រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ «ក្នុងនាមកូនខ្មែរមួយរូប ខ្ញុំឈឺចាប់ណាស់ដែរ យើងមានទឹក មានដី មានធនធានមនុស្សច្រើន បែរនាំចូលផលិតផលពីប្រទេសជិតខាង» (Video Inside)

(ភ្នំពេញ)៖ រដ្ឋមន្រ្តីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងថា លោកមានការឈឺចាប់ក្នុងនាមជាកូនខ្មែរមួយរូប នៅពេលឃើញកម្ពុជា នាំចូលផលិតផលបន្លែត្រីសាច់រាប់តោន ពីប្រទេសជិតខាងជារៀងរាល់ថ្ងៃ គ្រាដែលកម្ពុជាមានទឹក មានដី និង មានធនធានមនុស្សជាច្រើនអាចបង្កបង្កើនផល ចិញ្ចឹមសត្វ និងចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារបានដោយខ្លួននោះ។

លោក វេង សាខុន ដែលមានអតីតកាលជាកូនកសិករអស់រយៈពេលប្រមាណ ២៣ឆ្នាំ បានថ្លែងបង្ហាញអារម្មណ៍មួរហ្មងចំពោះការនាំចូលផលិតផលកសិកម្ម ពីប្រទេសជិតខាងយ៉ាងដូច្នេះ «ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំឈឺចាប់ណាស់ដែរ ដោយសារយើងមានទឹក មានដី មានធនធានមនុស្សច្រើន ប៉ុន្តែយើងបែរជាទៅនាំចូលផលិតផលប្រទេសជិតខាង ជាពិសេសបន្លែបង្កានានា ត្រីសាច់ជាដើមនេះឯង»

ក្នុងកិច្ចសម្ភាសន៍ជាមួយ Fresh News លោក វេង សាខុន បានប្រកាសប្រឹងប្រែងផ្តល់នូវបច្ចេកទេសដាំដុះខ្ពស់ ដល់ប្រជាកសិករខ្មែរ ព្រមទាំងស្វែងរកប្រភពទន់ពីម្ចាស់ជំនួយ ជួយបង្កើនលទ្ធភាពក្នុងការដាំដុះ។ ដើម្បីបង្កើនផលិតផលបន្លែផ្លែផ្ការបស់ប្រជាកសិករខ្មែរ លោក វេង សាខុន បានបញ្ជាក់ថា លោកបានណែនាំដល់មន្រ្តី ឲ្យចុះជួយពង្រីកការដាំដុះរបស់ប្រជាពលរដ្ឋពីសួនបន្លែ។ ក្នុងនោះការងារស្វះស្វែងរកទីផ្សារ ដើម្បីកសិផលរបស់ខ្មែរ ក៏បានស្ថិតនៅក្នុងផែនការកែទម្រង់របស់លោក វេង សាខុន ផងដែរ។

លើសពីនេះ លោក វេង សាខុន ក៏បានដាក់ផែនការទប់ស្កាត់ការនាំចូលត្រីសាច់ ពីប្រទេសជិតខាងឲ្យបានខ្ពស់ ដើម្បីបង្កើនការចរាចរណ៍ផលិតផលកសិកផលរបស់ខ្មែរ។ លោក វេង សាខុន មានជំនឿចិត្តថា ប្រសិនបើកម្ពុជា អាចទប់ស្កាត់ការនាំចូលបន្លែត្រីសាច់បានច្រើនពីប្រទេសជិតខាង នឹងជួយបង្កើនសេដ្ឋកិច្ចប្រជាកសិករខ្មែរ បានមួយកម្រិតទៀត។

សូមបញ្ជាក់ថា លោក វេង សាខុន ទើបនឹងត្រូវបានជ្រើសតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក អ៊ុក រ៉ាប៊ុន កាលពីខែមេសា កន្លងទៅនេះ។ លោកធ្លាប់បានបម្រើការងារនៅក្រសួងកសិកម្មអស់រយៈពេល ១១ឆ្នាំ មុននិងផ្លាស់ទៅបម្រើការងារនៅក្រសួងធនធានទឹក និង ឧតុនិយមរយៈពេលប្រមាណ ២០ឆ្នាំ៕

ប្រភពៈ freshnewsasia