កាកបាទក្រហម​ខេត្ត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​ប្រឡាយ​មាស​ស្រុក​កំពង់លែង

កាកបាទក្រហម​ខេត្ត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​ប្រឡាយ​មាស​ស្រុក​កំពង់លែង



កំពង់ឆ្នាំង ៖ លោក អ៊ុន សំអុល ប្រធាន​គណៈកម្មាការធិការ​សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៦ បាន​ដឹកនាំ​ក្រុមការងារ យក​អំណោយ​សង្គ្រោះ​របស់​សាខា​កាកបាទក្រហម​ខេត្ត ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ បន្ទាប់ពី​ផ្ទះ​ពួកគាត់​បាន​រងគ្រោះ​ដោយ​ភ្លៀង​ព្យុះ និង​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច ថ្ងៃ​ទី​០២ ខែ ឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រដោក​១៤​គ្រួសារ ភូមិ​កោះ​ឫស្សី​១​គ្រួសារ និង​ភូមិ​ប្រឡាយ​មាស​៤​គ្រួសារ ស្ថិត​នៅ​ក្នុង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង។

លោក ប្រាក់ សោ​ភ័ណ ប្រធាន​ប្រតិបត្តិ​សាខា​កាកបាទ​ក្រហម​ខេត្ត បាន​ឲ្យ​ដឹង​ថា អំណោយ​ដែល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ពេលនេះ រួមមាន ក្នុង​១​គ្រួសារ​ៗ ទទួល​បាន​អង្ករ​៣០​គីឡូ​ត្រីខ​១​ឡូ មី​១​កេះ ខី​ត​១​ក្នុង​នោះ​មាន​ខោអាវ មុង​ភួយ​និង​សារុង ដោយឡែក​៤​គ្រួសារ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ផ្ទះ​លំបាក​រាប​ដល់​ដី ទទួល​បាន​បន្ថែម​នូវ​តង់​១ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល។

លោក​មេឃុំ​ប្រឡាយ​មាស​បាន​ឲ្យ​ដឹង​ថា ភ្លៀង​និង ខ្យល់ព្យុះ​កន្ត្រាក់ បាន​កើត​ហេតុ នៅ​ម៉ោង​
​ប្រមាណ​ជាង​៥​ល្ងាច ដោយ​បាន​បោកបក់​មក​លើ​ភូមិ​ចំនួន​៣ គឺ​ភូមិ​ត្រដោក ភូមិ​កោះ​ឫស្សី និង​ភូមិ​ប្រ​ឡាយ​មាស ក្នុង​រយៈពេល​ប្រហែល​ជាង​កន្លះ​ម៉ោង ទើប​ស្ងប់ខ្យល់​ទៅវិញ ដោយ​ធ្វើ​ឲ្យ​រង​ការខូចខាត​ផ្ទះ​ចំនួន​១៩​ខ្នង គឺ​រលំ​បាក់​រៀប​ដល់​ដី​ចំនួន​៤​ខ្នង និង​១៥​ខ្នង​ទៀត​របើក​ដំបូល និង​ជញ្ជាំង​។ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ​គឺ នៅ​ភូមិ​ត្រដោក បាន​រលំ​បាក់​រៀប​ដល់​ដី ៣​ខ្នង និង​របើក​ដំបូល ជញ្ជាំង ១១​ខ្នង ភូមិ​កោះ​ឫស្សី​របើក​ដំបូល ជញ្ជាំង​១​ខ្នង ចំណែក​ភូមិ​ប្រឡាយ​មាស វិញ​បាន​រលំ​បាក់​រៀប​ដល់​ដី​១​ខ្នង និង​របើក​ដំបូល​និង​ជញ្ជាំង​៣​ខ្នង ប៉ុន្តែ​នៅ​ក្នុង​ហេតុការណ៍​នេះ​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​ពុំ​មាន​អ្នកណា​រងគ្រោះថ្នាក់​នោះទេ។

លោក អ៊ុន សំអុល ប្រធាន​គណៈកម្មាការ​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ជា​ជនរងគ្រោះ​ថា ដោយមាន​ការ​គិតគូរ​យកចិត្តទុកដាក់​ពី សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាក​បាន​ទ​ក្រហម​កម្ពុជា​ដែល​ជា​និច្ច​ជា​កាល​តែង​ចែក​អំណោយ​ជូន​ប្រជា​ពល រដ្ឋ​រងគ្រោះ​គ្រប់ពេលវេលា គ្រប់​មូលដ្ឋាន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ។

នៅ​ក្នុង​ឱកាស​នេះ​លោក អ៊ុន សំអុល ក៏បាន​ផ្តាំផ្ញើ​ផង​ដែរ ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្រប់​មូលដ្ឋាន សូម​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ គ្រោះថ្នាក់​ធម្មជាតិ មាន​ភ្លៀង​ខ្យល់ព្យុះ និង​រន្ទះបាញ់​ជាដើម ព្រោះ​ក្នុង​រដូវភ្លៀង​នេះ​តែ​តែង​កើតជា​ញឹកញាប់​មក​លើ​មូលដ្ឋាន ដោយ​យើង​មិន​អាន​ដឹង​មុន​បាន​ឡើយ ជាពិសេស​ត្រូវតែ​ការពារ​ឲ្យ​បាន​នូវ​អាយុជីវិត​កូនចៅ គឺ​ស្រួល​មិន​ស្រួល ត្រូវ​ចុះ​ចេញ​ពី​ផ្ទះ កុំ​ឲ្យ​ផ្ទះ​រលំ​សង្កត់​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​។ ដោយឡែក​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​ជួយសង្គ្រោះ​ជាបន្ទាន់​រាល់​ហេតុការណ៍​ដែល​បាន​កើត​ឡើង មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​មិនបាន​សង្គ្រោះ​ឲ្យ​អស់​លទ្ធភាព​នោះ​ឡើយ ហើយក៏​ត្រូវតែ​រាយការណ៍​ជាបន្ទាន់​ភ្លាម​ផង​ដែរ​តាម​ខ្សែ​បណ្តោយ​របស់​ខ្លួន​ឲ្យ​បាន​ទាន់​ពេល​វេលា​ផង​ដែរ​៕

កាកបាទក្រហម​ខេត្ត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​ប្រឡាយ​មាស​ស្រុក​កំពង់លែង កាកបាទក្រហម​ខេត្ត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​ប្រឡាយ​មាស​ស្រុក​កំពង់លែង