លោក ឱម យ៉ិនទៀង ៖ «​លោក ធន សារាយ ដេកលក់​ឲ្យ​ស្រួល​ទៅ​»

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​អត្ថាធិប្បាយ​ថា បញ្ហា​មន្ត្រី​សមាគម​អាដហុក​ចំនួន​៤​រូប ដែល​កំពុង​ជាប់​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពីបទ​សូកប៉ាន​សាក្សី​នោះ ហាក់​មិនទាន់មាន​អ្វីដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក ធន សារាយ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក​នោះទេ​។​

​តែ​ជុំវិញ​ការឃុំខ្លួន​មន្ត្រី​អាដហុក​នេះ លោក ឱម យ៉ិនទៀង អះអាងថា បើសិន​លោក ធន សា​រ៉ា​យ នូវ​បន្ត​ថ្លែង​ការពារ​មន្ត្រី​ជាប់ឃុំ​ទាំងនេះ​ទៀត នោះ​លោក​នឹង​ប្រមូល​ភស្តុតាង​ស៊ើបអង្កេត​លើ​លោក ធន សារាយ បន្ថែមទៀត​។ លោក ឱម យ៉ិនទៀង ព្រលយ​ពាក្យ​ថា «​លោក ធន សា​រ៉ា​យ ដេកលក់​ឲ្យ​ស្រួល​ទៅ​» ហើយ​គួរតែ​កុំ​ងើប​បំរាស់​ការពារ​មន្ត្រី​ខ្លួន​ទាំងនេះ​។

​ឆ្លើយតប​នឹង​សំណួរ​របស់​ស្ថានីយ​ទូរ​ទស្ស PNN ប្រធាន​ប្រឆាំង​អំពើពុករលួយ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​គាត់​(​ធន សារាយ​) ជា​មេ គាត់​ឲ្យ​គោលការណ៍ យើង​ក៏​ពិចារណា​ដែរ តើ​ការ​ឲ្យ​គោលការណ៍​អស់នេះ ក្នុងន័យ​វិជ្ជាជីវៈ​គាត់ ឬ​គាត់​ជាមួយ​ចង្កោម​អង្គការ​ទាំងមូល ដែល​ប្រព្រឹត្តិ​កំហុស​ដែរ ដូចនេះ​យើង​ក៏បាន​ពិចារណា​។ បើ​គាត់​ថ្លែង​ការពារ​ផលប្រយោជន៍​របស់​អាដ​ហុក ដោយសារ​មនុស្ស​ខុស​៤ ឬ​៥​នាក់​នេះ នេះ​កាន់តែ​បង្ហាញ​យើង​នឹង​ប្រមូល​ភស្តុតាង​ជំហានៗ​ទៅទៀត ថា​គាត់​មាន​ជាប់​ទៀត​ឬក៏​អត់​[…]​។ យើងខ្ញុំ​គិតថា រឿង​លោក ធន សារាយ ដូចជា​គាត់​គួរតែ​ស្រឡះ​ក្នុង​ចិត្ត​ហើយ កុំ​រើ​បំរាស់​អ្វី​នាំ​តែ​ខុស​មក​ក្រោយ​ទៀត​ទេ ពីព្រោះ​ការ​ថ្លែង​នៅ​សារ​ធារ​ណៈ​វា​មាន​ភស្តុតាង លើ​បញ្ហា​នេះ ហើយ​យើងខ្ញុំ​ពេលខ្លះ​បិទ​ត្រចៀក​ដែរ​លើ​បញ្ហា​ហ្នឹង​។ លោក ធន​សារាយ ដេកលក់​ឲ្យ​ស្រួល​ទៅ យើងខ្ញុំ​គ្មាន​ចេតនា​អ្វី​ទេ​»​។​

​មន្ត្រី​អាដហុក​៤​រូប​ទៀត គឺ​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី និង​អគ្គលេខាធិការរង គ​.​ជ​.​ប លោក​នី ចរិយា ត្រូវបាន​តុលាការ​ចោទ​កាន់​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​ដូចគ្នា​។ មន្ត្រី​អាដហុក​ត្រូវបាន​ចោទ​ពីបទ​«​សូកប៉ាន់​សាក្សី​» ហើយ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស និង​លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​«​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ហើយ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ភ្នំពេញ (PJ) ៕