តាម​ប្រមាញ់​មេខ្លោង​គ្រឿងញៀន មុខសញ្ញាទើបចេញពី​ពន្ធនាគារ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​ស៊ើបអង្កេត​ដោយ​យកចិត្តទុកដាក់    នៅ​ទីបំផុត​មេខ្លោង​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​អស់លក្ខណ៍  ដោយ​មិន​អាច​រត់​រួច​ផុត​ពី​សំណាញ់​ច្បាប់ ។ ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល  ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៦  នៅ​ភូមិ​ជប់​ទី​១ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ  ចាប់​បាន​២​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ពណ៌​ស      រហូត​ដល់​ទៅ​៧១​កញ្ចប់ ក្នុង​នោះ​ធំ​៣​កញ្ចប់ ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន  អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ចំពោះ​មេខ្លោង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​២​នាក់​នោះ​មាន ១-​ឈ្មោះ​អៀង វ៉ា​ន់​ណូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ២-​ឈ្មោះ ណៃ  បូ​រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជប់​ទី​១ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដែល​បាន​ចាប់​នៅ​ក្នុងផ្ទះ  ខណៈ​ពេល​ដែល​កំពុង​តែ​ដោះ​ដូរ​ថ្នាំ​ញៀន​នោះ ។ លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន  អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោកស្នងការ​នគរបាល​ខេត្ត​នោះ  កម្លាំង​ជំនាញ​បាន​តាមដាន​មុខសញ្ញា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឈ្មោះ ណូ   ដែល​បាន​ចេញពី​ពន្ធនាគារ​ខេត្ត​នៅ​ឆ្នាំ​២០១៥  កាលនោះ​ច្បាប់​ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន  ។ 

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា  កម្លាំង​បាន​ស៊ើបអង្កេត​ដឹង​ថា​មេខ្លោង​រូប​នោះ​កំពុង​តែ​ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ឈ្មោះ បូ​រី នៅ​ភូមិ​ជប់​ទី​១  ឃុំ​ជប់  ដើម្បី​ដោះ​ដូរ​ថ្នាំ​ញៀន​សម្រាប់​ធ្វើ​ចរាចរ​ចែកចាយ​នៅ​ក្នុងស្រុក​ត្បូងឃ្មុំ និង​ក្រៅ​ស្រុក  ។  គ្រាន់តែ​ទទួល​បាន​នូវ​ព័ត៌មាន​នេះ រូប​លោក​បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​ទៅ​ទីនោះ​ជា​បន្ទាន់  បាន​ឡោម​ព័ទ្ធ​ផ្ទះ​និង​បាន​សុំ​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ  ក៏​បាន​ចូល​ឆែកឆេរ​ឃើញ​មេខ្លោង​នេះ​កំពុង​តែ​រៀបចំ​ដោះ​ដូរ​ថ្នាំ​ញៀន​យ៉ាង​ពិតប្រាកដ​មែន  ។  

សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​ញៀន​៧១​កញ្ចប់  ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​១​គ្រឿង ប្រដាប់​វេច​ខ្ចប់​មួយ​ចំនួន​ផង​ដែរ ។  លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​បន្ថែម​ថា  ជន​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ    ដើម្បី​សួរនាំ​តាម​ចាប់​បក្ខពួក​មួយ​ចំនួន​ទៀត​ផង​ដែរ ។​លោក​ថា​ថ្នាំ​ញៀន​ខាងលើ​ប្រសិនបើ​មិន​បាន​បង្ក្រាប  ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ​ពិតជា​ធ្លាក់​ទៅ​លើ​ប្រ​ទាប់​យុ​វន​ជន​មួយ​ចំនួន​ក្លាយទៅជា​មនុស្ស​ញៀន​ថ្នាំ      បង្ក​ការ​លំបាក​ក្នុង​គ្រួសារ​ក៏​ដូច​ជា​សង្គម​ជាតិ ។ ការ​បង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​ស្រប​តាម    គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ  ៕