រដ្ឋាភិបាល​លុប​អាជ្ញាប័ណ្ណ​រុករក​ប្រេង​របស់ CPHL

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានលុបចោលអាជ្ញាប័ណ្ណរុករកប្រេងក្នុងសមុទ្ររបស់ក្រុមហ៊ុន CPHL (Cambodia) Co. Ltd បន្ទាប់ពីគម្រោងនេះបានបរាជ័យក្នុងការបំពេញតាមលក្ខខណ្ឌកិច្ចព្រមព្រៀងប្រេងឥន្ធនៈរបស់ខ្លួន។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល។

លោក ម៉េង ស័ក្ដធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលឲ្យដឹងថាក្រសួងរបស់លោកបានជូនដំណឹងក្រុមហ៊ុន CPHL កាលពីសប្ដាហ៍មុនថាខ្លួនបានលុបចោលកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុននេះក្នុងការរុករកប្រេងនៅប្លុក D ក្នុងដែនសមុទ្រកម្ពុជា។ លោកបន្តថា៖ «មានទំនាក់ទំនងរវាងក្រសួង និងភាគីចុះកិច្ចព្រមព្រៀងអំពីការបរាជ័យរបស់ក្រុមហ៊ុននេះក្នុងការបំពេញកាតព្វកិច្ចនៃកិច្ចព្រមព្រៀងប្រេងឥន្ធនៈរបស់ខ្លួន»។ លោកបន្តថា៖ «ហើយដោយសារការបរាជ័យនេះក្រសួងបានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងនេះ»។

ក្រុមហ៊ុន Mirach Energy Ltd មានមូលដ្ឋាននៅសិង្ហបុរីដែលគ្រប់គ្រងអត្ថប្រយោជន៍ ៤៨ ភាគរយនៅក្នុងក្រុមហ៊ុន CPHL ប្រកាសក្នុងឯកសារកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានបាត់បង់អាជ្ញាប័ណ្ណប្លុក D។ ប៉ុន្តែឯកសារនេះបានបន្ថែមថាក្រសួងបានផ្ដល់ឱកាសផ្ដាច់មុខរយៈពេល ៦ ខែឲ្យខ្លួនក្នុងអំឡុងពេលដែលមិនមានវិនិយោគិនផ្សេងទៀតត្រូវបានអនុញ្ញាតក្នុងការដេញថ្លៃលើសម្បទាននេះ។ ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងឯកសារនេះថា៖ «ក្រុមហ៊ុន CPHL ត្រូវបាន «ផ្ដល់អាទិភាពក្នុងការដាក់ពាក្យសុំកិច្ចព្រមព្រៀងប្រេងឥន្ធនៈថ្មីសម្រាប់ប្លុក D លើរយៈពេល និងលក្ខខណ្ឌជាក់លាក់ដែលរួមមានការទទួលយកដៃគូវិនិយោគថ្មីក្នុងការដេញថ្លៃប្លុក D ស្ថិតក្រោមការវិនិយោគរួម»។

កាលពីឆ្នាំ ២០០៦ ក្រុមហ៊ុនប្រទេសកម្ពុជាបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CPHL ដែលពេលនោះធ្វើពាណិជ្ជកម្មក្នុងនាមជាក្រុមហ៊ុន China Zhen Rong Cambodia Energy ដែលបានសិទ្ធិរុករកផ្ដាច់មុខនៅប្លុក D រយៈពេល ៧ ឆ្នាំ និងសិទ្ធិផលិតរយៈពេល ៣០ ឆ្នាំ។

កាលពីខែសីហាមុនរដ្ឋាភិបាលបានយល់ព្រមក្នុងការបន្តសិទ្ធិរុករកផ្ដាច់មុខរបស់ CPHL រហូតដល់ឆ្នាំ ២០១៨។ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្រសួងបានដាក់សម្ពាធឲ្យក្រុមហ៊ុននេះត្រូវបង្កើនល្បឿនការងាររុករករបស់ខ្លួន។

លោក ស័ក្ដធារ៉ា បញ្ជាក់ថា CPHL នឹងត្រូវបានអនុញ្ញាតឲ្យដាក់ពាក្យសុំជាថ្មីសម្រាប់អាជ្ញាប័ណ្ណប្លុក D ប៉ុន្តែទាល់តែក្រុមហ៊ុន «បំពេញកាតព្វកិច្ចរូបវន្ត និងហិរញ្ញវត្ថុរបស់ខ្លួនដល់រដ្ឋាភិបាលកម្ពុជា»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍