ក្រសួង​ការ​បរទេស​កំពុង​សម្រប​សម្រួល​នាំ​យក​ពលករ​ខ្មែរ​៥៤​នាក់​ពី​ឥណ្ឌូនេស៊ី

ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី កំពុង​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ដើម្បី​នាំ​យក​ពលករ​ខ្មែរ​ចំនួន ៥៤​នាក់​មក​កាន់​ប្រទេស​កម្ពុជា វិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៤ ឧសភា ឲ្យ​ដឹង​ថា ពលករ​ទាំង ៥៤​នាក់​នោះ ត្រូវ​បាន​គេ​បោក​ឲ្យ​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ ចំនួន​បី​ផ្សេង​គ្នា ដោយ​សន្យា​ថា​នឹង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ច្រើន ហើយ​ទទួល​បាន​ប្រាក់​បន្ថែម​ក្នុង​ករណី​ទូក​ចាប់​បាន​ត្រី​ច្រើន។ ផ្ទុយ​ទៅ​វិញ នៅ​លើ​ទូក​ពួក​គេ​ធ្វើ​ការ​ស្ទើរ​គ្មាន​ពេល​សម្រាក និង​ក្នុង​ស្ថានភាព​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី ជួយ​សង្គ្រោះ​ចេញ​ពី​ទូក​នេសាទ​ថៃ ដែល​បាន​ចូល​ទៅ​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​ទឹក​ឥណ្ឌូនេស៊ី ហើយ​ត្រូវ​បាន​ឥណ្ឌូនេស៊ី ឃាត់​ទុក​កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។