ក្រុម​សិល្បៈ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត​គ័ង​តុង ធ្វើការ​សម្ដែង​សិល្បៈ​ នៅ​កម្ពុជា​

ក្រុម​សិល្បៈ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត​គ័ង​តុង ធ្វើការ​សម្ដែង​សិល្បៈ​ នៅ​កម្ពុជា​



ភ្នំពេញ​ ៖ ក្រុម​សិល្បៈ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត​គ័ង​តុង (​ក្វាង​ទុង​)​ បាន​មក​ធ្វើការ​សម្ដែង​នៅក្នុង​កម្មវិធី​តន្ត្រី​ទេសចរណ៍ វប្បធម៌​វិថី​សូត្រ នៅ​សាលសន្និសីទ​ចតុមុខ​កាល​ពី​រាត្រី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ ដើ​ម្បី​ភ្ជាប់​ទំនាក់ទំនង​នៃ​ប្រជាជាតិ​ទាំងពីរ កម្ពុជា និង​ចិន​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ ​ក្រោម​វត្តមាន​ចូល​រួម​ពី​សំណាក់​ លោកស្រី ​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​លោកស្រី ពូ ជាន​គ័​រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​ភ្ញៀវ​ ដែល​បាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជាង​៤០០​រូប។

​លោកស្រី ពូ ជាន​គ័​រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​សាទរ​នូវ​ចំណងមិត្តភាព​កាន់តែ​ប្រសើរ​ឡើ​ង​រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា​ និង​ចិន តាមរយៈ​វប្បធម៌​ ដែល​ជា​ចំណង​ដ៏​រឹងមាំ ​និង​ប្រសើរ​បំផុ​ត​។ លោកស្រី ​ទូត បាន​គាំទ្រ​ឲ្យ​មាន​ការផ្លាស់ប្ដូរ ​និង​ចែករំលែក​វប្បធម៌​រវាង​ប្រទេស​យើង​ទាំងពីរ​បន្ត​ទៀត​។

លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​រំលឹក​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន ព្រមទាំង​បាន​លើកឡើង​ពី​សាវតារ​នៃ​ការ​ប្រារព្ធ​ឡើង​ទិវា​តន្ត្រី​ទេសចរណ៍វប្បធម៌ វិថី​សូត្រ​។ លោកស្រី​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្រុម​សិល្បៈ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត​គ័ង​តុង ​ដែល​បាន​ខិតខំ​ពាំនាំ​នូវ​ទស្សនីយភាព​ប្លែកៗ​ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ពី​ទម្រង់​ដ៏​ល្អ​ប្រពៃ​នៃ​វប្ប​ធ​ម៌​ចិន ដែល​ជា​ពិសេស​អត្តសញ្ញាណ​របស់​ខេត្ត​គ័ង​តុង ហើយ​លោកស្រី​ក៏​ថ្លែង​នូវ​អំណរគុណ​ដល់​ក្រុមការងារ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មន្ទីរ​វប្បធម៌​ខេត្ត​គ័ង​តុង វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ផ្ទះ​វប្បធម៌​ចិន​ប្រចាំ​នៅ​ភ្នំពេញ ​ដែល​បាន​ខិតខំ​រៀបចំ​កម្មវិធី​ប្រកប​ដោយ​អត្ថន័យ​នេះ​ឡើង​។​

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើ​ក​ទី​៤​ហើយ ​ដែល​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ក្លាយជា​ចំណែក​ដ៏​សំខាន់​មួយ​រប​ស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​នៅក្នុង​រៀបចំ​ព្រឹត្តិការណ៍​នៃ​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រជាជាតិ​យើង​ទាំងពីរ​។ បេសកកម្ម​ចម្បង​មួយ​របស់​វិទ្យាស្ថាន​គឺ​ស្ពាន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពី​រ កម្ពុជា-​ចិន តាមរយៈ​ភាសា​វប្បធម៌ និង​ទេសចរណ៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឆ្នាំ​២០១៣ ក្រោយ​ពេល​ដែល​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស យើង​ទាំងពីរ​បាន​កំណត់​យក​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន​មក ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ បាន​សហការ​ជាមួយ​ក្រសួង​វប្ប​ធម៌​របស់​ប្រទេស​ចិន ​ដើម្បី​រៀបចំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រទេស​យើង​ទាំងពីរ​៕