កម្លាំង​ល្បាត​ពេលយប់​ឃាត់ខ្លួន​ជនសង្ស័យ​ថ្នាំញៀន​ពីរ​នាក់​រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន

កម្លាំង​ល្បាត​ពេលយប់​ឃាត់ខ្លួន​ជនសង្ស័យ​ថ្នាំញៀន​ពីរ​នាក់​រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន



តាកែវ ៖ កាលពី​យប់​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៦ នេះ​មាន​ករណី​បង្ក្រាប​ជនសង្ស័យ​ចែកចាយ​ និង ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ករណី​នៅ​ស្រុក​គីរីវង់​ក្រោម​ការដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍​ទោ យុក សារ៉ាត់ អធិការ​នគរបាល​ស្រុក​។

លោក​អធិការ​នគរបាល​ស្រុក​គិរីវង់​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​០៣ ខែឧសភា​នេះ​កម្លាំង​ល្បាត​របស់​លោក​បាន​ចុះ​ធ្វើ​ការងារ​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដូច​សព្វដង លុះ​កម្លាំង​របស់​លោក​ល្បាត​ដល់​ចំណុច​ភូមិ​ពោធិ ឃុំ​ព្រះបាទ​ជាន់​ជុំ ក៏បាន​ជួបប្រទះ​ជន​ដែល​គួរ​ឲ្យ​សង្ស័យ​ពីរ​នាក់ ទើប​ហៅ​សួរនាំ​និង​ឆែកឆេរ​។

បន្ទាប់ពី​ឆែកឆេរ​ទៅលើ​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​រួចមក​ទើប​ដឹង​ថា ​ជា​អ្នកប្រើប្រាស់​និង​ចែកចាយ​ថ្នាំញៀន​ព្រោះ​កម្លាំង​របស់​លោក​បាន​រ​ក​ឃើញ​ថ្នាំញៀន​០៣​កញ្ចប់​ធំ ស្មើនឹង​៣២​កញ្ចប់​តូច ដាវ​មួយ​ដើម និង ខ្វាវ​មួយ​ដើម​នៅ​ជាប់​នឹង​ខ្លួន​។

លោក​អធិការ​នគរបាល​ស្រុក​បាន​ប្រាប់​បន្ត​ទៀត​ថា ជនសង្ស័យ​ក្នុង​ករណី​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​ដែល​កម្លាំង​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ ទីមួយ ឈ្មោះ ពេជ្រ ពន្លឺ ហៅ ម៉ាប់ អាយុ​១៨​ឆ្នាំ និង​ទី​ពីរ ឈ្មោះ ឯម សាហាវ អាយុ​១៩​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។

បច្ចុប្បន្ន​ជនសង្ស័យ​ក្នុងករណី​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​ទាំងពីរ​នាក់​នោះ​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កសាង​បែបបទ​និង​បញ្ជូន​ខ្លួន​បន្ត​មក​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ការ​ខ្សឹប​ប្រាប់​ពី​ពលរដ្ឋ​នៅក្នុង​ទឹកដី​ស្រុក​គិរីវង់ ករណី​ប្រើប្រាស់​ថ្នាំញៀន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​ក្មេងៗ​ប្រុស​ស្រី​ជាច្រើន​កំពុងតែ​ពុល​ដូចគ្នា​ដែរ ​និង ​កន្លែង​លក់ដូរ​ចែកចាយ​មាន​ច្រើន​កន្លែង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ពួកគាត់​ក៏បាន​លើក​ជា​សំណួរ​ផង​ដែរ​ថា តើ​អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹង​ដែរ​ ឬ​ អត់​អំពី​ការ​ចរាចរណ៍​ថ្នាំញៀន​ដែល​គួរ​ឲ្យ​ខ្លាច​បែបនេះ ឬមួយ​ពួកគាត់​ដឹងឮ​ជាង​សមត្ថកិច្ច​…?៕