ផ្ទុះ​ធុង​ហ្គា​ស ឆេះ​ផ្ទះ​លក់​ចង្ក្រាន និង​ហ្គា​ស​នៅ​ផ្សារ​តា​ខ្មៅ

ខេត្តកណ្ដាល ៖ មាន​ករណី​ផ្ទុះ​ធុង​ហ្គា​ស នៅ​ក្នុងផ្ទះ​ល្វែង លក់​ចង្ក្រាន និង​ហ្គា​ស នៅ​ខាងកើត​ជាប់​ផ្សារ​តា​ខ្មៅ​ចាស់ កាលពី​ម៉ោង ៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្ថិត​ក្នុងភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ បាន​បង្ក​ឱ្យ​មានការ ផ្អើល​ស្លន់ស្លោ ដល់​អាជីវករ ក្នុង​ផ្សារ  ដោយសារ​តែ​ស្នូរ​សំឡេង​ផ្ទុះ​ធុង​ហ្គា​ស  ឆាប​ជា​អណ្ដាតភ្លើង សន្ធោសន្ធៅ​។ មន្ត្រី​នគរបាល ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នេះ បាន​បណ្ដាល​ឱ្យ​ឆេះ​ខូចខាត សម្ភារ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទាំងស្រុង ព្រមទាំង ឆាបឆេះ​ដល់​រថយន្ត កាម​រី មួយ​គ្រឿង​ទៀត ដែល​ចត​នៅ​ខាង​មុខ​ផ្ទះ​នោះ ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់ ជីវិត​មនុស្ស​ទេ ។ រថយន្ត​ពន្លត់អគ្គីភ័យ ស្នងការ​នគរបាល​ខេត្ត បាន​ចេញ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​ទាន់​ពេល មិន​ឆេះ​រាល​រាលដាល ខ្លាំង​ទេ គ្រាន់តែ​ឆេះ​រោល​ផ្ទះ​អ្នក​ជិតខាង ប៉ុណ្ណោះ​៕