ស្ថានទូត​កម្ពុជា​នៅ​ឥណ្ឌូណេស៊ី​ចុះ​ជួប​ពលករ​ខ្មែរ​៥៤​នាក់ ដើម្បី​សម្របសម្រួល​រៀបចំ​មាតុភូមិនិវត្តន៍​ពួកគេ​មកវិញ

ស្ថានទូត​កម្ពុជា​នៅ​ឥណ្ឌូណេស៊ី​ចុះ​ជួប​ពលករ​ខ្មែរ​៥៤​នាក់ ដើម្បី​សម្របសម្រួល​រៀបចំ​មាតុភូមិនិវត្តន៍​ពួកគេ​មកវិញ



ភ្នំពេញ ៖ តាម​ការណែនាំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី បាន​ចាត់​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​កុងស៊ុល ឲ្យធ្វើ​ដំណើរ​ទៅកាន់​កោះ Pontianak ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦ ដើម្បី​ជួប​សួរសុខទុក្ខ និង​ពិនិត្យ​អំពី​ស្ថានភាព​របស់​ពលករ​ខ្មែរ​ចំនួន​៥៤ នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​រក្សាទុក​នៅ​ទីនោះ ហើយ​និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ទាំង​នោះ​មក​ក​ម្ពុ​ជា​វិញ​ឲ្យបាន​ឆាប់រហ័ស នេះ​បើតាម​មន្ត្រី​អ្នកនាំពាក្យ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ តាម​របាយការណ៍​ដែល​ក្រសួងការបរទេស​ទទួល​បាន​ពី​ស្ថានទូត​កាលពី​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ទាំង ៥៤​នាក់​នោះ ត្រូវ​បាន​ចាញ់បោក​គេ​ឲ្យ​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​ចំនួន​០៣​ផ្សេងគ្នា ដោយ​សន្យា​ថា នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​ច្រើន ហើយ​ទទួល​បាន​ប្រាក់​បន្ថែម (Bonus) ផង​ដែរ ក្នុង​ករណី​ទូក​ចាប់​បាន​ត្រី​ច្រើន។

នៅ​លើ​ទូក​ពួកគេ​ធ្វើការ​ស្ទើរ​គ្មាន​ពេល សម្រាក និង​ក្នុង​ស្ថាន​ភាព​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​ពលករ​ទាំង​៥៤ នាក់​នេះ ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ជួយសង្គ្រោះ​ចេញពី​ទូក​នេសាទ​ចំនួន​៣ ដែល​បាន​ចូល​ទៅ​ធ្វើ​ការ​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ឥណ្ឌូណេស៊ី ហើយ​ត្រូវ​បាន​ឥណ្ឌូណេស៊ី ឃាត់ទុក​ក្នុង​រវាង​ពាក់កណ្ដាល​ខែមេសា​កន្លង​មកនេះ។

លោក ជុំ សុន្ទរី អះអាង​ថា ឥណ្ឌូណេស៊ី​ចាត់​ទុក​ពលករ​ទាំងអស់​ជា​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស ពុំ​មែន​ជា​អ្នក ប្រព្រឹត្តិ​បទល្មើស​ឡើយ ហើយ​មន្ត្រី​ស្ថានទូត​បាន​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​ពលករ​ទាំង​៥៤ នាក់ ហើយ​ពិនិត្យ​ឃើញ​ថា មាន​សុខភាព និង​ស្ថានភាព​ជាធម្មតា​ពុំ​មាន​បញ្ហា​អ្វី​គួរ​ព្រួយបារម្ភ​ឡើយ ហើយ​បាន​ជម្រាប​ជូន​ពី​ការ​យក​ចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​រៀបចំ​មាតុភូមិនិវត្តន៍ ឲ្យ​បាន​ឆាប់រហ័ស​ក្នុង​ពេល​ខាងមុខនេះ​៕