​បក្ស​ប្រជាធិបតេយ្យ​សប្បាយចិត្ត ពេល ដូ​ណា​ល់ ត្រាំ ឈានទៅ​ឈ្នះ​ការតែងតាំង​ពី​បក្ស

​គូប្រជែង​លោក ដូ​ណា​ល់ ត្រាំ សមាជិក​ព្រឹទ្ធសភា​រដ្ឋ​តិច​សា​សលោក ថេត គ្រុស សម្រេច​ចាក​ចេញពី​សង្វៀន​នយោបាយ​ថ្ងៃ ទី​៣ ឧសភា​នេះ ក្រោយពេល​លោក​ចាញ់ឆ្នោត​នៅ​រដ្ឋ Indiana​។ ការដកខ្លួន​នេះ​នឹង បើកផ្លូវ​ឲ្យ​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ ក្នុងការ​ឆ្ពោះទៅ​ទទួលបាន​ការតែងតាំង​ពី​បក្ស​ក្នុង​ខែកក្កដា​ខាងមុខនេះ​ផង​។  តែ​ក្នុង​បក្ស​ប្រជាធិបតេយ្យ ថ្វី បើ​លោក ប៊ែ​នី សេន​ដឺ ឈ្នះ​នៅ Indiana ហើយ​ការប្រកួត​ក្នុង​បក្ស​នៅ​ស្វិតស្វាញ​ក៏ដោយ គេ​នៅតែ​មើលឃើញថា លោកស្រី អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​យកជ័យ​ជម្នះ​មុន​សមាជ​បក្ស​មកដល់​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ការប្រកួតប្រជែង​ក្នុង​បក្ស​សាធារណរដ្ឋ ដល់ទី​បញ្ចប់​ទៅហើយ នៅពេលដែល​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​តិច​សា​សលោក ថេត គ្រុស ប្រកាសប្រាប់​អ្នកគាំទ្រ​លោក​ទាំង​ទឹកមុខ​ក្រៀមក្រំ​ពី​គម្រោង​ដកខ្លួន​ចេញពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​។  លោក​ប្រាប់​អ្នកគាំទ្រ​លោក​បែបនេះ​ក្រោយ​លទ្ធផល​បោះឆ្នោត​នៅ​រដ្ឋ Indiana  បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បានទទួល​ជ័យជម្នះ​ជាថ្មីទៀត​។
​ថ្វីបើ​លោក ថេត គ្រុស ដែលជា​អ្នក​ស្ថិតក្នុង​លេខ​រៀង​ទី ២ ដកខ្លួន​ក៏ដោយ អភិបាលរដ្ឋ Ohio លោក ច​ន កា​សិ​ក (John Kasich )​ដែល​បានទទួល​សំឡេងគាំទ្រ​តិចជាងគេ​រាល់​ការបោះឆ្នោត​សាកល្បង​កន្លងមក​នោះ​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​បន្ត​ការឃោសនា​ទៅមុខទៀត​។ តាមពិតទៅ​អ្នក​គួរ​ចាកចេញ​គួរតែ​អភិបាលរដ្ឋ Ohio នេះ​ទេ​ព្រោះ​កាលណា​លោក​នៅ​បន្ត​មានតែ​ជួយ​បំបែក​សំឡេង​ប៉ុណ្ណោះ​។ កន្លងមក​លោក ធ្លាប់​ចងសម្ព័ន្ធភាព​ជាមួយ​លោក ថេត គ្រុស ដើម្បី​រារាំង​លោក ដូ​ណា​ល់ ត្រាំ ដែរ ប៉ុន្តែ​ចុងក្រោយ​លោក ច​ន កា​សិ​ក នេះ​ក្បត់​សន្យា​។

១. ថេត គ្រុស ដកខ្លួន ព្រោះ​ដឹងថា​គ្មាន​លទ្ធភាព​ឈ្នះ​
​លទ្ធផល​បោះឆ្នោត​នៅ​រដ្ឋ Indiana បានបង្ហាញ​ពី​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ប្រៀបដូចជា​វាយ​សំពោង​លោក ថេត គ្រុស មួយ​ព្រនង់​ដូច្នេះ​ដែរ​។ លោក​រំពឹងទុក​ជាមុន​ថា លោក​ផ្តួល​សេដ្ឋី ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​សាកល្បង​នេះ ព្រោះ​មានតែ​ជ័យជម្នះ​នៅ Indiana ទេទើ​បលោក​មានទឹក​មាន​លេប​និង​បន្ត​ប្រកួត​ទៀត​បាន​។ បើ​ឈ្នះ​នៅ Indiana មែន លោក ថេត គ្រុស សំឡឹង​ឃើញ​ជ័យជម្នះ​បន្ត​នៅ​រដ្ឋ Cleveland​។ តែ​គួរ​ឲ្យ​សោកស្តាយ លទ្ធផល​ខុស​ឆ្ងាយ​ពី​ការរំពឹងទុក​។

​បរាជ័យ​នៅ​រដ្ឋ Indiana ជា​ទឡ្ហីករណ៍​មួយ​បង្ហាញ​ក្រុម​អ្នកគាំទ្រ​និង​លោក ថេត គ្រុស ផ្ទាល់​នោះ​ថា គ្មាន​ផ្លូវ​ណា​ដែល​លោក​អាច​ដើរ​ទាន់​លោក ដូ​ណា​ល់ ត្រាំ​ទេ​។ បន្តធ្វើ​អ្វី បើ​បន្តទៅ​គ្មាន​ន័យ​ដដែល​។ ដូច្នេះ ការដកខ្លួន​នោះ​ជា​ជម្រើស​មួយ​ដ៏​ត្រឹមត្រូវ​។

​ជ័យជម្នះ​នៅ​រដ្ឋ Indiana  ជួយ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ បានទទួល​ចំនួន​អ្នកតំណាង​សរុប​រហូតដល់ ១០៤៧ ដែល​មានន័យថា លោក​នៅ​ខ្វះ​អ្នកតំណាង​ត្រឹមតែ​ជាង ១០០ នាក់​ទៀត​ប៉ុណ្ណោះ​ដើម្បី​ឈានទៅ​ទទួល​ការតែងតាំង​ពី​បក្ស​។ នេះ​ក៏ដោយ​សារ ដើម្បី​ឈ្នះ​ការតែងតាំង ក្នុង​បក្ស​សាធារណរដ្ឋ បេក្ខជន​ម្នាក់​ត្រូវ​រក​តំណាង​ឲ្យ​បាន ១២៣៧​នាក់ ។

 ២.​ដូ​ណា​ល់ ត្រាំ សប្បាយចិត្ត តែ​បក្ស​ប្រជាធិបតេយ្យ​រឹតតែ​សប្បាយចិត្ត​ជាង​លោក​ទៅទៀត​
​នៅពេលដែល អវត្តមាន​របស់លោក ថេត គ្រុស លោក ដូ​ណា​ល់ ត្រាំ រីករាយ​ខ្លាំង ព្រោះ​លោក​នេះហើយ​ជា​អ្នកតំណាង​បក្ស​សាធារណរដ្ឋ​ដែល​នឹងត្រូវ​ចូល​ប្រកួត​យក​តំណែង​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ខាងមុខ​។ មហាសេដ្ឋី​រូបនេះ រំពឹង​មុតមាំ​ថា​លោក​នឹង​នាំ​ជ័យជម្នះ​មក​ឲ្យ​បក្ស​សាធារណរដ្ឋ ដែល​ចាញ់ឆ្នោត​ពីរ​អាណត្តិ​មកហើយ​នោះ​។

​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ភ្លាមៗ​ក្រោយ​ទទួល​ជ័យជម្នះ​នៅ Indiana ថា​លោក នឹង​ឈ្នះ​នៅក្នុង​ខែវិច្ឆិកា​ហើយ​លោក​ប្តេជ្ញា នាំមក​នូវ​ការឯកភាព​គ្នា​ក្នុង​បក្ស​សាធារណរដ្ឋ​ផងដែរ​។​

​តែ​វា​ជា​រឿង​ស្រមៃ​កណ្តាល​ថ្ងៃ​ទេ​ដឹង​។ បេក្ខជន​នាំមុខ​បក្ស​សាធារណរដ្ឋ​រូបនេះ​សប្បាយចិត្ត​និង​មាន​មោទនភាព​ចំពោះ​ជ័យជម្នះ​កន្លងមក ហើយ​លោក​គិតថា តំណែង​ប្រធានាធិបតី​នឹង​ក្លាយជា​របស់លោក​ផង​។ ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ មិន​សក្តិ​សមជា​ដៃគូរ​របស់​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ទោះជា​លោក ប៊ែ​នី សេន​ដឺ ឬ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឡើយ​។​

​វា​ជា​រឿង​ពិត​មិនអាច​ប្រកែក​បានឡើយ​ដែលថា លោក ដូ​ណា​ល់ ត្រាំ ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​សាកល្បង​ក្នុង​បក្ស ហើយ​វា​មិនមែន​មានន័យថា​លោក​នឹង​ឈ្នះ​ការបោះឆ្នោត​ថ្នាក់ជាតិ​ដែរ​។ យោងតាម​សារព័ត៌មាន Huffington Post របាយការណ៍​ស្ទង់​មតិ​ជារួម​បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ ទទួល​ការគាំទ្រ​តិចជាង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បើ​និយាយ​ដល់​ការបោះឆ្នោត​ថ្នាក់ជាតិ​។ ដូច្នេះហើយ​ទើប​បក្ស​ប្រជាធិបតេយ្យ​រីករាយ​ជាង​លោក ដូ​ណា​ល់​ត្រាំ ដែល​នឹង​ក្លាយជា​អ្នកឈ្នះ​ការតែងតាំង​ពី​បក្ស​ផ្ទាល់​ទៅទៀត​។​

​ត្រលប់មក​មើល​ក្នុង​បក្ស​ប្រជាធិបតេយ្យ​វិញ​ម្តង​។  សមាជិក​ព្រឹទ្ធសភា រដ្ឋ Vermont លោក ប៊ែ​នី សេន​ដឺ បាន​ផ្តួល​គូប្រជែង​របស់លោក គឺ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុង​រដ្ឋ Indiana ដោយ​លោក​ដណ្តើមបាន​សំឡេងគាំទ្រ ៥៣​ភាគរយ ហើយ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល ៤៧ ភាគរយ​។ ប៉ុន្តែ​គេ​វាយតម្លៃ​ជាមុន​រួចហើយ​ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ឈ្នះ ព្រោះ​លោកស្រី​រកបាន​តំណាង​ច្រើន​រហូតដល់ ២២០២​នាក់​ទៅហើយ​។ ចំណែក​លោក សេន​ដឺ ទើបបាន ១៤០០​នាក់​នៅឡើយ​។  ក្នុង​បក្ស​ប្រជាធិបតេយ្យ បេក្ខជន​ម្នាក់​ត្រូវ​រក​អ្នកតំណាង​ឲ្យ​បាន​សរុប​២៣៨៣​នាក់ ដើម្បី​ឈានទៅ​ទទួលបាន​ការតែងតាំង​ពី​បក្ស​៕