សមាគម​ថៅកែ​ GMAC​ លែង​នឹកនា​ចុះ​ MoU​ ជាមួយ​សហជីព​តំណាង​កម្មករ​ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​

​កន្លង​មក​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ មាន​លោក​ឧកញ៉ា​ វ៉ា​ន់​ ស៊ូ​អៀង​ ជា​ប្រធាន​ តំណាង​ឲ្យ​ភាគី​និយោជក​ និង​បណ្តា​សហជីព​ធំៗ​តំណាង​ឲ្យ​ភាគី​កម្មករ​ និយោជិត​ ធ្លាប់​បាន​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ស្តី​ពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​លើកកម្ពស់​ភាព​សុខដុមរមនា​នៅ​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​ ដែល​ MoU​ នេះ​មាន​សុពលភាព​អនុវត្តន៍​ត្រឹម​ចុងឆ្នាំ​២០១៤​ ។​

​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ រវាង​សមាគម​ថៅកែ​ GMAC​ (​តាំងពី​លោក​ វ៉ា​ន់​ ស៊ូ​អៀង​ ប្រធាន​ GMAC​ មិន​ទាន់​ទទួល​បាន​ងារ​ជា​ឧកញ៉ា​)​ និង​បណ្តា​សហជីព​តំណាង​ភាគី​កម្មករ​ និយោជិត​ បាន​ចែង​កំណត់​ដែរ​ថា​ "​គូភាគី​យល់ព្រម​ជួប​គ្នា​រៀង​រាល់​០៣​ខែ​ម្តង​ ដើម្បី​ពិនិត្យ​ឡើង​វិញ​ និង​ពង្រឹង​ការ​អនុវត្ត​ MoU​ នេះ​ ។​ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ផ្តល់​ព័ត៌មាន​ស្តី​ពី​ការ​អនុវត្ត​ MoU​ នេះ​ ។​ គូភាគី​ត្រូវ​ព្យាយាម​ដោយ​ភាព​ស្មោះត្រង់​ ដើម្បី​ដោះស្រាយ​នូវ​ភាព​ខ្វែងគំនិត​គ្នា​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​អាណត្តិ​របស់​ MoU​ នេះ​ ។​"​ ។​

​បច្ចុប្បន្ន​ រូបភាព​លេចធ្លោ​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​ គឺ​ការ​រើសអើង​ចំពោះ​សិទ្ធិ​សេរីភាព​សហជីព​ ដែល​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​ឈាន​ទៅ​មានការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ដោយ​រំលោភ​បំពាន​ច្បាប់​ស្តី​ពី​ការងារ​ ពី​សំណាក់​និយោជក​ ឬ​តំណាង​និយោជក​រោងចក្រ​ សហគ្រាស​មួយ​ចំនួន​ធំ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​ការងារ​នៅ​កម្ពុជា​ បាន​លើក​ឡើង​របៀប​ចំអក​ថា​ ចាប់តាំងពី​លោក​ វ៉ា​ន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​ GMAC​ ទទួល​បាន​ងារ​ជា​ "​ឧកញ៉ា​"​ រួច​មក​ លោក​ឧកញ៉ា​លែង​មាន​ពេលវេលា​នឹកនា​រឿង​ចុះ​ MoU​ បន្ត​ជាមួយ​បណ្តា​សហជីព​តំណាង​ភាគី​កម្មករ​ និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ទៀត​ឡើយ​ ហើយ​ទំនងជា​លោក​ឧកញ៉ា​ វ៉ា​ន់​ ស៊ូ​អៀង​ ឈ្វេងយល់​ឃើញ​ថា​ រូបភាព​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​សព្វថ្ងៃ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​ ទើប​សមាគម​ GMAC​ តំណាង​ឲ្យ​ភាគី​និយោជក​លែង​នឹកនា​ចុះ​ MoU​ ជាមួយ​បណ្តា​សហជីព​តំណាង​ភាគី​កម្មករ​ និយោជិត​នោះ​តែ​ម្តង​ (Sic!)​ ។​

​លោក​ វ៉ា​ន់​ ស៊ូ​អៀង​ ជា​អ្នកជំនួញ​ម្នាក់​ដ៏​មាន​ទ្រព្យធន​ ជា​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ជិះសេះ​កម្ពុជា​ (Cambodian​ Equestrian​ Federation)​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៣/១៤៥​ ចុះ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ៕​

សមាគម​ថៅកែ​ GMAC​ លែង​នឹកនា​ចុះ​ MoU​ ជាមួយ​សហជីព​តំណាង​កម្មករ​ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ សមាគម​ថៅកែ​ GMAC​ លែង​នឹកនា​ចុះ​ MoU​ ជាមួយ​សហជីព​តំណាង​កម្មករ​ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​

Related