វិធី​សង្គ្រោះ​បន្ទាន់​ចំពោះ​ជនរងគ្រោះ​ដែល​មាន​សីតុណ្ហភាព​រាងកាយ​ចុះ​ត្រជាក់​ខ្លាំង​

វិធី​សង្គ្រោះ​បន្ទាន់​ចំពោះ​ជនរងគ្រោះ​ដែល​មាន​សីតុណ្ហភាព​រាងកាយ​ចុះ​ត្រជាក់​ខ្លាំង​

នៅពេល​ដែល​អ្នក បាន​ប្រឈម​ទៅនឹង សីតុណ្ហភាព​ត្រជាក់ ជាពិសេស​នៅក្នុង អាកាសធាតុ ដែល​មាន​ខ្យល់​ត្រជាក់​ខ្លាំង និង មាន​កម្រិត​សំណើម​ខ្ពស់ ឬ ក៏​ស្ថិត​នៅក្នុង​មជ្ឈដ្ឋាន ត្រជាក់ ក្នុង​រយៈ ពេល​ដ៏​យូរ នោះ​យន្តការ​នៃ​ការគ្រប់គ្រង​របស់​រាង​កាយ អាច​នឹង មិន​មាន​លទ្ធភាព ក្នុងការ​រក្សា​នូវ សីតុណ្ហភាព​ជា​ប្រក្រតី​របស់​រាងកាយ​អ្នក​។  នៅពេល​កំដៅ​ជាច្រើន ត្រូវបាន​បាត់បង់ នោះ​រាងកាយ​របស់ អ្នក​នឹង​ចាប់ផ្តើម​ចុះ​ត្រជាក់  ដែល​ត្រូវបាន​កំណត់​ដោយ សីតុណ្ហភាព​រាងកាយ​ផ្នែក​ខាងក្នុង គឺ​មាន​តិច ជាង ៣៥​អង្សា​សេ ។​

​ការ​ស្លៀក​សំលៀក​បំពាក់ ដែល​សើម ឬ មិន​បាន​គ្រប់គ្រាន់​, ការ​ធ្លាក់​ចូល​ទៅក្នុង​ទឹក​ត្រជាក់ និង ថែមទាំង ការ​ដែល​អ្នក​មិន​បាន​ពាក់មួក នៅក្នុង​អំឡុង​នៃ​អាកាសធាតុ​ត្រជាក់ ក៏​អាច​បង្កើន​ឱកាស របស់​អ្នក ក្នុងការ ប្រឈម​ទៅ​នឹង​ការ ធ្លាក់ចុះ​នៃ​សីតុណ្ហភាព​រាងកាយ​នេះ​បាន​ផង​ដែរ ។​

សញ្ញា និង រោគសញ្ញា​នៃ​ការចុះ​ទាប​នៃ​សីតុណ្ហភាព រាងកាយ​មានដូចជា​៖

  • ​គ្រុន​ញាក់​។​
  • ​និយាយ​មិន​ច្បាស់ ឬ លឺ​ឡុ​លៗ ។​
  • ​មាន​ការដកដង្ហើម​យឺតៗ ដោយ​មិន​ប្រក្រតី​។​
  • ​មាន​ស្បែក​ត្រជាក់ និង ស្លេកស្លាំង​។​
  • ​បាត់បង់​ស្ថានភាព​លំនឹង​នៃ​រាងកាយ​។​
  • ​អស់កំលាំង ឬ និយាយ​មិន​រួច​។​
  • ​មាន​ស្បែក​ត្រជាក់ និង ក្រហម​ភ្លឺៗ (​ចំពោះ​កុមារ​) ។​

សញ្ញា និង រោគសញ្ញា​ទាំងនេះ ជាធម្មតា​គឺ​មាន​ការវិវត្តន៍​យឺតៗ ។ ជន​ទាំងឡាយ​ណា ដែលមាន សីតុណ្ហភាព​រាងកាយ​ចុះ​ទាប ជាធម្មតា​គឺ​តែង​ជួបប្រទះ​នឹង ការបាត់បង់​លំនឹង​ផ្លូវចិត្ត និង សម្ថ​ភាព​រាង កាយ​បន្តិច​ម្តងៗ ដូច្នេះ​ពួកគេ អាច​នឹង​មិន​បានដឹង ថា​ពួកគេ​នឹង​ត្រូវការ ការព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ នោះទេ ។​

ចំពោះ​មនុស្ស​វ័យចាស់​, កុមារ ,​ក្មេង​តូចៗ និង អ្នក​ដែល​ស្គម​ខ្លាំង គឺ​មាន​ការ​ប្រឈម​នឹង គ្រោះថ្នាក់​នេះ ជាពិសេស​។ ហើយ​ក្រុម​មនុស្ស​ផ្សេងទៀត ដែល​មាន​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ជាង នេះ នោះ​គឺ រួមមាន​ដូចជា អ្នក​ដែល​ត្រូវបាន​ចាត់ទុក​ថា មាន​ភាពទន់ខ្សោយ ដោយសារ​ជំងឺផ្លូវចិត្ត ឬ ជំងឺ Alzheimer’s  និង មនុស្ស​ដែល​ស្រវឹងស្រា​, គ្មាន​ផ្ទះសម្បែង និង អ្នក​ដែល​មាន​រថយន្ត​ខូច​នៅ​នឹង ផ្លូវ ក្នុងពេល​ដែល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ។ ស្ថានភាព​ផ្សេងទៀត ដែល​អាច​ធ្វើអោយ​មនុស្ស អាច មាន​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​ដែរ​នោះ​គឺ មាន​ជំងឺ​កង្វះ​អាហារ​រូបត្ថ​ម្ភ និង ជំងឺ​ស​សៃឈាម​បេះដូង ។​

វិធី​ក្នុង​ការថែរក្សា ជន​ទាំងឡាយ​ដែល​មាន​សីតុណ្ហភាព​រាងកាយ​ចុះ​ត្រជាក់​ខ្លាំង មានដូចជា ៖
ធ្វើការ​ទាក់ទង​ទៅ​កាន់​ក្រុម​សង្គ្រោះ​បន្ទាន់ ។ ខណៈពេល​ដែល​រង់ចាំ​ក្រុម​សង្គ្រោះបន្ទាន់ មកដល់ អ្នក​ត្រូវ​ធ្វើ​ការតាមដាន នូវ​ការដកដង្ហើម​របស់​ជ​ន​រងគ្រោះ ។ ប្រសិនបើ​ការដកដង្ហើម​ត្រូវបាន បញ្ឈប់ ឬ ហាក់​មើលទៅ​មាន​លក្ខណៈ​យឺត ឬ រាក់ៗ​ក្នុង ស​ភាពគ្រោះថ្នាក់ នោះ​អ្នក​ត្រូវ​ចាប់ផ្តើម ធ្វើ​ចលនា​សង្គ្រោះ​បេះដូង អោយបាន​ជា​បន្ទាន់​។​
 
​ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​របស់​ជនរងគ្រោះ អោយចេញ​ឆ្ងាយ​ពី​មជ្ឈដ្ឋាន​ត្រជាក់​។ ប្រសិនបើ​អ្នក មិន អាចដាក់​ជនរងគ្រោះ​ទៅ​ខាងក្នុង​ផ្ទះ​បាន នោះ​អ្នក​ត្រូវ​ការពារ ជនរងគ្រោះ​ពី​ខ្យល់ ដោយ​ការ​គ្រប ដណ្តប់​ក្បាល និង រាងកាយ​របស់​ជនរ​ង​គ្រោះ ឬ ដាក់​ជនរងគ្រោះ​មិន​អោយ​ដេក​ផ្ទាល់​ទៅ​នឹង​ដី ដែល​មាន​ភាព​ត្រជាក់​។​
 
​ធ្វើការ​ដោះ​សំលៀកបំពាក់​ដែល​សើម ចេញពី​រាងកាយ​របស់​ជនរងគ្រោះ​។ ធ្វើការ​ដាក់​ជំនួស​វិញ នូវ ក្រណាត់​ដែល​ក្តៅឧណ្ណៗ និង ធ្វើការ​ដណ្តប់​ជនរងគ្រោះ​អោយ​បាន​ជិត​ល្អ ។​
 
​អ្នក​មិន​ត្រូវ​ដាក់​កំដៅ ដោយ​ផ្ទាល់​ទៅលើ​ជនរងគ្រោះ​នោះ​ទេ​។ អ្នក​មិន​ត្រូវ​ប្រើ​ទឹ​កក្តៅ​, ថង់​កំដៅ ឬ ម៉ាស៊ីន​ផ្តល់​កំដៅ ទៅ​កំដៅ​ជនរងគ្រោះ​ទេ​។ ផ្ទុយ​មកវិញ អ្នក​ត្រូវ​ប្រើ​ក្រណាត់​ក្តៅឧណ្ណៗ ដាក់ ទៅលើ​ផ្នែក​កណ្តាល​នៃ​រាងកាយ​, ក្បាល​, ក ,​ដើមទ្រូង និង នៅ​ក្រលៀន​របស់​ជនរងគ្រោះ ។ អ្នក​មិន​ត្រូវ ធ្វើ​ការផ្តល់​កំដៅ​នៅលើ​ដៃ និង ជើង​នោះ​ទេ ។​ការដាក់​កំដៅ​នៅលើ ដៃ និង ជើង​គឺ​អាច​បង្ខំ អោយ​ឈាម​ត្រជាក់​រត់​មក​រក​បេះដូង​, សួត និង ខួរក្បាល ដែល​វា​អាច​នឹង​បណ្តាល អោយ​សីតុណ្ហភាព​រាងកាយ​កណ្តា​ល ត្រូវ​បាន​ធ្លាក់ចុះ ។ វា​អាច​ជា​កត្តា មួយ ដែល​អាច​ធ្វើអោយ ជនរងគ្រោះ ស្លាប់​បាន​។​
 
​អ្នក​មិន​ត្រូវ ផ្តល់​ស្រា​អោយ​ជនរងគ្រោះ​ទេ​។ ធ្វើ​ការផ្តល់​ភេ​ស​ជ្ជះ​ក្តៅ​ឧណ្ណៗ ដែល​មិន​មាន​ជាតិ ស្រា ទៅ​ជនរងគ្រោះ លុះត្រាតែ​ពួកគេ​កំពុង​ក្អួត ។
 
​មិន​ត្រូវ​ធ្វើការ​ម៉ាស្សា ឬ ជូត​ដងខ្លួន​ជនរងគ្រោះ​ជា​ដាច់ខាត​។ អ្នក​ត្រូវ​ធ្វើការ​កាន់​ដងខ្លួន​របស់ ជនរងគ្រោះ ដែល​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង អោយបាន​ថ្នមៗ ដោយសារ​តែ​ស្បែក របស់​ពួកគេ អាច​នឹង​ដាច់​រលាត់​បាន​យ៉ាង​ងាយ ដោយសារ​សីតុណ្ហភាព​ដែល​ចុះ​ត្រជាក់​ខ្លាំង​នេះ ហើយ ចំណែកឯ ការ ជូត​ជាលិកា​ដែល​ដាច់​រលាត់​ដោយសារ​ការ​ត្រជាក់​នេះ គឺ​អាច​ធ្វើអោយ វា​មាន​ផល បំផ្លាញ​ធ្ងន់ធ្ងរ​ចំពោះ​ស្បែក ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។