ក្រសួង​សុខាភិបាល​ជំរុញ​ឲ្យ​គ្រូពេទ្យ​រៀន​ភាសា​បរទេស​និង​ចេះ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត

ក្រុម​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ប្រមាណ ២០០​នាក់​មក​ពី​ខេត្ត-ក្រុង​ចំនួន​១០ បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​នា​ខេត្ត​សៀមរាប ដើម្បី​ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​៥ ព្រម​ទាំង​មាន​ការ​ចែក​រំលែក​បទពិសោធន៍​នៃ​ជំនាញ​ព្យាបាល និង​ការ​ប្រើប្រាស់​ឱសថ​ថ្មីៗ​ទៅ​ឲ្យ​គ្នា​ផង។

ក្រុម​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ទាំង​នោះ មាន​មក​ពី​ទីក្រុង​ភ្នំពេញ ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​រតនគិរី។

មន្ត្រី​ក្រសួង​សុខាភិបាល ជំរុញ​ឲ្យ​គ្រូពេទ្យ​គ្រប់​រូប ត្រូវ​រៀន​ភាសា​អង់គ្លេស ឬ​ក៏​បារាំង ប្រយោជន៍​ឲ្យ​មាន​មូលដ្ឋាន​រឹងមាំ​លើ​ការ​ស្រាវជ្រាវ​រក​ឯកសារ​វេជ្ជសាស្ត្រ និង​ជំងឺ​ថ្មីៗ ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការ​ព្យាបាល​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ​ពិត​ប្រាកដ។

ការ​ជំរុញ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​ក្រុម​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ប្រមាណ ២០០​នាក់​មក​ពី​ខេត្ត-ក្រុង​ចំនួន​១០ បាន​ជួប​ជុំ​គ្នា​នៅ​ខេត្ត​សៀមរាប ក្នុង​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​៥ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែ​ឧសភា។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា គឺ​លោក​វេជ្ជបណ្ឌិត ធា គ្រុយ។ លោក​បាន​ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​គណៈអធិបតី​នៃ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​លើក​ទី​៥ នោះ ដោយ​ជំរុញ​ឲ្យ​គ្រូពេទ្យ​ទាំងអស់ គួរ​ចេះ​ភាសា​អង់គ្លេស ឬ​ក៏​បារាំង ព្រម​ទាំង​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្រាវជ្រាវ​ឯកសារ និង​បង្កើន​សមត្ថភាព​នៃ​វិជ្ជាជីវៈ​ពេទ្យ​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដដែល ក៏​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរពេទ្យ​ទាំងអស់​នៅ​ទូទាំង​ប្រទេស គួរ​តែ​រៀបចំ​បង្រៀន​គ្រូពេទ្យ​ទាំងឡាយ​ឲ្យ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធឺណិត ដើម្បី​ងាយ​ស្រួល​ស្រាវជ្រាវ​រក​ប្រភេទ​ឱសថ និង​បច្ចេកទេស​ព្យាបាល​ជំងឺ​ថ្មីៗ ដើម្បី​ឲ្យ​គ្រូពេទ្យ​ខ្មែរ​កាន់​តែ​មាន​សមត្ថភាព​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ​ខ្ពស់​មួយ​កម្រិត​ទៀត៖ «គុណភាព​នៃ​ការ​ថែទាំ​ព្យាបាល គឺ​ពិត​ជា​មាន​ច្រើន​ណាស់ ដែល​ធ្វើ​ឲ្យ​ការ​ព្យាបាល​ហ្នឹង​ល្អ​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព»

មន្ត្រី​ក្រសួង​សុខាភិបាល ព្រមាន​ថា ត​ទៅ​មុខ​ប្រសិន​បើ​គ្រូពេទ្យ​ណា​ដែល​មិន​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជិកា​នៃ​គណៈ​គ្រូពេទ្យ​កម្ពុជា ទេ គឺ​មិន​អនុញ្ញាត​ឲ្យ​បើក​កន្លែង ឬ​ក៏​ព្យាបាល​ជំងឺ​ទេ ពីព្រោះ​មុខ​ជំនាញ​មិន​មែន​ជា​អ្នក​ជំនួញ​ឡើយ គឺ​ជា​វិជ្ជាជីវៈ។

ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ មាន​ប្រសាសន៍​ថា ការ​ជួយ និង​ចែក​រំលែក​បទពិសោធន៍​ខាង​ការ​អភិវឌ្ឍ​ផ្នែក​វេជ្ជសាស្ត្រ​សុខាភិបាល ដើម្បី​យក​ទៅ​លើក​កម្ពស់ និង​បម្រើ​សេវា​សុខភាព​សាធារណៈ​នៅ​កម្ពុជា បច្ចុប្បន្ន គឺ​ជា​ការ​ចាំបាច់​បំផុត៖ «មិន​មែន​មាន​ន័យ​ថា គ្រូពេទ្យ​ខ្មែរ​យើង​អន់ គ្រូពេទ្យ​ខ្មែរ​អត់​ចេះ ជាង​គ្រូពេទ្យ​ដទៃ​ទៀត​ទេ ក៏ប៉ុន្តែ​យើង​នៅ​មាន​ការងារ​មួយ​ចំនួន​ដែល​មិន​ទាន់​រួម​គ្នា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង»

ការ​ប្រឹងប្រែង​អភិវឌ្ឍ​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ និង​សមត្ថភាព​របស់​គ្រូពេទ្យ​កម្ពុជា តាម​រូបភាព​ចែក​រំលែក​បទពិសោធន៍​នេះ បាន​ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន កំពុង​បាត់បង់​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​ការ​ព្យាបាល​របស់​គ្រូពេទ្យ​ខ្មែរ ជាមួយ​នឹង​អាកប្បកិរិយា​មិន​សមរម្យ​ខ្លះ ហើយ​នាំ​គ្នា​សម្រុក​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ជិត​ខាង​កាន់​តែ​ច្រើន​ឡើងៗ។

បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ក្នុង​មួយ​ខែៗ បាន​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។