ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៥​នៅ​ខេត្ត​សៀមរាប

ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៥​នៅ​ខេត្ត​សៀមរាប



សៀមរាប ៖ ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ២០១៦ ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា​និង​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត​សៀមរាប​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ បាន​រៀប​ចំ ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៥ ក្រោម​អធិបតីភាព លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម លោក លោកស្រី ជា​ប្រធាន​គណៈ​វិជ្ជាជីវៈ វេជ្ជបណ្ឌិត ឱសថការី ទន្តពេទ្យ គិលានុបដ្ឋាក ឆ្មប មកពី​ខេត្ត​សៀមរាប ឧ​ត្ត​រ​មានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង​និង​រតនគិរី សរុប​ប្រមាណ​ជាង​២០០​នាក់​។

វេទិកា​នៃ​ទិវា​នេះ​ធ្វើឡើង​ក្នុង​បំណង​ពង្រឹង​សីលធម៌​វិន័យ​ក្នុង​ការងារ​និង​លើកកម្ពស់​សមត្ថភាព​បច្ចេកទេស​ដល់​គ្រូពេទ្យ​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​ទទួល​ភាព​កាន់តែ​ប្រសើរ​ថែមទៀត​ក្នុង​ការ​បម្រើសេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។

មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ លោក​សាស្ត្រាចារ្យ ធា គ្រុយ បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហ​ភាតរ​ទាំងអស់​ដែល​ពុះពារ​ជម្នះ​បញ្ហា​ប្រឈម និង​ការ​លំបាក​ជាច្រើន​ក្នុង​ការ​បំពេញការងារ​ភារកិច្ច​នា​ពេល​កន្លងមក ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្វែងរក​សេវា​ពិនិត្យ​ព្យាបាល​សុខភាព​ជូន​ពួកគាត់​បានល្អ​ប្រសើរ​។

លោក មានប្រសាសន៍ថា ដើម្បី​ឲ្យ​ការថែទាំ​និង​ព្យាបាល​ដល់​អ្នក​ស្វែង​រក​សេវា​ព្យាបាល ឲ្យ​បាន​ប្រសើរ​និង​ប្រកបដោយ​គុណភាព ត្រូវការ​កត្តា​ជាច្រើន​រួមបញ្ចូល​គ្នា​ក្នុង​នោះ​មាន​កត្តា​ពីរ​ដែល​ចាំបាច់​គឺ​សមត្ថភាព​បច្ចេកទេស និង​សីលធម៌​របស់​គ្រូពេទ្យ​ដែល​ជា​កត្តា​មិន​អាច​ខ្វះ​បាន​ឡើយ។

លោក​បាន​ចាត់​ទុក​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​ថា ពិត​ជា​មាន​សារៈសំខាន់​និង​ពិតជា​បាន​រួម​ចំណែក​ជួយ​ដុសខាត់ ពង្រឹង​និង​បង្កើត​ការពិនិត្យ​តាមដាន​នូវ​អ្វី​ដែល​កើតឡើង​និង​ប្រែប្រួល​ថ្មីៗ​ពាក់​ព័ន្ធ​ទៅ​នឹង​វិស័យ​សុខាភិបាល​។ ដូចដែល​បាន​ដឹង​មក​ហើយ សមាជិក​គណៈ​គ្រូពេទ្យ​ទាំងអស់​មាន​កាតព្វកិច្ច​វិជ្ជាជីវៈ​ប្រើ​សមត្ថភាព​របស់​ខ្លួន​ធ្វើការ​បណ្តុះបណ្តាល​បន្ត​ជូន​ដល់​គ្រូពេទ្យ​នៅ​តាម​បណ្តា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផ្សេងៗ​ទៀត​ទាំងអស់ លោក​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រូពេទ្យ​ទាំងអស់​បើ​ចង់​បន្ត​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​ ឬ មន្ទីរពេទ្យបង្អែក​ខេត្ត​ណាមួយ​ត្រូវមាន​កាតព្វកិច្ច​ចុះបញ្ជី​ជា​សមាជិក​គណៈ​គ្រូពេទ្យ​ជាដាច់ខាត បើ​មិន​ចុះបញ្ជី​ជា​សមាជិក​គណៈ​គ្រូពេទ្យ​ទេ មិន​អាច​ពិនិត្យ​មើលជំងឺ ​ឬ ​បើក​ប្រកប​របរ​វេជ្ជសាស្ត្រ​បានទេ បន្ថែម​ពី​នេះ​គ្រូពេទ្យ​ទាំងអស់​ត្រូវតែ​ជា​គ្រូពេទ្យ​ដែល​មាន​សុខភាព​កាយសម្បទា​មាំមួន​ល្អ គ្មាន​ទោស​ពិរុទ្ធ​និង​មិនដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈ​គ្រូពេទ្យ​បូករួម​ទាំង​ការ​សន្សំ​ក្រេ​ឌី​ត​ជាប្រចាំ​តាម​ឆ្នាំ​នីមួយៗ​ទើប​ចេញ​អាជ្ញា​ប័ណ្ណ​និង​បន្ត​សុពលភាព​សម្រាប់​ការ​ប្រកប​វិជ្ជា​ជីវៈ​បាន​។ ទាំងអស់​នេះ​វា​មាន​សារៈសំខាន់​ណាស់​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​គ្រូពេទ្យ ព្រោះ​ថាបើ​គ្មាន​វា អាច​បង្ក​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​និង​ភាព​សាក​សិទ្ធិ​នៃ​ការថែទាំ​ព្យាបាល​ជំងឺ។

គណៈ​គរុ​ពេទ្យ​នៅ​ក្បែរ​បងប្អូន​ជានិច្ច ជួយ​ការពារ​បងប្អូន​ពី​ការ​បំពារបំពាន​ដោយ​ការ​ភ័ន្តច្រឡំ​ណាមួយ​តែ​មិន​កាន់ជើង​គ្នា​នោះ​ទេ​។ ជាមួយគ្នា​នោះ លោក​រដ្ឋលេខាធិការ បានស្នើ​ដល់​គណៈ​គ្រូពេទ្យ​ជាតិ គណៈ​គ្រូពេទ្យ​ខេត្ត​រៀបចំ​ត្រួតពិនិត្យ​រចនា​សម្ព័ន្ធ​ទីតាំង​ការ​ព្យាបាល​ពិនិត្យ​ជំងឺ​ទាំងអស់​ថា តើ​បាន​ចុះបញ្ជី​ការ​គណៈ​គ្រូពេទ្យ​ហើយ​ឬ​នៅ​និង​ធ្វើ​របាយការណ៍​ជូន​គណៈ​គ្រូពេទ្យ​ជាតិៗ​នឹង​ធ្វើ​របាយការណ៍​ប​ន្ត​ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​និង​សេវា​អត់​ច្បាប់​ថា ​តើ​គួរ​អនុញ្ញាតិ​បន្ត ​ឬ ​មិន​គួរ​។

លោក​បាន​ជំរុញ​ដល់​គណៈ​គ្រូពេទ្យ​តាម​ខេត្ត​បើ​មាន​វគ្គ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​នៅ​តាម​ខេត្ត​ត្រូវ​មាន​ការ​អញ្ជើញ​វិស័យ​សុខាភិបាល​ផ្នែក​ឯកជន​ចូលរួម​ឲ្យ​បាន​ច្រើន​ដើម្បី​រួមគ្នា​លើកកម្ពស់​និង​ពង្រឹង​គុណភាព​វិស័យ​សុខាភិបាល​នៅ​កម្ពុជា៕

ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៥​នៅ​ខេត្ត​សៀមរាប ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​៥​នៅ​ខេត្ត​សៀមរាប