លិខិតមិត្តអ្នកអាន៖​ហេតុ​អ្វីក៏​​ពល​រដ្ឋ​​នៅ​តែ​ទៅ​បោះ​ឆ្នោត​ ទាំង​​គ្មាន​សង្ឃឹម​ថា​មាន​ការ​ផ្ទេរ​អំណាច​?

សកម្មភាពអនុវត្តច្បាប់ស្តង់ដារពីររបស់រដ្ឋាភិបាលឬគណបក្សកាន់អំណាចទៅលើគណបក្សប្រឆាំងនិងសង្គមស៊ីវិលនាពេលបច្ចុប្បន្ននេះ សឹងអាចឲ្យពលរដ្ឋនិងអ្នកវិភាគមួយចំនួនកាត់យល់ឃើញថា គណបក្សកាន់អំណាចធ្វើនេះគឺដើម្បីធានាថាការបោះឆ្នោតខាងមុខខ្លួននឹងឈ្នះ ត្បិតសូម្បីអគ្គលេខាធិការរងគ.ជ.ប. ដែលមកពីសង្គមស៊ីវិលក៏រងគ្រោះពីសកម្មភាពនេះដែរ នេះនៅមិននិយាយពីការដែលអគ្គលេខាធិការចាស់ត្រូវបានតែងតាំងឡើងវិញផង។ ដូច្នេះ ពិតណាស់ ការបោះឆ្នោតខាងមុខ គណបក្សកាន់អំណាចនឹងឈ្នះដោយសារផ្តួលគូប្រកួតមុនឡើងសង្វៀន។ សំណួរសួរថាហេតុអ្វីពលរដ្ឋដឹងអ៊ីចឹងហើយ ម្តេចនៅតែទៅបោះឆ្នោតទៀត បើបោះឆ្នោតក៏នឹងត្រូវគេលួចបន្លំ ព្រោះស្ថាប័នបោះឆ្នោតរង្គោះរង្គើទៅហើយ បើគណបក្សដែលខ្លួនបោះឲ្យ ទោះឈ្នះក៏ចូលកាន់អំណាចមិនបាន ត្បិតយោធាក្តោបក្តាប់ដោយគណបក្សអំណាចអាចធ្វើរដ្ឋប្រហារពេលណាក៏បាន, បើទោះឡើងកាន់អំណាចបាន ក៏កែទម្រង់ស្ថាប័នរដ្ឋមិនកើត ត្បិតគណបក្សកាន់អំណាច ទោះចាញ់ឆ្នោត ក៏នៅតែក្តោបក្តាប់ប្រព័ន្ធការិយាធិបតេយ្យដែរ អាចរារាំងរាល់កំណែទម្រង់ដែលប៉ះពាល់ដល់ប្រយោជន៍របស់ពួកគេ?

ហេតុផលទី១ សង្គមនីយកម្មនយោបាយគឺរបៀបដែលពលរដ្ឋត្រូវបានចាក់បញ្ចូលនូវមន្តអាគមនយោបាយឬទឹកមន្តប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យគឺជាការបោះឆ្នោត គ្មានការបោះឆ្នោត គ្មានប្រជាធិបតេយ្យ មានសិទ្ធិបោះឆ្នោតគឺមានប្រជាធិបតេយ្យ នេះគឺជាទស្សនៈដែលពួកគេយល់ស្របនិងអនុវត្ត។ តាមពិត មានការបោះឆ្នោតមិនប្រាកដថាមានប្រជាធិបតេយ្យនោះទេ ព្រោះការបោះឆ្នោតអាចត្រូវបានលួចបន្លំ, ស្ថាប័នបោះឆ្នោតអាចត្រូវបានត្រួតត្រាដោយគណបក្សមួយ, ច្បាប់រដ្ឋធម្មនុញ្ឬច្បាប់បោះឆ្នោតអាចត្រូវបានបកប្រែស្រេចចិត្ត, អំណាចរដ្ឋាភិបាលគ្មានព្រំដែនដែលអាចបញ្ជាលើតុលាការនិងសភា, ស្ថាប័នយោធាក្រោមឥទ្ធិពលនយោបាយអាចត្រូវយកធ្វើឧបករណ៍ធ្វើរដ្ឋប្រហារឬបង្ក្រាបបាតុកម្ម…។

លិខិតមិត្តអ្នកអាន៖​ហេតុ​អ្វីក៏​​ពល​រដ្ឋ​​នៅ​តែ​ទៅ​បោះ​ឆ្នោត​ ទាំង​​គ្មាន​សង្ឃឹម​ថា​មាន​ការ​ផ្ទេរ​អំណាច​?

លោក កឹម សុខា និងលោក សម រង្ស៊ី ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៣

ពលរដ្ឋមួយចំនួនត្រូវបានបង្រៀនដោយគណបក្សនយោបាយនិងសង្គមស៊ីវិលឲ្យទៅបោះឆ្នោត ខ្លះត្រូវទៅទាំងដឹងអំពីបញ្ហានយោបាយតិចតួច, ទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយនិងការអប់រំនយោបាយគ្រប់គ្រាន់ ដូច្នេះងាយនឹងត្រូវគេទិញទឹកចិត្តនិងងាយសម្រេចចិត្តខុសណាស់។ យើងដឹងហើយថាការអប់រំនយោបាយគឺជាការលំបាក ហើយពេលខ្លះក៏ត្រូវបានរដ្ឋាភិបាលហាមឃាត់ទៀតផង។ ដោយខ្លាចការគំរាម សង្គមស៊ីវិលគ្មានជម្រើសអ្វីក្រៅពីអប់រំពលរដ្ឋអំពីកាបោះឆ្នោតឡើយ ព្រោះវាងាយជាងអប់រំអំពីរឿងនយោបាយទូទៅ ត្បិតរដ្ឋអំណាចក៏ចង់ឲ្យប្រជាជននៅតែទៅបោះឆ្នោតដែរ ព្រោះពួកគេគ្រប់គ្រងស្ថាប័នបោះឆ្នោតនោះ បង្វិលលទ្ធផលបានតាមប្រាថ្នា។ បង្រៀនពលរដ្ឋឲ្យទៅបោះឆ្នោតទាំងខ្វះការអប់រំផ្នែកនយោបាយ ប្រៀបដូចរបៀបដែលឈ្មួញចង់ឲ្យយកអតិថិជនជាវផលិតផលរបស់ខ្លួន ទាំងគ្មានចំណេះដឹងអំពីទីផ្សារនិងគុណភាពសុវត្ថិភាពផលិតផលដូច្នោះ ខុសគ្នាតែត្រង់ថាសង្គមស៊ីវិលមិនសូវទាញផលចំណេញពីពលរដ្ឋដូចឈ្មួញប៉ុណ្ណោះ។ ជាលទ្ធផល ពលរដ្ឋក៏គិតថាទៅបោះឆ្នោតដោះស្រាយបានគ្រប់បញ្ហា មានបញ្ហាត្រូវរកអន្តរាគមន៍ពីអ្នកនយោបាយឬនាយករដ្ឋមន្ត្រី តាំងពីរឿងកំប៉ិកកំប៉ុកឡើងទៅ ជាជាងបង្កើតសកម្មភាពជាក្រុមក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង នៅក្នុងករណីដែលពលរដ្ឋអាចមានលទ្ធផល។ ឧ. សកម្មភាពសហគមន៍សន្សំថវិកា, ចូលលុយគ្នាជីកអណ្តូងទឹកសហគមន៍។ល។ ការបោះឆ្នោតមានប្រសិទ្ធភាព លុះត្រាតែស្ថាប័នបោះឆ្នោតអាចធានាបាននូវលទ្ធផលឆ្នោតថាគ្មានភាពមិនប្រក្រតី, ការផ្ទេរអំណាចគ្មានភាពរអាក់រអួលនិងស្ថាប័នយោធា ប្រាកដថាមិនជ្រៀតជ្រែកដោយធ្វើរដ្ឋប្រហារជាដើម។ បើលក្ខខណ្ឌទាំងនេះបំពេញមិនបានទេ គេគ្មានសង្ឃឹមថាទៅបោះឆ្នោតជាដំណោះស្រាយឡើយ តែគឺជាបញ្ហាទៅវិញទេ។

ហេតុផលទី២ មេដឹកនាំមតិ គឺថា ពលរដ្ឋទៅបោះឆ្នោតទៅតាមគណបក្សដែលពួកគេគាំទ្រ បើមេគណបក្សប្រកាសឲ្យទៅបោះឆ្នោត ពួកគេនឹងទៅ ទោះដឹងអំពីភាពមិនប្រក្រតីមុនការបោះឆ្នោតក៏ទៅតាមសំណូមពរ(គ.ជ.ប.មិនឯករាជ្យ, បញ្ជីឈ្មោះអ្នកបោះឆ្នោតមានបញ្ហា, យន្តការដោះស្រាយជម្លោះក្រោយបោះឆ្នោតគ្មានប្រសិទ្ធភាព…)។ ទោះបីមានបទពិសោធន៍អំពីការបោះឆ្នោតកន្លងមក អាណត្តិទី១ គណបក្សចាញ់ឆ្នោតនៅតែអាចធ្វើជានាយករដ្ឋមន្ត្រីបាន ត្រួតត្រាយោធានិងមន្ត្រីរដ្ឋបាល ក្រោយមកធ្វើរដ្ឋប្រហារមុនការបោះឆ្នោតនៅអាណត្តិទីពីរ ទោះបីពលរដ្ឋបោះឆ្នោតឱ្យគណបក្សផ្សេងក៏ដោយ ភស្តុតាងនេះពុំបានជំរុញឲ្យពួកគេគិតថាការបោះឆ្នោតគ្មានប្រសិទ្ធភាពឡើយ។ ពិតណាស់ ឈ្នះឆ្នោតតែមិនប្រាកដថាឈ្នះអំណាចឡើយ ទោះបីយ៉ាងណា គណបក្សប្រឆាំងបច្ចុប្បន្ននៅតែបន្តឃោសនាប្រាប់ម្ចាស់ឆ្នោតថាខ្លួននឹងឈ្នះឆ្នោតតាំងពីអាណត្តិមុន ហើយត្រៀមឡើងកាន់អំណាចហាក់គ្មានសញ្ញាណបង្ហាញពីការព្រួយបារម្ភពីការធ្វើរដ្ឋប្រហារដោយគណបក្សដែលក្តាប់យោធាទាល់តែសោះ។ គេថាមិនអាចរដ្ឋប្រហារបានទេ ព្រោះខ្លាចតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ជាក់ស្តែង រដ្ឋប្រហារធ្វើទៅយ៉ាងស្រួលនៅឆ្នាំ១៩៩៧ ក្រោយមកមិនឃើញតុលាការឧក្រិដ្ឋកម្មអន្តរជាតិធ្វើអន្តរាគមន៍អ្វីផង ប៉ុណ្ណឹងហើយគេនៅតែជឿជាក់លើប្រសិទ្ធភាពនៃតុលាការនេះទៀត។ គេអះអាងទៀតថាមិនអាចទេ ព្រោះស្ថានភាពបច្ចុប្បន្នខុសពីឆ្នាំ៩៧-៩៨ ប្រជាជនទទួលបានព័ត៌មានច្រើននិងសកម្មក្នុងរឿងនយោបាយ។ អ្វីដែលគេត្រូវការដើម្បីធ្វើរដ្ឋប្រហារគឺភាពស្មោះស្មគ្ររបស់យោធា ជាក់ស្តែងឆ្នាំ២០១៣ ក្រោយបោះឆ្នោត កងទ័ពចល័តចូលក្រុងយ៉ាងងាយស្រួល គ្មានឃើញពលរដ្ឋសកម្មរារាំងអ្វីផង ឧបមាបើកាលណោះ លទ្ធផលឆ្នោតគណបក្សកាន់អំណាចចាញ់ រួចពួកគេចល័តទ័ពមកធ្វើរដ្ឋប្រហារវិញ តើស្ថានភាពអ្វីដែលគេអះអាងនោះថារារាំងរដ្ឋប្រហារមិនឲ្យកើតឡើង?

ហេតុផលទី៣ គ្មានជម្រើសផ្សេង។ ក្រៅពីទៅបោះឆ្នោត ពលរដ្ឋភាគច្រើនគិតមិនឃើញសូម្បីតែពហិការការបោះឆ្នោត ឯពលរដ្ឋភាគតិចដែលពិតជាគិតឃើញពីវិធីធ្វើពហិការ ធ្វើអ្វីមិនកើតសោះ ព្រោះពហិការការបោះឆ្នោតត្រូវការចំនួនពលរដ្ឋច្រើនល្មមដើម្បីធ្វើឲ្យខ្វះកូរ៉ុមតាមមណ្ឌលបោះឆ្នោត ធ្វើគ្នាតិចឥតប្រសិទ្ធភាព ត្រូវការគ្នាច្រើនល្មមតែគ្មានភាគីណាមួយហ៊ានបំផុស (គណបក្សផ្សេងៗ, សង្គមស៊ីវិល, សហជីព, សមាគម…)។ ឲ្យមែនទែនទៅ ពិតជាមានអ្នកហ៊ានបំផុសយុទ្ធនាការពហិការការបោះឆ្នោត ប៉ុន្តែក្រោយមក ពួកគេក៏ទទួលបានមេរៀន បាក់ស្បាតលែងហ៊ានធ្វើសកម្មភាព។ ពួកគេត្រូវជាប់គុកច្រវាក់ ត្រូវបានចោទថាក្បត់ជាតិ(ន័យពិតប្រាកដនៃពាក្យនេះគឺក្បត់គណបក្សកាន់អំណាច) ទាំងគ្មានភស្តុតាងអ្វីសោះថាមិនទៅបោះឆ្នោតខុសច្បាប់។ ជាក់ស្តែងការបោះឆ្នោតរាល់អាណត្តិ ពលរដ្ឋគ្រប់អាយុបោះឆ្នោតជាច្រើនមិនបានទៅបោះឆ្នោត ហេតុអ្វីមិនទៅចាប់អ្នកមានម្រាមដៃមិនប្រលាក់ទឹកក្រហមទឹកខៀវនោះដាក់គុកទាំងអស់ទៅ? ពីក្រោយរឿងនេះជាចេតនានយោបាយសុទ្ធសាធ, សំណួរសួរថាបើពហិការការបោះឆ្នោតជាវិធីគ្មានប្រសិទ្ធភាព ហេតុអ្វីគណបក្សកាន់អំណាចខ្លាចវិធីនេះខ្លាំងម្ល៉េះ រហូតដល់ចាត់វិធានការភ្លាមៗមិនបង្អង់យូរ។ បើគណបក្សកាន់អំណាចចង់ឲ្យប្រជាជនមិនទៅបោះឆ្នោត(ឲ្យគណបក្សប្រឆាំង)មែន ហេតុអ្វីចាប់ចងអ្នកបំផុសប្រជាជនឲ្យមិនទៅបោះឆ្នោត គួរតែជំរុញវិញទើបត្រូវ? ព្រោះគណបក្សកាន់អំណាចមិនមែនមិនចង់ឲ្យប្រជាជនមិនទៅបោះឆ្នោតនោះទេ គឺពួកគេនៅតែចង់ឲ្យដូច្នោះដើម្បីជួយបំពេញស្របច្បាប់ឲ្យរដ្ឋាភិបាល(រួចពួកគេអាចមានលេសធ្វើរដ្ឋាភិបាលចាំផ្ទះ តែសម្រេចកិច្ចការជាតិធំៗអ្វីក៏បានដូចរដ្ឋាភិបាលពេញសិទ្ធិដែរ) អាចលួចបន្លំសន្លឹកឆ្នោតបានដោយត្រួតត្រាស្ថាប័នបោះឆ្នោត(ទោះពលរដ្ឋបោះឲ្យគណបក្សណាផ្សេង) ពន្យារពេលដោះស្រាយជម្លោះក្រោយការបោះឆ្នោតរហូតដល់បិទបញ្ចប់ដោយងាយស្រួល។ ពលរដ្ឋទៅបោះឆ្នោតបួនអាណត្តិទៅហើយ(លើកលែងអាណត្តិទី៤ ដែលពលរដ្ឋភាគច្រើនបោះឆ្នោតគណបក្សអំណាចមិនចង់ផ្លាស់ប្តូរ) ផ្លាស់ប្តូរមិនបាន ពួកគេនៅតែសន្និដ្ឋានថាមានតែការបោះឆ្នោតប៉ុណ្ណោះដែលនាំមកនូវការផ្លាស់ប្តូរ ចំណែកពហិការការបោះឆ្នោតវិញ មិនដែលសូម្បីតែសាកល្បង ពួកគេក៏ប្រញាប់វាយតម្លៃថាគ្មានប្រសិទ្ធភាពទៅហើយ។ ពួកគេមិនសួរថាធ្វើដូចម្តេចដើម្បីឲ្យពហិការមានប្រសិទ្ធភាពទេ តែបែរជាសួរសំណួរបិទច្រកថាពហិការការបោះឆ្នោតមានប្រសិទ្ធភាពដូចម្តេច បើមានគណបក្សតូចៗចាំបំបែកសំឡេង? តាមពិតគឺការទៅបោះឆ្នោតទេ ដែលជំរុញមានសំឡេងឲ្យគេបំបែក មិនមែនពហិការបោះឆ្នោតឡើយ ព្រោះស្ថាប័នបោះឆ្នោតដែលមិនឯករាជ្យនឹងយកសំឡេងដែលបានមកពីគណបក្សប្រឆាំងទៅឲ្យគណបក្សដែលគេចាត់ទុកថាបំបែកសំឡេងនោះ បើគណបក្សប្រឆាំងពហិការការចូលរួមបោះឆ្នោតនិងប្រមូលអ្នកគាំទ្ររបស់ខ្លួន ព្រមទាំងទាក់ទាញគណបក្សដែលប្រឆាំងការលួចឆ្នោតដែរ ឲ្យមិនចូលរួមការបោះឆ្នោតដែរ ចំនួនអវត្តមានអ្នកបោះឆ្នោតនឹងកើនហួសប្រមាណ ពិបាកឲ្យគណបក្សកាន់អំណាចមានលេសថាខ្លួនឈ្នះឆ្នោតណាស់ រាល់វិធីត្រៀមលួចបន្លំទាំងអស់នឹងអសារបង់ ត្បិតស្ងាត់មណ្ឌលបោះឆ្នោតទៅហើយ គណបក្សកាន់អំណាចឈ្នះដោយរបៀបណាទៅ មានតែលួចបន្លំ, ភាពស្របច្បាប់ថាខ្លួនឈ្នះឆ្នោតនឹងបាត់បង់ទាំងស្រុង, ប្រសិទ្ធភាពនេះហើយដែលនាំឲ្យគណបក្សកាន់អំណាចខ្លាចពលរដ្ឋភាគច្រើនមិនទៅបោះឆ្នោតពេកក្រៃ ហើយចាប់អ្នកបំផុសពហិការភ្លាមៗ។ ចុងក្រោយ អ្នកបំផុសពហិការការបោះឆ្នោតត្រូវអស់សង្ឃឹម ដោយសាររដ្ឋអំណាចធ្វើទុក្ខបុកម្នេញផង មជ្ឈដ្ឋានមហាជនចាត់ទុកវិធីនេះថាគ្មានប្រសិទ្ធភាពទៀត, ការលះបង់ប្រែក្លាយជាន័យ សូម្បីតែយើងអ្នកសរសេរអត្ថបទរងការជេរប្រមាថមិនតិចទេ ថាជាបញ្ញវន្តឡឺកឺ, មិនចេះគិត, បង្ហាញពីវិធីដែលចង់ផ្លោះជំហាន ខ្លះបញ្ចេញមតិមិនទាំងអានអត្ថបទផង អានតែចំណងជើង។ សួរថាអ្នកណាទៅល្ងង់ឈានជើងចូលហានិភ័យទៅប្រាប់ប្រជាជនទៅ បើសូម្បីប្រតិកម្មពីមជ្ឈដ្ឋានមហាជនមកមិនឱ្យតម្លៃផងហ្នឹង!

ជម្រើសល្អទៀតមួយដែលពលរដ្ឋមានគឺបាតុកម្ម ប៉ុន្តែក្រោយធ្វើបាតុកម្មបរាជ័យហើយ ពលរដ្ឋក៏ចាត់ទុកជាវិធីឥតប្រសិទ្ធភាពដូចពហិការការបោះឆ្នោតដែរ។ ពលរដ្ឋ បូករួមទាំងគណបក្សប្រឆាំងដែរ សន្មត់ថាបាតុកម្មគ្មានប្រសិទ្ធភាព ពុំចោទសួរឬងឿងឆ្ងល់អំពីគន្លឹះនៃបាតុកម្មជោគជ័យឡើយ ពោលគឺគេបន្ទោសថាវិធីអប្រសិទ្ធភាពក្រោយពេលបរាជ័យខ្លួនឯង ពួកគេមិនចោទសួរថាហេតុអ្វីប្រទេសជាច្រើនធ្វើបាន ខ្លួនធ្វើមិនបានឡើយ? នេះក៏ព្រោះសមត្ថភាពធ្វើបាតុកម្មរបស់ពួកគេមានកម្រិត ហើយពួកគេមើលមិនឃើញពីភាពមានកម្រិតរបស់ខ្លួន សូម្បីតែរាល់ការព័ត៌មានវិភាគពីព្រឹត្តិការណ៍បាតុកម្ម សឹងរកអ្នកជំនាញមានឯកទេសខាងចលនាសង្គមមកនិយាយមិនបាន(ប្រហែលជាមានដែរតែមិនច្រើននិងមិនហ៊ានចេញមុខ) កុំថាដល់ទៅការបណ្តុះបណ្តាលដែលមានគុណភាពអំពីរបៀបធ្វើបាតុកម្ម។ អ្នកវិភាគទាំងនោះងាយនឹងសន្និដ្ឋានថាការបង្ក្រាបដោយហិង្សាលើបាតុករធ្វើឲ្យបាតុកម្មបរាជ័យខ្លាំងណាស់ មហាជននិងបាតុករក៏គិតអ៊ីចឹងដែរ ក្រោយមកការទស្សន៍ទាយ ទាយដោយខ្លួនឯងធ្វើឲ្យក្លាយជាការពិតដោយខ្លួនឯង។ តាមពិត ការបង្ក្រាបមិនអាចបញ្ចប់បាតុកម្មនោះទេ បើបាតុករបំបែកគ្នា រួចនៅតែបន្តធ្វើកូដកម្ម ឧ. កម្មករបាតុកម្មទាមទារប្រាក់ឈ្នួល ឈប់ប្រមូលផ្តុំគ្នាក្រោយការបង្ក្រាប ដើម្បីបំបែកគោលដៅរួម កាត់បន្ថយគ្រោះថ្នាក់ ធ្វើឲ្យកងសន្តិសុខពិបាកតាមបង្ក្រាបក្រុមគោលដៅច្រើន, ថ្ងៃបន្ទាប់ពីថ្ងៃបង្ក្រាបនៅតែបន្តធ្វើកូដកម្ម មិនចូលធ្វើការ, កងសន្តិសុខមិនមានច្រើននិងមិនអាចបន្តបង្ក្រាបកម្មករច្រើនលើសលុបជាងខ្លួនបានយូរឡើយ, មិនដល់មួយសប្តាហ៍ទេ ពួកគេនឿយណាយលែងចង់ធ្វើតាមបញ្ជាបង្ក្រាបបន្តទៀត, ភាគីនិយោជិកនឹងអស់ខែលការពារ គ្មានជម្រើសអ្វីក្រៅពីធ្វើតាមសំណើរកម្មករ។ ជាអកុសល កម្មករមិនអាចនឹកឃើញវិធីបត់បែននេះឡើយ ក្រៅពីភ័យខ្លាចពីការបង្ក្រាប មានតែបរាជ័យប៉ុណ្ណោះ ឯពហិការការបោះឆ្នោតនឹងបរាជ័យដូចគ្នា បើគេភ័យខ្លាចជាប់គុកច្រវាក់ឬការបង្ក្រាបហិង្សាជាដើមនោះ។ សំណួរសួរថាបើពហិការកាបោះឆ្នោតពិតជាមានប្រសិទ្ធភាពមែន ខ្មែរមានអ្នកចេះដឹងច្រើន ម្តេចគ្មាននរណាដឹងនិងអនុវត្ត? ស្រដៀងនឹងករណីបាតុកម្មដែរ ពលរដ្ឋភាគច្រើនសូម្បីតែនឹកមិនឃើញផង កុំថាដល់ទៅចេះធ្វើឲ្យពហិការមានប្រសិទ្ធភាព។ ឯអ្នកចេះដឹងវិញ មានគឺមានហើយ តើនរណាហ៊ាននិយាយបើនិយាយទៅគ្មានអ្នកជឿ ហើយត្រូវគេមាក់ងាយ រួចជាប់គុកទទេៗឥតអំពើ? ពហិការការបោះឆ្នោតមានហានិភ័យខ្លាំងមែន តែខ្លាំងចំពោះតែអ្នកបំផុសប៉ុណ្ណោះ រីឯអ្នកអនុវត្តវិញមានហានិភ័យទាបណាស់ ត្បិតមិនទៅបោះឆ្នោត វាងាយខ្លាំងណាស់ គ្រាន់តែដេកនៅផ្ទះមិនទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោតទៅជាការស្រេច។ តើគណបក្សកាន់អំណាចទៅបង្ខំពលរដ្ឋរាប់លាននាក់ឲ្យទៅបោះឆ្នោតដោយបៀបណា? បើតាមវាយដល់ផ្ទះ តើនរណាល្ងង់ទៅនៅផ្ទះឲ្យគេវាយបានសឺៗនោះ? ម្យ៉ាង ទោះតាមទាន់វាយត្រូវ ពលរដ្ឋនៅតែមិនទៅបោះឆ្នោត តើសម្លាប់ពួកគេ បានសន្លឹកឆ្នោតឬ? រាល់ការតស៊ូតែងត្រូវការអ្នកលះបង់ ការជាប់គុកច្រវាក់របស់អ្នកបំផុសពហិការតែងមានតម្លៃ ដរាបណានៅតែមានអ្នកអនុវត្តតាម។

ហេតុផលទី៤ មជ្ឈដ្ឋានសង្គមឬសម្ពាធក្រុម។ អ្នកមិនទៅបោះឆ្នោតនៅពេលពលរដ្ឋភាគច្រើនទៅបោះឆ្នោត ត្រូវបានគេមើលឃើញថាជាពលរដ្ឋល្ងង់ខ្លៅមិនយល់ពីសិទ្ធិខ្លួនឯង(សិទ្ធិទៅបោះឆ្នោតឲ្យគេលួច)ដូច្នេះសម្ពាធពីក្រុមមនុស្សជុំវិញខ្លួនឬមជ្ឈដ្ឋានសង្គមនេះនឹងក្លាយជាគំរូមួយ ជះឥទ្ធិពលលើអ្នកដែលមិនទៅបោះឆ្នោត ឲ្យទៅបោះឆ្នោតឲ្យតែប្រលាក់ម្រាមដៃតាមគេដែរ ទោះមិនដឹងបោះឆ្នោតឲ្យគណបក្សណា មិនយល់ដឹងពីគណបក្សនយោបាយ រហូតឈានដល់ទុកសន្លឹកឆ្នោតឲ្យនៅទទេស្អាត ប្រសើរជាងបោះឲ្យគណបក្សខុស។ ចង់មិនចង់ ពួកគេត្រូវបោះឆ្នោត ឲ្យគេឃើញថាបានបោះ ខ្លះក៏ប្រឹងបង្ហោះរូបម្រាមខ្មៅរបស់ខ្លួន ហាក់ដូចជាមោទនភាពខ្លាំងណាស់ គិតថាមានតែខ្លួនយកចិត្តដាក់ទុកបញ្ហាជាតិ។ ហេតុនេះហើយ គ្មានអ្វីចម្លែកទេ ដែលការសិក្សារកឃើញថា អ្នកបោះឆ្នោតបោះទៅតាមមិត្រភក្តិ គ្រួសារ ក្រុមសង្គមនានា ជាជាងទៅតាមការសម្រេចចិត្តផ្ទាល់ខ្លួន ពោលគឺក្រុមទាំងនោះបោះឲ្យគណបក្សណា ខ្លួនបោះឲ្យគណបក្សនោះដែរ។ បើពលរដ្ឋភាគច្រើនមិនទៅបោះឆ្នោត ពួកគេនឹងមិនទៅដែរ។

ហេតុផលទី៥ ប្រព័ន្ធផ្សព្វផ្សាយ។ មាតិកានយោបាយតែងឋិតនៅជាអាទិភាពនៅលើស្ទើរគ្រប់សារព័ត៌មាន ក្នុងនោះរាល់ព័ត៌មានទាក់ទងនឹងការបោះឆ្នោត តែងត្រូវបានយកចិត្តទុកដាក់។ សឹងគ្មានពន្លឺដល់តិចតួចសោះឡើយអំពីភាពអាចទៅរួចនៃពហិការការបោះឆ្នោត គឺថាពេលនិយាយដល់ការបោះឆ្នោត មានតែទៅបោះឆ្នោត គ្មានទេការមិនទៅបោះឆ្នោត។ ព័ត៌មានមានតិចណាស់ និយាយពីពហិការការបោះឆ្នោត, កំរមានចំណងជើងធំនិយាយពីពហិការណាស់ ទោះមានក៏មិនសូវទទួលបានការចាប់អារម្មណ៍, ទោះចាប់អារម្មណ៍ ក៏ពុំមាននរណាយល់ថាមានប្រសិទ្ធភាព, គ្មានឡើយការពិភាក្សាវែកញែកអំពីវិធីពហិការនេះ, អ្នកដែលដឹងពីវិធីពហិការនេះក៏មិនសូវហ៊ាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយ ចុងក្រោយ នៅសល់តែការយល់ច្រលំពីវិធីពហិការការបោះឆ្នោតនេះ។

ជាការសន្និដ្ឋាន កត្តាទាំង៥ ពោលគឺសង្គមនីយកម្មនយោបាយ, គណបក្សនយោបាយ, ភាពមានកម្រិតនៃជម្រើសនិងចំណេះដឹងតិចតួចអំពីវិធីផ្សេងទៀត (បាតុកម្មនិងពហិការការបោះឆ្នោត), មជ្ឈដ្ឋានសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ នឹងជំរុញឲ្យពលរដ្ឋនៅតែទៅបោះឆ្នោត មិនអាចដើរផ្លូវផ្សេងខុសគន្លងកន្លងមកឡើយ។ តើវាអាចទៅរួចទេដែលថាពលរដ្ឋនិងគណបក្សប្រកួតប្រជែងដែលមិនចំណុះគណបក្សកាន់អំណាចអាចនឹងធ្វើពហិការមិនចូលរួមការបោះឆ្នោតខាងមុខ? មានលក្ខខណ្ឌមួយចំនួនត្រូវតែចួបជាមុន ដើម្បីជំរុញពលរដ្ឋឲ្យធ្វើពហិការការបោះឆ្នោត៖ ១. ទស្សនៈដែលលើកឡើងថាពហិការការបោះឆ្នោតទៅមិនរួចឬអប្រសិទ្ធភាពត្រូវតែត្រូវបានទាត់ចោលជាមុន ដោយពលរដ្ឋមួយចំនួនច្រើនល្មម, ២. ទស្សនៈនេះត្រូវបានយល់ដឹងច្រើនទៅៗ ហើយពលរដ្ឋជាច្រើនមើលឃើញពីអប្រសិទ្ធភាពនៃការបោះឆ្នោត បែរមករកពហិការវិញ, ៣. ពលរដ្ឋទាំងនោះអាចរួមគ្នាជាក្រុមបង្កើតយុទ្ធនាការបំផុសពហិការនិងយកឈ្នះរាល់ការបង្ក្រាបគ្រប់ទម្រង់ពីសំណាក់គណបក្សកាន់អំណាច រាប់ទាំងការចាប់ដាក់គុកជាដើម, ៤. គណបក្សនយោបាយប្រកួតប្រជែងនានាដែលមិនរណបគណបក្សកាន់អំណាច មើលធ្លុះជំហានរបស់គណបក្សកាន់អំណាចដែលប៉ងយកការបោះឆ្នោតមកធ្វើជាឈ្នាន់ឡើងទៅរកភាពស្របច្បាប់, ទទួលស្គាល់ប្រសិទ្ធភាពនៃពហិការ ហ៊ានធ្វើនិងកៀងគរពលរដ្ឋឲ្យធ្វើពហិការ, និង៥. ប្រព័ន្ធផ្សព្វផ្សាយហ៊ានចុះព័ត៌មានអំពីពហិការច្រើននិងផ្តោតលើសកម្មភាពនេះ មានការជជែកដេញដោលពីវិធីពហិការថាពិតជាមានប្រសិទ្ធភាព ទោះបីមានការហាមប្រាមឬបង្ក្រាប។ ជាចុងក្រោយ កត្តាទាំង៥នេះអាចសម្រេចបានឬមិនបាននៅតែមានកត្តាស្នូលមួយចម្បងបំផុតគឺពលរដ្ឋខ្លួនឯង។ ប្រជាធិបតេយ្យអាស្រ័យអំណាចប្រជាជន មិនមែនអាស្រ័យអំណាចអន្តរជាតិឡើយ ដូច្នេះគ្មាននរណាយកមកប្រជាធិបតេយ្យឲ្យពលរដ្ឋទេ បើពួកគេមិនចេះព្យាយាមស្វែងរកតាក់ទិចប្រឆាំងនឹងរបបដឹកនាំដែលបំផ្លាញយន្តការប្រជាធិបតេយ្យនៅក្នុងប្រទេសពួកគេ៕

ប្រភពៈ VOD