមិ​សាស្ត្រ​នេះ​មាន​ព្រែក​ជា​ច្រើន​ឆ្លង​កាត់​ ហើយ​ក្នុងចំណោម​ស្ពាន​ទាំង​នោះ ​បច្ចុប្បន្ន​មាន​ស្ពាន​មួយ​កន្លែង​ស្រុត​ចំ​កណ្ដាល​ ដែល​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ដល់​អ្នក​ធ្វើដំណើរ​ឆ្លង​កាត់។

ស្ពាន ​ដែល​ស្រុត​នោះ​គឺ​ស្ពាន​លេខ​១៣​ មាន​ឈ្មោះ​ថា ​ស្ពាន​ព្រែក​តាសក​ ស្ថិត​ក្នុង​ភូមិ​ពាម​រាំង​លើ ​ឃុំ​ពាម​រាំង​ ស្រុក​លើកដែក​ ខេត្ត​កណ្ដាល។

តាម​ប្រជាពលរដ្ឋ ​​​រស់នៅ​ក្បែរ​ស្ពាន​នោះ ​បាន​បញ្ជាក់​ថា ​ស្ពាន​នេះ​បាន​ស្រុត​តាំងពី​ទឹក​ឡើង​ធំ​ កាល​ឆ្នាំ​២០១០-២០១១​មក​ម្ល៉េះ ​(​គឺ​ស្រុត​សសរ​កណ្ដាល​)​ តែ​កាលនោះ​ស្រុត​បន្តិចបន្តួច​ទេ ​តែ​ដោយ​មាន​រថយន្ត​ដឹក​ទំនិញ​(​កសិផល​)​ធុន​ធ្ងន់​ឆ្លងកាត់​ ជា​រៀងរាល់​ថ្ងៃ​ បច្ចុប្បន្ន​នេះ​គឺ​ស្រុត​កាន់តែ​ខ្លាំង​ និង​គួរឲ្យ​បារម្ភ​ ខណៈ​ឆ្លងកាត់​ម្តងៗ។

ប្រភព​បាន​បន្ថែម​ថា​ ពួកគាត់​ឃើញ​ខាង​សាធារណការ​មក​ពិនិត្យមើល​ស្ពាន​នេះ​ចំនួន​ពីរដង​ហើយ​ដែរ​ តែ​ពុំ​មាន​ឃើញ​មក​ជួសជុល​នោះ​ទេ។ ពួកគាត់​មានការ​បារម្ភ​ខ្លាំង​នៅ​ពេល​រដូវ​ទឹក​ឡើង​ព្រោះ​វា​នឹង​អាច​ស្រុត​បាក់ ​និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ។ អាស្រ័យហេតុនេះ​ពួកគាត់​សូម​សំណូមពរ​ដល់​ខាង​សាធារណការ​មេត្តា​ត្រួតពិនិត្យ​ និង​ជួសជុល​ឲ្យបាន​មុន​រដូវ​ទឹក​ឡើង​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់៕
ស្ពាន​ព្រែកតាសក​ស្រុត​ចំ​កណ្ដាល, ​អ្នក​ដំណើរ​ឆ្លង​កាត់​មាន​ការ​ភ័យ​ខ្លាច