ក្រុម​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បន្ត​ចែក​ទឹក ​ដល់​ភូមិ​ជ្រៃ​វារ ខេត្តកំពង់ស្ពឺ​

ក្រុម​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បន្ត​ចែក​ទឹក ​ដល់​ភូមិ​ជ្រៃ​វារ ខេត្តកំពង់ស្ពឺ​



កំពង់ស្ពឺ​ ៖ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បាន​បន្ត​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​​មួយ​ភូមិ​ទៀត នោះ​គឺ​ភូមិ​ជ្រៃ​វារ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ លោក ដួង សយ មេឃុំ​ព្រៃ​វិហារ​មានប្រសាសន៍ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជ្រៃ​វារ​ត្រូវ​ធ្វើដំណើរ​ចម្ងាយ​បួន​គីឡូម៉ែត្រ​ពី​ភូមិ​ទៅ​ដងទឹក​ក្នុង​ស្រះ​មួយ ដែល​គេ​ជីក​ ដើម្បី​យក​ដី​សង់​រោងចក្រ​។​

មេឃុំ​ដដែល​បន្ថែម​ថា​ យើង​បាន​រៀប​ចំ​ឲ្យ​មាន​ការចែក​ទឹក​ដល់​គ្រួសារ​នីមួយៗ​ស្មើៗ​គ្នា​។ អត់​មាន​គ្រួ​សារ​ណា​បាន​តិច គ្រួសារ​ណា​បាន​ច្រើន​នោះ​ទេ​។ ក្នុងភូមិ​ជ្រៃ​វារ​នេះ មានគ្រួសារ​ចាស់ជរា និង​ស្ត្រី​មេម៉ាយ​ជិត​២០​គ្រួសារ​ដែរ ពិបាក​ក្នុង​ការ​ទៅ​រក​ទឹក​មក​ប្រើប្រាស់​ណាស់​។ ក្រោយពី​មានការ​ដឹក​ទឹក​មក​ចែកចាយ គាត់​សប្បាយរីករាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំបាន​។ តាងនាម​ខ្ញុំ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូ​មិ​ជ្រៃ​វារ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា និង​ជូនពរ​ដល់​ក្រុមហ៊ុន​នេះ​ឲ្យ​កាន់តែ​រកស៊ី​មា​ន​បាន​»​។

លោកយាយ នូ ផុន អ្នកភូមិ​ជ្រៃ​វារ និយាយ​ថា​ «​នៅ​ភូមិ​ខ្ញុំ​អត់​មាន​ភ្លៀង​តាំងពី​រដូវ​ច្រូត​មក​ម្ល៉េះ​។ រាល់​ថ្ងៃ ទឹក​ដែល​ត្រូវការ​សម្រាប់​ទាំង​មនុស្ស គោ មាន់ និង​ដំណាំ​។ ដោយសារ​អត់​ទឹក​ពេក សត្វ​មាន់​ងាប់​ជា​ហូរហែ​ម្ដង​មួយ​ម្ដង​ពីរ​។ ខ្ញុំ​មាន​ចៅ​ច្រើន ខ្ញុំ​ប្រើ​ទឹក​ចុះ​ជាងគេ​»​។

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បាន​ឲ្យ​ដឹង​ថា ទិដ្ឋភាព​ខ្វះ​ទឹក​ប្រើប្រាស់​របស់​ភូមិ​នីមួយៗ​នៅ​តំបន់​ដាច់ស្រយាល​មិនសូវ​ខុសគ្នា​ប៉ុន្មាន​នោះ​ទេ​។ ភូមិ​ជ្រៃ​វារ ខ្វះ​ទឹក ហើយ​សម្បូរ​គ្រួសារ​ចាស់ជរា និង​ស្ត្រី​មេម៉ាយ ដែល​ខ្វះ​កម្លាំង​ក្នុង​ការ​ទៅ​រក​ទឹក​មក​ប្រើប្រាស់​។ ក្មេងៗ​ក្នុងភូមិ​ចេញទៅ​ធ្វើការ​នៅ​រោងចក្រ​អស់ហើយ​។ អ្នក​ពន្លត់​អគ្គិភ័យ​របស់​យើង ខ្លះ​រែក​ទឹក ខ្លះ​យួរ​ទឹក​ទាំង​ធុងៗ​ទៅ​ចាក់​ដល់​ក្នុង​ពាង​ឲ្យ​គាត់​ដោយ​គ្មាន​ការនឿយហត់ ពីព្រោះ​យើង​បាន​ធ្វើ​បុណ្យ​ជាមួយ​មនុស្ស​ចាស់ជរា និង​ស្ត្រី​មេ​មា​យ​»​។

មកដល់ពេលនេះ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ដែល​តែងតែ​ជួយ​សង់​សាលារៀន ឧបត្ថម្ភ​មន្ទីរពេទ្យ ផ្ដល់​អា​ហារូបករណ៍ ​ដល់​និស្សិត​ក្រីក្រ និង​ជួយ​ផ្នែក​មនុស្សធម៌​ផ្សេងៗ បាន​សហការ​ជាមួយ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ដឹក​ទឹក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​៥​ថ្ងៃ​ជាប់ៗ​គ្នា បាន​ចំនួន​៥​ភូមិ​ក្នុង​ខេត្ត​ពីរ គឺ​ខេត្ត​កំ​ពត និង​ខេត្តកំពង់ស្ពឺ សរុប​ជា​គ្រួសារ​បាន​ជាង​២៨០​គ្រួសារ​។ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ដែល​ផលិត​ស្រា​បៀរ​កម្ពុជា នឹង​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ជា​បន្ត​ទៀត​៕