អតីត​ឆ្មាំ​គុក​ទួល​ស្លែង​ប្រាប់​តុលាការ​ថា ឌុច បញ្ជា​ឲ្យ​វះ​ពោះ​សព​អ្នក​ទោស​ពេល​សម្លាប់​ហើយ

សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៤ ឧសភា ធ្វើ​សវនាការ​ស្ដាប់​សាក្សី​ទី​៧ ដែល​ជា​អតីត​ឆ្មាំ​គុក​មួយ​រូប​នៅ​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង​កាល​ពី​ក្នុង​របប​ខ្មែរ​ក្រហម។ អតីត​ឆ្មាំ​គុក​រូប​នេះ គឺ​លោក ហ៊ីម ហ៊ុយ ដែល​ជា​អ្នក​យាម​អ្នក​ទោស និង​ជា​អ្នក​ចាប់​ចង​មនុស្ស ដែល​ត្រូវ​អង្គការ​ចោទ​ថា​ជា​អ្នក​ក្បត់ ជា​ខ្មាំង​របស់​អង្គការ។

សាក្សី ហ៊ីម ហ៊ុយ ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ថា​នៅ​ក្នុង​របប​ខ្មែរ​ក្រហម លោក​មាន​តួនាទី​ជា​អ្នក​យាម​នៅ​ផ្នែក​ខាង​ក្រៅ​បរិវេណ​មន្ទីរ «-២១» ឬ​គុក​ទួល​ស្លែង។ លោក​ជា​អ្នក​ទៅ​ចាប់ និង​ទទួល​អ្នក​ទោស​យក​ចូល​មក​ឃុំឃាំង​នៅ​ទីនោះ។

លោក ហ៊ីម ហ៊ុយ ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោក​ក៏​ធ្លាប់​ដឹក​អ្នក​ទោស​ទៅ​សម្លាប់​នៅ​ជើង​ឯក​ដែរ។ លោក​បន្ត​ថា អ្នក​ដែល​គេ​ចាប់​ដាក់​គុក​ទួល​ស្លែង​ពេល​នោះ គឺ​ត្រូវ​គេ​សម្លាប់ ហើយ​ប្រធាន​គុក​ទួល​ស្លែង​ឈ្មោះ ឌុច ជា​អ្នក​បញ្ជា​ឲ្យ​សម្លាប់​អ្នក​ទោស។ ដំបូង​ឡើយ អ្នក​ទោស​ទាំង​នោះ​ត្រូវ​គេ​សម្លាប់​នៅ​មន្ទីរ «-២១» ជាពិសេស​ជនជាតិ​វៀតណាម ជន​បរទេស និង​កុមារ។

លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ដំណាក់​កាល​ក្រោយ​មក​ទៀត ទើប​គេ​យក​ទៅ​សម្លាប់​នៅ​ជើង​ឯក ដែល​មាន​ក្រុម​អ្នក​សម្លាប់ និង​ជីក​រណ្ដៅ​កប់​សព​ប្រចាំ​នៅ​ទីនោះ។ មេ​ក្រុម​អ្នក​សម្លាប់ និង​ជីក​រណ្ដៅ​កប់​សព​នៅ​ជើង​ឯក មាន​ឈ្មោះ តេង។

លោក ហ៊ីម ហ៊ុយ បន្ត​ថា ប្រធាន​គុក​ទួល​ស្លែង ឌុច បាន​បញ្ជា​ឲ្យ​វះ​ពោះ​សព​អ្នក​ទោស​ពេល​គេ​សម្លាប់​ហើយ។ អតីត​ឆ្មាំ​គុក ហ៊ីម ហ៊ុយ ក៏​ធ្លាប់​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា នៅ​ពេល​នោះ លោក​ក៏​ធ្លាប់​បាន ឌុច បញ្ជា​ឲ្យ​សម្លាប់​ជន​រងគ្រោះ​ផ្ទាល់​ដៃ​ចំនួន ៥​នាក់​ដែរ។

សក្ខីកម្ម​របស់​លោក ហ៊ីម ហ៊ុយ ឲ្យ​ដឹង​ថា ប្រធាន​គុក​ទួល​ស្លែង ឌុច ធ្លាប់​និយាយ​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ជន​ជាប់​ចោទ នួន ជា នៅ​ក្នុង​ពេល​រៀន​សូត្រ​នយោបាយ​ម្ដងៗ។

អង្គ​ហេតុ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង កាល​ពី​ក្នុង​របប​ខ្មែរ​ក្រហម ជា​អង្គ​ហេតុ​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កំពុង​ស្ដាប់​សាក្សី ប្រឆាំង​នឹង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។