នាយក​សាលា​បឋម​សិក្សា​ត្រពាំង​ច្រេស​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

អាណាព្យាបាល​សិស្ស​សាលា​រៀន​ត្រពាំង​ច្រេស ស្រុក​កូនមុំ ខេត្ត​រតនគិរី ចំនួន ២១​នាក់ ដាក់​ពាក្យ​ប្ដឹង​នាយក​សាលា​រៀន​ក្នុង​បទ​ចោទ ថា​បណ្តែតបណ្តោយ​ឲ្យ​កើត​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​សាលា។ ដោយឡែក​នាយក​សាលា​នោះ ក៏​បាន​ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌​គ្រូបង្រៀន​ច្រើន​ករណី​ទៀត។

ចំណុច​អវិជ្ជមាន​សំខាន់ៗ​ទាក់ទិន​ប្រើ​អំពើ​ហិង្សា​លើ​សិស្ស​សាលា ការ​ប្រមូល​ប្រាក់​ពី​សិស្ស​ជា​ថ្នូរ​ឡើង​ថ្នាក់ និង​ការ​ទារ​ប្រាក់​ថ្លៃ​សៀវភៅ​សិក្ខាគារិក រួម​ទាំង​អំពើ​អបាយមុខ​ផឹក​ស្រា និង​លេង​ល្បែង​ស៊ី​សង មិន​ទទួល​ខុស​ត្រូវ​ក្នុង​តួនាទី​ជា​នាយក​សាលា គឺ​ជា​ចំណុច​ចោទ​ប្រកាន់​របស់​អាណាព្យាបាល​សិស្ស​ទៅ​លើ​នាយក និង​គ្រូបង្រៀន​ម្នាក់​នៅ​សាលា​បឋម​សិក្សា​ត្រពាំង​ច្រេស ខេត្ត​រតនគិរី។

ចំណុច​ចោទ​ប្រកាន់​ទាំង​នេះ ត្រូវ​បាន​អាណាព្យាបាល​សិស្ស ២១​នាក់ សរសេរ​ក្នុង​ពាក្យ​ប្ដឹង​ដាក់​ជូន​អាជ្ញាធរ​ស្រុក​កូនមុំ តាម​រយៈ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក កាល​ពី​ខែ​មីនា ទាមទារ​ឲ្យ​អាជ្ញាធរ​ស្រុក ផ្លាស់ប្ដូរ​នាយក​សាលា និង​គ្រូ​ដែល​អសកម្ម​ចេញ ដើម្បី​ពង្រឹង​សីលធម៌​អប់រំ​នៅ​សាលា​រៀន​នេះ​ឡើង​វិញ។

អាណាព្យាបាល​សិស្ស និង​ជា​សមាជិក​គណៈកម្មការ​ទ្រទ្រង់​សាលា​រៀន​ត្រពាំង​ច្រេស ពីរ​នាក់ បញ្ជាក់​ស្រដៀង​គ្នា​ថា ឪពុក​ម្ដាយ​សិស្ស​ជាច្រើន​បាន​ចូលរួម​ប្ដឹង​ចំណុច​អសកម្ម​ជាច្រើន​របស់​នាយក​សាលា។ លើស​ពី​នេះ​ទៀត នាយក​សាលា​ក៏​បាន​ទទួល​ស្គាល់​រួច​ហើយ​ថា គ្រូបង្រៀន​ម្នាក់​បាន​ប្រមូល​ប្រាក់​ចំនួន ១​ម៉ឺន​រៀល​ពី​សិស្ស​ម្នាក់ៗ ក្រោម​ហេតុផល​ថ្លៃ​ទិញ​សៀវភៅ​សិក្ខាគារិក។ អាណាព្យាបាល​សិស្ស​ដដែល​បន្ត​ថា ចំណុច​អសកម្ម​ផ្សេង​ទៀត​របស់​នាយក​សាលា និង​គ្រូ គឺ​ជា​ចំណុច​សំខាន់​ដែល​ពួក​គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ដាក់​វិន័យ​ចំពោះ​អ្នក​ប្រព្រឹត្តិ​ខុស ដើម្បី​កែលំអ​ការ​អប់រំ​នៅ​សាលា​រៀន​មួយ​នេះ៖ «យក​លុយ​សិស្ស​យក​មែន ដល់​ពេល​ចុង​ក្រោយ គ្រូ រ៉ែន ហ្នឹង​គាត់​ធ្វើ​កិច្ចសន្យា​សង​លុយ​មក​មាតា​បិតា​សិស្ស​វិញ អត់​មាន​សិទ្ធិ​យក​ទេ ហើយ​គាត់​សារភាព​ថា​គាត់​ឈប់​ធ្វើ​អ៊ីចឹង​ហើយ»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា អាណាព្យាបាល​សិស្ស​សាលា​រៀន​ត្រពាំង​ច្រេស បាន​យក​ឯកសារ​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​នាយក​សាលា ប្រគល់​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ក្នុង​នោះ​មាន​រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​រូប​នាយក​សាលា កំពុង​លេង​បៀ និង​ពាក្យ​ប្ដឹង​មាន​ស្នាម​មេដៃ​អាណាព្យាបាល​សិស្ស ២១​នាក់ រួម​ទាំង​របាយការណ៍​ត្រួត​ពិនិត្យ​របស់​ប្រធាន​គ្រូ​កម្រង ស្ដីពី​ភាព​អសកម្ម និង​អំពើ​ពុក​រលួយ​ដែល​ប្រព្រឹត្ត​ដោយ​នាយក​សាលា គឺ​លោក ងួន សុភា និង​គ្រូ​ឈ្មោះ ហ៊ឹម សារ៉ែន។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយក​សាលា​រៀន​ត្រពាំង​ច្រេស លោក ងួន សុភា ទទួល​ស្គាល់​កំហុស​ទាក់ទិន​គ្រូ​យក​ប្រាក់​ថ្លៃ​សៀវភៅ​សិក្ខាគារិក​ពី​សិស្ស និង​ការ​លេង​ល្បែង​ស៊ី​សង​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន ក៏ប៉ុន្តែ​លោក​បដិសេធ​រឿង​ចោទ​ប្រកាន់​ផ្សេង​ទៀត ថា​ជា​រឿង​ប្រឌិត និង​ជា​គំនុំ​របស់​បុគ្គល​មួយ​ក្រុម ដែល​មិន​ពេញ​ចិត្ត​រឿង​ផ្ទាល់​ខ្លួន៖ «ទើប​ករណី​ម្តង​ទេ ម្នាក់​មួយ​ម៉ឺន​រៀល​ស្រាវជ្រាវ​ទៅ​ឃើញ​អ៊ីចឹង​មែន។ យើង​មិន​មែន​ដើរ​លេង​ចោល​ការងារ​ស្អី​ទេ ការ​លេង​អផ្សុក​មនុស្ស​តែង​តែ​មាន​ម្តងម្កាល ហើយ​គេ​គំនុំ​គេ​លួច​ថត​យើង​អត់​ដឹង​ខ្លួន»

ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​កម្រង​សាលា​រៀន​ប្រចាំ​ស្រុក​កូនមុំ លោក ប៉ាក ធឹម បញ្ជាក់​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ទាក់ទិន​អំពើ​ពុក​រលួយ និង​ភាព​អសកម្ម​របស់​នាយក​សាលា។ លោក​ថា បាន​ធ្វើ​របាយការណ៍ និង​ពាក្យ​ប្ដឹង​ដាក់​ជូន​ការិយាល័យ​អប់រំ​ស្រុក អន្តរាគមន៍​ទៅ​អាជ្ញាធរ​ស្រុក ស៊ើប​អង្កេត​ករណី​នេះ បន្ទាប់​ពី​លោក​បាន​ចុះ​ពិនិត្យ​ការ​ចោទ​ប្រកាន់​របស់​អាណាព្យាបាល​សិស្ស៖ «ប្រជាពលរដ្ឋ​ក្នុង​ភូមិ​គាត់​ផ្តល់​ព័ត៌មាន​ឲ្យ​ខ្ញុំ​ជាច្រើន ថា​សាលា​ហ្នឹង​គាត់​ប្រគល់​តួនាទី​ទៅ​ឲ្យ​គ្រូបង្រៀន ហើយ​គ្រូ​ហ្នឹង​គាត់​តែង​តែ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ក្មេង ហើយ​យក​លុយ​ពី​ក្មេង​អ៊ីចឹង។ សំខាន់​ដែល​ខ្ញុំ​ឃើញ​ជាក់ស្តែង​ក្នុង​ម៉ោង​រដ្ឋបាល គាត់​កំពុង​លេង​បៀ​នៅ​ផ្ទះ​គ្រូ ភាព»

យ៉ាង​ណា​ក៏ដោយ អភិបាល​ស្រុក​កូនមុំ លោក លឿង ចាន់ធាង បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​ទទួល​ពាក្យ​ប្ដឹង​ពី​ការិយាល័យ​អប់រំ​ស្រុក​រួច ដូច្នេះ​ការ​ស៊ើប​អង្កេត​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង ដើម្បី​ស្វែងរក​ការ​ពិត​ក្នុង​រឿង​នេះ។

ដូច​គ្នា​នេះ​ដែរ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​រតនគិរី អ្នកស្រី ចាន់ ខាំខឿ ឲ្យ​ដឹង​ដែរ​ថា អ្នកស្រី​ក៏​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​រឿង​ចោទ​ប្រកាន់​នេះ​ហើយ។ អ្នកស្រី​អះអាង​ថា ថ្វីត្បិតតែ​រឿង​នេះ​ស្ថិត​ក្នុង​ចំណាត់​ការ​របស់​អាជ្ញាធរ​ស្រុក ក៏ប៉ុន្តែ​មន្ត្រី​មន្ទីរ​អប់រំ នឹង​រួម​ចំណែក​ស្រាវជ្រាវ​បន្ថែម​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។