ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស

អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា សម្ដែង​ការ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់។ ពួកគេយល់​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ មិន​ត្រឹមតែ​គំរាមកំហែង​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​ហ៊ាន​និយាយ​រិះគន់​សកម្មភាព​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​បំបាក់​ស្មារតី​ដល់​ខ្មែរ​ក្រោម​ដែល​កន្លង​មក​តែង​ចូលរួម​ក្នុង​សកម្មភាព​សង្គម ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន។

អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ទម្លាក់​បទ​ចោទ និង​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន លេខាធិការដ្ឋាន​អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​ស្ថាប័ន​ប្រមូល​ផ្តុំ​ទៅ​ដោយ​អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ១១​នៅ​កម្ពុជា ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទៅ​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ថា​មិន​សម​ហេតុផល​ទាល់​តែ​សោះ។

​នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ថ្លែង​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា ចំណាត់​ការ​របស់​តុលាការ​ពេល​នេះ​អាច​ធ្វើ​ឲ្យ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​មាន​ការ​បារម្ភ។ សម្រាប់​ខ្មែរ​ក្រោម​វិញ លោក​ថា វា​ក៏​ជា​ការ​បារម្ភ​មួយ​ដែរ ព្រោះ​ថា កន្លង​មក​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​កាត់​ទោស​ជាប់​ពន្ធនាគារ​ដោយ​មិន​មាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ។

លោក សឺន ជុំជួន ក៏​បាន​ថ្លែង​រម្លឹក​ពី​សកម្មភាព​ចុះ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​មន្ត្រី​សមាគម​អាដហុក នៅ​ពេល​ខ្មែរ​ក្រោម​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន ឬ​ប្រឈម​នឹង​ផ្លូវ​តុលាការ។ លោក​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​អាដហុក នេះ គឺ​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​បាត់បង់​នូវ​មនុស្ស​ដែល​តែង​យក​ចិត្ត​ទុក​ដាក់​ខ្នះខ្នែង​ការពារ​សិទ្ធិ​សេរីភាព​នៅ​ពេល​ខ្មែរ​ក្រោម​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស។

​លោក សឺន ជុំជួន៖ «យើង​គិត​ថា វា​ហាក់​ដូចជា​បាត់បង់​នូវ​អ្វី​មួយ​ដ៏​សំខាន់​សម្រាប់​ខ្មែរ​ក្រោម​ក្នុង​ការ​ការពារ​សិទ្ធិ​ខ្មែរ​ក្រោម​នៅ​កម្ពុជា ពីព្រោះ​ថា កន្លង​មក​ពួកគាត់​មិន​ដែល​ចោល​ខ្មែរ​ក្រោម​ទេ នៅ​ពេល​មាន​បញ្ហា​ផ្សេងៗ។ នៅ​ពេល​នេះ ពួកគាត់​មាន​បញ្ហា ខ្ញុំ​គិត​ថា អនាគត​សម្រាប់​ខ្មែរ​ក្រោម​យើង​អាច​នឹង​ប្រឈម ហើយ​ខ្ញុំ​គិត​ថា វា​ហាក់​ដូចជា​បាត់​ដៃ​ម្ខាង​អ៊ីចឹង​ក្នុង​ការ​រួបរួម​ជាមួយ​ពួកគាត់»

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន រួមមាន​អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​លោក នី សុខា។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី។ ចំណែក​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា និង​មន្ត្រី​នៃ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សឺន សាលី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​អំពើ​សូកប៉ាន់​សាក្សី។ បើ​តុលាការ​រក​ឃើញ​ថា មាន​ទោស​មែន​នោះ ពួកគាត់​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។